Giggs គួរចាកចេញពី Man U ប្រសិនបើលោក Mourinho មកកាន់?

Ryan Giggs ត្រូវបានផ្តល់តួនាទីជាបុគ្គលិកបង្ហាត់របស់លោក Jose Mourinho នៅពេលដែលគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់នេះ ក្លាយជាអ្នកដឹកនាំថ្មីរបស់បិសាចក្រហម Manchester United។ ទោះជាយ៉ាងនេះក្តី Giggs អាចសម្រេចចិត្តបញ្ចប់ទំនាក់ទំនង ២៥ឆ្នាំជាមួយក្លិប ដោយបដិសេធនូវតំណែងនេះ និងចាកចេញពីកីឡដ្ឋាន Old Trafford។
Giggs
លោក Mourinho ត្រូវបានរំពឹងថា នឹងត្រូវតែងតាំងក្នុងរយៈពេល ៤៨ម៉ោងទៀត នៅពេលលោក Ed Woodward អនុប្រធានប្រតិបត្តិក្លិប គ្រោងនឹងជួបពិភាក្សាជាមួយភ្នាក់ងាររបស់លោក គឺលោក Jorge Mendes ដើម្បីបញ្ចប់ការចរចាលើកុងត្រា ៣ឆ្នាំ។

បច្ចុប្បន្ន Ryan Giggs នឹងត្រូវសម្រេចចិត្ត ថាតើ រូបគេចង់នៅបន្តជាមួយ United ឬវាដល់ពេល ដែលត្រូវចាកចេញហើយ?

ខណៈពេលរូបគេបានត្រឹមជាជំនួយការ លោក Louis van Gaal ដែលទើបត្រូវបានបណ្តេញចេញកាលពីយប់ថ្ងៃចន្ទ Giggs ត្រូវបានគេចុចឈ្មោះ ជាអ្នកបន្តជំនួស គ្រូបង្វឹកសញ្ជាតិហូឡង់នេះ ប៉ុន្តែ ក្លិបបានមើលរំលង ឃើញលោក Mourinho វិញ ដែលអាចថា Giggs មានអារម្មណ៍មិនសប្បាយ និងចង់ចាកចេញពីក្លិបនេះ ដែលជាក្លិបដែលរូបគេធ្លាប់លេងជាកីឡាករតាំងពីឆ្នាំ ១៩៩១ មកម្ល៉េះ។

Mourinho ទំនងជា ចង់បានជំនួយការរបស់លោកពីក្លិប Chelsea ជាមួយគ្នា គឺលោក Rui Faria មកកាន់ Man U ផងដែរ ដែលអាចមានមន្ទិលសង្ស័យចំពោះតួនាទី ដែលបានផ្តល់ឲ្យទៅ Giggs ដែរ៕