តំណាង​មូលនិធិ​នឹង​ប្រមូល​ព័ត៌មាន​ទាក់ទង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ជូន​លោក ខូហ្វី អាណាន់

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ឱ្យ​ដឹង​ថា តំណាង​មូលនិធិ ខូហ្វី អាណាន់ (Kofi Annan) គឺ​លោក អាឡាំង ដូស (Alan Doss) នឹង​យក​ព័ត៌មាន​ដែល​ប្រមូល​បាន​ពី​អង្គការ​សង្គម​ស៊ីវិល​ដាក់​ជូន​លោក ខូហ្វី អាណាន់ ពិចារណា​ទាក់ទង​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ថ្លែង​ឱ្យ​ដឹង​អំពី​បញ្ហា​នេះ បន្ទាប់​ពី​កិច្ច​ប្រជុំ​មួយ​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​ឧសភា រវាង​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ខាង​កិច្ចការ​បោះឆ្នោត​នៅ​កម្ពុជា និង​លោក អាឡាំង ដូស៖ «មក​នេះ​ដូច​ជា​ប្រមូល​ព័ត៌មាន​ទេ។ ប្រមូល​ព័ត៌មាន​បាន​ពាក់ព័ន្ធ​អ្វី​ជា​សេចក្ដី​ត្រូវការ​ចាំបាច់​របស់​សង្គម​ស៊ីវិល​នៅ​ស្រុក​ខ្មែរ​នេះ ហើយ​គាត់​ទៅ​ដាក់​របាយការណ៍​មួយ​ជូន​ទៅ​លោក ខូហ្វី អាណាន់ វិញ ដើម្បី​ឱ្យ​លោក ខូហ្វី អាណាន់ ហ្នឹង​ពិចារណា​ថា តើ​អាច​ជួយ​អ្វី​ខ្លះ​ដល់​សង្គម​ស៊ីវិល​បាន។ អ៊ីចឹង​នេះ គឺ​គាត់​គ្រាន់​តែ​ចង់​ស្វែង​យល់​ពី​ស្ថានភាព​ពាក់ព័ន្ធ​នឹង​សន្តិសុខ ប្រជាធិបតេយ្យ ហើយ​និង​ការ​បោះឆ្នោត ហើយ​ក៏​បាន​ជម្រាប​ជូន​គាត់ ពាក់ព័ន្ធ​បញ្ហា​ការ​បោះឆ្នោត យើង​ត្រៀម​លក្ខណៈ​យ៉ាង​ម៉េច​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ ហើយ​និង​ស្ថានភាព​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ផង​ដែរ»

តំណាង​មូលនិធិ ខូហ្វី អាណាន់ លោក អាឡាំង ដូស ចាត់​ទុក​ជំនួប​ស្វែង​យល់​របស់​លោក​ជាមួយ​តំណាង​សង្គម​ស៊ីវិល អ្នក​នយោបាយ និង​មន្ត្រី គ.ជ.ប ថា មាន​ប្រយោជន៍ និង​ជួយ​ឱ្យ​លោក​យល់​បាន​ច្រើន។ លោក​រំពឹង​ថា ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ នឹង​មាន​ភាព​សេរី និង​យុត្តិធម៌។ នៅ​ក្នុង​ជំនួប​ជា​មួយ​មន្ត្រី​សង្គម​ស៊ីវិល មាន​តំណាង​អង្គការ ខុមហ្វ្រែល (COMFREL) លោក គឹម ឈន អង្គការ និចហ្វិក (NICFEC) លោក សំ គន្ធាមី និង​តំណាង​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង។

លោក យង់ គិមអេង ថ្លែង​ថា ពួក​លោក​បាន​លើក​អំពី​ស្ថានការណ៍​នយោបាយ ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​បច្ចុប្បន្ន។ លោក​ថា បើ​ស្ថានការណ៍​នេះ​មិន​បាន​ធូរស្រាល​វិញ​ទេ វា​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យ​ខ្លាច ប៉ះពាល់​ដល់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​សូវ​ចាប់​អារម្មណ៍​ការ​បោះឆ្នោត។
តាម​គម្រោង នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ឧសភា តំណាង​មូលនិធិ ខូហ្វី អាណាន់ លោក អាឡាំង ដូស នឹង​ជួប​មន្ត្រី​រដ្ឋាភិបាល​នៅ​ក្រសួង​មហាផ្ទៃ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប និង​ជួប​លា​មន្ត្រី គ.ជ.ប មុន​ពេល​បញ្ចប់​ទស្សនកិច្ច​ផ្លូវការ​របស់​លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។