គន្លឹះទាំង៨ បណ្ដុះឲ្យមានទម្លាប់អាន បានយ៉ាងជោគជ័យ

មនុស្សជាច្រើន មិនសូវអោយតម្លៃ ឬចំណាយពេលវេលាទៅលើការអានសៀវភៅច្រើននោះទេ។ ពួកគេគិតថា វាបង្កភាពធុញទ្រាន់ និងមិនទាន់សម័យ។ ផ្ទុយទៅវិញការអាន គឺមិនមែនគ្រាន់តែជាជំនាញវិជ្ជាជីវៈដ៏សំខាន់ប៉ុណ្ណោះទេ។ វាគឺជា វិធីមួយដើម្បីបង្កើតភាពរីករាយ ទៅនឹងរឿងរ៉ាវដែលយើងមិនធ្លាប់ដឹង  បង្កើនគំនិតច្នៃប្រឌិត និងការបំផុសគំនិត ដែលជួយបង្កើនបទពិសោធន៍ជីវិតរបស់យើង។ ដើម្បីអភិវឌ្ឍន៍ខ្លួនឯងឲ្យទម្លាប់អាន អ្នកត្រូវការពេលវេលា និងការយកចិត្តទុកដាក់ខ្ពស់។ ដូច្នេះ គួរបង្កើតទម្លាប់ការអានដល់ខ្លួនអ្នកតាមវិធីទាំង៨ ខាងក្រោមនេះ៖

#១. បង្កើនជំនាញអាន

ដើម្បីចង់អោយមានទម្លាប់អានសៀវភៅ, អ្នកត្រូវចាប់ផ្តើមការអានអោយបានល្អជាមុនសិន។ ឧទាហរណ៍ ៖

• អាន ហើយស្វែងរកគំនិតសំខាន់ក្នុងកថាខណ្ឌនីមួយៗ។ ដើម្បីភាពងាយស្រួល អ្នកអាចមានខ្មៅដៃមួយ សម្រាប់គូសចំណាំគំនិតសំខាន់ទាំងនោះ។

• រកមើលពាក្យដែលយើងមិនស្គាល់។ អ្នកអាចគូសបន្ទាត់ពីក្រោម ឬកត់ពាក្យទាំងនោះទុក។ នៅពេលណាមួយដែលអ្នកអានវាឡើងវិញ, អ្នកនឹងយល់ពីបរិបទនៃពាក្យនិងការប្រើប្រាស់របស់វា នៅក្នុងឃ្លាផ្សេងៗពីគ្នា។

• នៅពេលដែលជួបពាក្យពិបាក ឬពាក្យស្លោកណាមួយ, ជាពិសេសក្នុងអត្ថបទអក្សរសិល្ប៍ ឬប្រវត្តិសាស្ត្រ ឬសង្គម, អ្នកអាចទៅស្រាវជ្រាវបន្ថែម ដើម្បីជាចំណេះដឹងមួយផ្សេងទៀត។

• យកពេលវេលារបស់អ្នក បណ្តុះបណ្តាលការអានតាមសម្រួល។ កុំបាក់ទឹកចិត្តពេលដែលគេថាអ្នកអានយឺត, ជាពិសេសពេលចាប់ផ្តើមដំបូង។

#២. ជ្រើសរើសសៀវភៅ

អាននូវអ្វីដែលអ្នកចង់អាន។ ចូរអ្នកកុំព្យាយាមអានសៀវភៅ ដែលអ្នកគិតថាអ្នកគួរតែអាន ដោយសារតែសៀវភៅទាំងនោះ​មានភាពល្បីល្បាញ ឬដោយសារតែអ្នកគិតថាវានឹងធ្វើអោយអ្នកឆ្លាត។ សូមពិចារណាអំពីចំណូលចិត្ត និងចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក។ ការអាន នឹងកាន់តែគួរឲ្យចាប់អារម្មណ៍ និងពេញចិត្តកាន់តែខ្លាំង នៅពេលដែលយើង អានអំពីអ្វីដែលយើងចូលចិត្ត។

#៣. ធ្វើបញ្ជី

អ្នកគួរមានបញ្ជីរាយឈ្មោះសៀវភៅទាំងអស់ ដែលអ្នកគិតថាអស្ចារ្យ និងគួរអោយចង់អាន។ អ្នកអាចរក្សាវាទុកនៅក្នុងកំណត់ហេតុរបស់អ្នក ឬកន្លែងណាក៏ដោយ។ អ្នកត្រូវតែកត់ឈ្មោះសៀវភៅផ្សេងៗ ដែលគួរឲ្យចាប់អារម្មណ៍ទុក មិនថាចេញពីអ៊ិនធឺណេត ឬលឺពីនរណាម្នាក់ទេ។ វាធ្វើឲ្យអ្នកមានភាពងាយស្រួល ដើម្បីជ្រើសរើសបន្ទាប់ទៀត ពេលដែលអានសៀវភៅណាមួយចប់។

#៤. កំណត់ពេល

អ្នកគួរតែកំណត់ពេលអាន២ ទៅ ៣ដងក្នុងមួយថ្ងៃ យ៉ាងហោចណាស់ម្តងពី៥ ទៅ ១០នាទី។ អ្នកអាចទម្លាប់អានសៀវភៅ ក្នុងអំឡុងពេលញ៉ាំអាហារពេលព្រឹក ឬអាហារថ្ងៃត្រង់ (និងពេលញ៉ាំអាហារពេលល្ងាចតែម្នាក់ឯង)។ នោះហើយជាការចាប់ផ្តើម ដើម្បីប្រែក្លាយការអាន ឲ្យទៅជាទម្លាប់ប្រចាំថ្ងៃបានយ៉ាងល្អឥតខ្ចោះ។ 

#៥. កាន់សៀវភៅជាប់ជានិច្ច

យកសៀវភៅទៅជាមួយអ្នកជានិច្ច ទោះជាអ្នកទៅដល់ទីណាក៏ដោយ។ អ្នកអាចយកវាដាក់នៅក្នុងឡាន, យកវាទៅការិយាល័យធ្វើការ, ឬយកវាពេលទៅជួបនរណាម្នាក់ក៏បាន។ ទោះជាដឹងថា អ្នកនឹងមិនអានវាក៏ដោយ (ដូចជាពេលទៅមើលកុន) តែអ្នកអាចនឹងត្រូវមានពេលរង់ចាំគេ, ដូច្នេះអ្នកអាចដកសៀវភៅមកអានបាន។

#៦. រកកន្លែងស្ងាត់

អ្នកអាចសែ្វងរកកន្លែងណាមួយ នៅក្នុងផ្ទះរបស់អ្នកដែលអ្នកអាចអង្គុយអានសៀវភៅបានយ៉ាងមានផាសុកភាព ប្រសិនបើអ្នកមិនចូលចិត្តឲ្យមានអ្វីមករំខាន។ ទីនោះគួរតែគ្មានទូរទស្សន៍ ឬកុំព្យូទ័រនៅជិតទេ ហើយក៏គ្មានសម្លេងចម្រៀង ឬសម្លេងឡូឡាពីសមាជិកគ្រួសារដែរ។

#៧. អានឲ្យកូនស្តាប់

ប្រសិនបើអ្នកមានកូន, អ្នកត្រូវតែអានសៀវភៅល្អៗអោយពួកគេស្តាប់។ ការបង្កើតទម្លាប់អានសៀវភៅដល់កូនរបស់អ្នក គឺជាវិធីល្អបំផុតដើម្បីធានាថាពួកគេនឹងចូលចិត្តអានដូចគ្នាដែរ។ នៅពេលដែលពួកគេធំឡើង អាចជួយឲ្យពួកគេទទួលបានជោគជ័យនៅក្នុងជីវិតផងដែរ តាមរយៈចំណេះដឹងមួយផ្នែក ឬផ្សេងៗ ដែលមាននៅក្នុងសៀវភៅទាំងនោះ។ ក្នុងពេលជាមួយគ្នានោះ អ្នកអាចអភិវឌ្ឍន៍ទម្លាប់អានសៀវភៅខ្លួនអ្នកផ្ទាល់ ក៏ដូចជាកូនរបស់អ្នកផងដែរ។

#៨. ទិញសៀវភៅមួយតឹក (ប្រើរួច) ឬខ្ចីសៀវភៅបណ្ណាល័យ

សៀវភៅ មិនមែនជាការចំណាយច្រើនទៀតទេ។ អ្នកអាចទៅទិញសៀវភៅនៅហាងសៀវភៅមួយតឹក (សៀវភៅដែលប្រើហើយ) ឬយកសៀវភៅដែលអ្នកអានរួចទៅបរិច្ចាគដើម្បីបានទទួលការបញ្ចុះតម្លៃពិសេស លើសៀវភៅផ្សេងទៀត។ សរុបមកអ្នកចំណាយអស់តែ២ ឬ៣ដុល្លារប៉ុណ្ណោះ ហើយបានសៀវភៅប្រហែលជាង ១០ក្បាលទៅអានថែមទៀត។ បើចង់ចំណាយកាន់តែតិចជាងនេះ អ្នកអាចទៅខ្ចីសៀវភៅនៅបណ្ណាល័យក៏បាន៕

ប្រភព៖  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គន្លឹះទាំង៨ បណ្ដុះឲ្យមានទម្លាប់អាន បានយ៉ាងជោគជ័យ

គន្លឹះទាំង៨ បណ្ដុះឲ្យមានទម្លាប់អាន បានយ៉ាងជោគជ័យ