ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​នៅ​ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្តកំពង់ចាម យ៉ាង​គឃ្លើន​

​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ដែលជា​មេ​ឈ្មួញ​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន​នោះ ឥឡូវនេះ​កំពុង​ល្បីល្បាញ​ខាង​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​នៅ​ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្តកំពង់ចាម ជាប់​ព្រំប្រទល់​ខេត្តកណ្ដាល យ៉ាង​ក្រអឺតក្រទម​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​តាំង​ក្រាំង កំពុង​រង់ចាំ​មើល​ចំណាត់ការ​របស់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ទៅលើ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ដែលជា​មេ​ឈ្មួញ​មាន​ខ្នងបង្អែក​រឹងមាំ ព្រោះ​គេ​គ្មាន​ជំនឿ​ថា​មន្ត្រី​ជំនាញ មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ហ៊ាន​ចាត់ការ​តាមច្បាប់​លើ​ឈ្មួញ​រូបនេះ​ឡើយ​។

កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៦ កម្លាំង​រដ្ឋបាល​ជលផល​ខេត្តកណ្ដាល បាន​ចុះបង្ក្រាប​គ្រឿងចក្រ​ប្រភេទ​អេស្កាវ៉ាទ័រ​២​គ្រឿង និង​អា​ប៊ុល​១​គ្រឿង ដែល​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ព្រៃ​លិច​ទឹក និង​កំប្លោក នៅ​ប្រឡាយ​អតីត​ដែន​ឡូត៍​នេសាទ​ក្នុងភូមិ​អក​ពាង ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្តកំពង់ចាម ជាប់​ព្រំប្រទល់​ខេត្តកណ្ដាល​។ គ្រឿងចក្រ​ទាំងនោះ​ត្រូវបាន​គេ​ដឹងថា​ជា​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ប្រើប្រាស់​ទន្ទ្រាន​យក​ដី​បឹង​ព្រៃ​លិច​ទឹក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន និង​ធ្វើជា​ស្រះ​ចិញ្ចឹម​ត្រី​រ៉ស់ ត្រី​ឆ្ដោ​។ សមត្ថកិច្ច​ដែល​ចូលរួម​ក្នុងការ​បង្ក្រាប​បទល្មើស​បាន​ឲ្យ​ដឹងថា ការដែល​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ធ្វើបែបនេះ​គឺ​មិនបាច់​ចំណាយលុយ​ទិញ​ដី និង​កាយ​ដី​ធ្វើជា​ស្រះ ហើយ​ងាយស្រួល​ក្នុង​ការរក​កូន​ត្រី​ល្អិតៗ​សម្រាប់​ធ្វើជា​ចំណី​ត្រី​រ៉ស់ ត្រី​ឆ្ដោ ផងដែរ​។

តាម​មន្ត្រីរដ្ឋបាល​ជលផល​ខេត្តកំពង់ចាម និង​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា សកម្មភាព​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ក្នុង​ការប្រើ​គ្រឿងចក្រ​បំផ្លាញ​ព្រៃ​ទន្ទ្រាន​កាន់កាប់​ដី​បឹង​នៅ​ចំណុច​ភូមិ​អក​ពាង ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្តកំពង់ចាម គឺជា​សកម្មភាព​ខុសច្បាប់​។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា​មជ្ឈដ្ឋាន​ខ្លះ​បាន​វាយតម្លៃ​ទុកជាមុន​ថា មន្ត្រីរដ្ឋបាល​ជលផល​ខេត្តកំពង់ចាម និង​ខេត្តកណ្ដាល មិន​ហ៊ាន​ប៉ះពាល់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា នោះឡើយ​។ គ្រាន់តែ​ឮឈ្មោះ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ទាំង​២​ចង់​ដកថយ​ទៅហើយ ព្រោះ​ឈ្មួញ​រូបនេះ​កន្លងមក​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ហើយ​មិន​ដែលមាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​នោះទេ​៕

13256319_1711507635755111_2224540775747800035_n 13254521_1711507599088448_7531051025123404351_n 13227094_1711507652421776_2979023072629797494_n