លោក Mourinho អាចនឹងនាំយក Ibrahimovic ទៅ Man United

លោក Jose Mourinho បានកំណត់យកការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធដ៏កំពូលម្នាក់ជាអាទិភាព នៅពេលដែលលោកក្លាយជាអ្នកចាត់ការទូទៅរបស់ក្លិប Manchester United ខណៈដែលគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះកំពុងតែពិចារណាទៅលើការផ្ទេរយកខ្សែប្រយុទ្ធគ្មានតម្លៃខ្លួន Zlatan Ibrahimovic ដែលគោលដៅបន្ទាប់របស់គេគឺកីឡដ្ឋាន Old Trafford។

ការសម្រេចចិត្តរបស់លោក Mourinho ក្នុងការដាក់គោលដៅទៅលើខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់នៅរដូវក្តៅនេះ បង្ហាញថា ខ្សែប្រយុទ្ធ Wayne Rooney នឹងមិនធ្វើការបង្ហាញខ្លួនជាទៀងទាត់ក្នុងតំបន់ប្រយុទ្ធឡើយ។ ប្រធានក្រុមរូបនេះបានដឹងថា ខ្សែប្រយុទ្ធ Marcus Rashford និង Anthony Martial បច្ចុប្បន្ន គឺជាដៃគូដ៏ស័ក្តិសមជាងចំពោះតួនាទីខ្សែប្រយុទ្ធកណ្តាល។ ប្រសិនបើលោក Mourinho សម្រេចចិត្តចុះហត្ថលេខាជាមួយនឹងលោក Ibrahimovic ឬខ្សែប្រយុទ្ធកំពូលផ្សេងទៀត វាមានន័យថា Rashford នឹងត្រូវលេងបន្ទាប់ពីខ្សែប្រយុទ្ធកណ្តាល ហើយ Martial នឹងបន្តប្រតិបត្តិក្នុងតួនាទីនៅតំបន់ស្លាបឆ្វេង។

Rooney នឹងត្រូវធ្លាក់ទៅលេងក្នុងតំបន់បម្រើ ដែលជាកន្លែងរូបគេបានលេងក្នុងប៉ុន្មានប្រកួតចុងក្រោយនៃរដូវកាលនេះ និងក៏ជាជម្រើសមួយសម្រាប់រូបគេផងដែរ។ លោក Mourinho ធ្លាប់មានទំនាក់ទំនងល្អមួយជាមួយនឹង Ibrahimovic នៅពេលដែលគ្រូបង្វឹកវ័យ៥៣ឆ្នាំរូបនេះដឹកនាំក្លិប Internazionale នៅចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០១០៕

ប្រភពព័ត៌មាន៖ The Guardian