SCG ត្រៀម​ជាង ១៤០​លាន​ដុល្លារ ពង្រីក​ការ​វិនិយោគ​ក្នុង​តំបន់​អាស៊ាន

ក្រុមហ៊ុន អេស ស៊ី ជី (SCG) ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ក្នុង​តំបន់​អាស៊ាន ថា​នឹង​បន្ត​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ាន ដោយ​ផ្តោត​លើ​ផលិតផល​មាន​គុណ​តម្លៃ​បន្ថែម​ខ្ពស់ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មី ដែល​បំពេញ​តាម​តម្រូវ​ការ​ទីផ្សារ។ នេះ​បើ​យោង​តាម​លោក Roongrote Ransiyopash ប្រធាន និង​អគ្គនាយក​ក្រុមហ៊ុន អេស ស៊ី ជី។

 

ក្រោយ​ឡើង​កាន់​តំណែង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​ឧស្សាហកម្ម និង​ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់ត៍​ដ៏​ធំ​មួយ​នេះ​កាល​ពី​ដើម​ឆ្នាំ​មក លោក Roongrote Ransiyopash បាន​ថ្លែង​ដូច្នេះ​ថា ក្រុមហ៊ុន​កំពុង​កំណត់​ទិសដៅ​កំណើន​ជា​មធ្យម ៥% សម្រាប់​ឆ្នាំ​នេះ។

 

SCG ត្រៀម​ជាង ១៤០​លាន​ដុល្លារ ពង្រីក​ការ​វិនិយោគ​ក្នុង​តំបន់​អាស៊ាន

 

លោក Roongrote Ransiyopash បាន​និយាយ​ថា “​ទីផ្សារ​អាស៊ាន​កំពុង​កើន​ឡើង​ប្រមាណ ៥% ជា​រៀង​រាល់​ឆ្នាំ។ យើង​ចង់​សម្រេច​បាន​កំណើន​ក្នុង​កម្រិត​ដូចគ្នា​នេះ ឬ​បើ​ខ្ពស់​ជាង​នេះ​រឹត​តែ​ប្រសើរ។ អាស៊ាន​នៅ​តែ​ជា​ទីផ្សារ​យុទ្ធសាស្ត្រ​មួយ ដែល​មាន​សមត្ថភាព​ចំណាយ​ខ្ពស់ និង​ប្រជាជន​ជាង ៦០០​លាន​នាក់។ យើង​មើល​ឃើញ​ថា តំបន់​នេះ​ជា​ទីតាំង​យុទ្ធសាស្ត្រ​មួយ សម្រាប់​ការ​ពង្រីក​អាជីវកម្ម ក៏​ដូចជា​ពង្រីក​វត្តមាន​របស់​យើង​ក្នុង​ប្រទេស​អាស៊ាន​នីមួយៗ”។

 

លោក​បាន​បន្ថែម​ថា “យើង​ក៏​ចាប់​អារម្មណ៍​ចំពោះ​ទីផ្សារ​នៅ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ផង​ដែរ ដែល​មាន​ប្រជាជន​ប្រមាណ ៦០​ទៅ​៨០​លាន​នាក់ និង​សក្តានុពល​ខ្ពស់​ក្នុង​ការ​រីក​លូតលាស់។ អេស ស៊ី ជី ក៏​កំពុង​សម្លឹង​មើល​ទីផ្សារ​នៅ​បណ្តា​ទីក្រុង​ភាគ​ខាងត្បូង​ប្រទេស​ចិន ដែល​គេ​រំពឹង​ថា អាច​នឹង​មាន​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស បើ​មាន​សេវា​ភស្តុភារ​ ដើម្បី​ជួយ​ជំរុញ​ប្រតិបត្តិការ​អាជីវកម្ម។ អេស ស៊ី ជី នឹង​ចំណាយ​ពេល​ពីរ-បី​ឆ្នាំ ដើម្បី​សិក្សា​ទីផ្សារ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន មុន​នឹង​សម្រេច​ចិត្ត​ទៅ​លើ​ប្រភេទ​អាជីវកម្ម​ដែល​គួរ​វិនិយោគ”។

 

ក្នុង​តំបន់​អាស៊ាន ក្រុមហ៊ុន​នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់ និង​ពិចារណា​ថា​តើ ប្រទេស និង​វិស័យ​ណា​មួយ​ដែល​គួរ​ពង្រីក​ការ​វិនិយោគ​បន្ថែម​ទៀត។

 

យោង​តាម​លោក Roongrote Ransiyopash ដដែល ថា ឆ្នាំ​នេះ អេស ស៊ី ជី គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់ ៥​ពាន់​លាន​បាត ឬ​ប្រមាណ​ជាង ១៤០​លាន​ដុល្លារ​នៃ​ខ្ទង់​ថវិកា​វិនិយោគ​របស់​ខ្លួន ដើម្បី​ពង្រីក​អាជីវកម្ម​នានា​របស់​ក្រុមហ៊ុន​នៅ​ក្នុង​តំបន់​អាស៊ាន រួម​ទាំង​ប្រទេស​ថៃ។

 

លោក Roongrote Ransiyopash បាន​និយាយ​ទៀត​ថា ដើម្បី​បង្កើត​ផលិតផល​ដែល​មាន​គុណ​តម្លៃ​បន្ថែម​ខ្ពស់​ថ្មីៗ ក្រុមហ៊ុន​ក៏​វិនិយោគ​កាន់​តែ​ច្រើន​ក្នុង​កិច្ចការ​ស្រាវជ្រាវ និង​អភិវឌ្ឍ (R&D) ពោល​គឺ មិន​បង្កើន​តែ​ខ្ទង់​ថវិកា​វិនិយោគ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្កើន​ទាំង​ធនធាន​មនុស្ស​ទៀត​ផង។ ឆ្នាំ​នេះ អេស ស៊ី ជី បាន​ត្រៀម​បម្រុង​ទុក​ប្រមាណ ១% នៃ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​សរុប​របស់​ខ្លួន​ ឬ​ស្មើ​នឹង​ទឹក​ប្រាក់​ប្រមាណ ៤​ពាន់​លាន​បាត សម្រាប់​កិច្ចការ​ស្រាវជ្រាវ និង​អភិវឌ្ឍ។ នេះ​ជា​ការ​កើន​ឡើង​ពី ចំនួន​ទឹក​ប្រាក់​ត្រឹម ៣​ពាន់​លាន​បាត ឬ ០,៨% នៃ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​សរុប កាល​ពី​ឆ្នាំ​មុន។ ក្រុម​ហ៊ុន​មាន​បុគ្គលិក​ប្រមាណ ១០០០​នាក់ ដែល​កំពុង​បំពេញ​ការងារ​ក្នុង​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍ។

 

SCG ត្រៀម​ជាង ១៤០​លាន​ដុល្លារ ពង្រីក​ការ​វិនិយោគ​ក្នុង​តំបន់​អាស៊ាន

 

ចំពោះ​បញ្ហា​នេះ លោក Roongrote បាន​និយាយ​ថា “ផលិតផល​មាន​គុណ​តម្លៃ​បន្ថែម​ខ្ពស់ ចូលរួម​ចំណែក​ប្រមាណ ៣៩% នៃ​ប្រាក់​ចំណូល​សរុប​របស់​យើង ហើយ​យើង​រំពឹង​ថា ភាគរយ​នេះ​នឹង​កើន​កាន់​តែ​ខ្ពស់​បន្ថែម​ទៀត នៅ​ពេល​ដែល​យើង​បន្ត​អភិវឌ្ឍ​ផលិតផល​ទាំង​នោះ​បន្ថែម​ទៀត។ យើង​នឹង​មិន​បង្កើន​ចំនួន​បុគ្គលិក​ដែល​បំពេញ​ការងារ​ក្នុង​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍ​ទេ។ ប៉ុន្តែ យើង​នឹង​ប្រមូលផ្តុំ​បុគ្គលិក​របស់​យើង ដែល​បាន​បំពេញ​ការងារ​នៅ​ក្នុង​ផ្នែក​ទីផ្សារ និង​សេវា​អតិថិជន ដែល​ពួកគាត់​មាន​បទពិសោធន៍​ធ្វើការ​ជាមួយ​អតិថិជន​ច្រើន ដើម្បី​សហការ​គ្នា​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មី។ ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​បង្កើត​ផលិតផល​ថ្មី ដែល​បំពេញ​តាម​តម្រូវ​ការ​ជាក់ស្តែង​របស់​អតិថិជន”។

 

នៅ​ឥណ្ឌូណេស៊ី​ និង​វៀតណាម អេស ស៊ី ជី ធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​ស៊ីម៉ងត៍ សម្ភារៈ​សំណង់ សេវាកម្ម​វេច​ខ្ចប់ និង​ផលិតផល​គីមី​ឥន្ធនៈ។ ចំណែក​នៅ​ឡាវ មីយ៉ាន់ម៉ា កម្ពុជា សិង្ហបុរី និង​ម៉ាឡេស៊ី​វិញ ក្រុមហ៊ុន​ផ្ដោត​លើ​អាជីវកម្ម​វេច​ខ្ចប់ និង​សម្ភារៈ​សំណង់។

 

អេស ស៊ី ជី បាន​បញ្ចេញ​របាយការណ៍​ថា ខ្លួន​រក​បាន​ប្រាក់​ចំណូល​សរុប​ប្រមាណ ១១០​ពាន់​លាន​បាត ឬ​ប្រមាណ​ជាង​៣​ពាន់​លាន​ដុល្លារ នៅ​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​នេះ ខណៈ​ប្រាក់​ចំណេញ​សុទ្ធ​របស់​ក្រុមហ៊ុន​ក្នុង​ត្រីមាស​ទី​មួយ​នេះ បាន​កើន​ឡើង​ដល់ ១៣,៦​ពាន់​លាន​បាត ឬ​ប្រមាណ ៣៨២​លាន​ដុល្លារ ដែល​ជា​ការ​កើន​ឡើង ២៣% ធៀប​នឹង​ឆ្នាំមុន ភាគ​ច្រើន​មក​ពី​ផល​ចំណេញ​ក្នុង​អាជីវកម្ម​វេច​ខ្ចប់ និង​សារធាតុ​គីមី៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​