សម្តេចតេជោ​ ​ហ៊ុន សែន​​ រំពឹងថា​​ផលស្រូវឆ្នាំនេះនឹងល្អ

រាជធានីភ្នំពេញ ៖ ​​តាមរយៈគោ​ឧសភរាជបរិភោគស្រូវ ​ពោត ​និងសណ្តែក ​នៅក្នុងព្រះរាជពិធីច្រត់​ព្រះនង្គ័លកាលពីថ្ងៃម្សិលមិញ សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានមានប្រសាសន៍ថា​«ផលស្រូវនឹងទទួល​បានផលល្អ ​រហូតមកដល់​ពេលនេះមាន​ផ្ទៃដីរាប់ម៉ឺនហិកតា​ ត្រូវបានប្រជាពលរដ្ឋភ្ជួរ​រាស់ត្រៀមធ្វើការដាំដុះ»។ 

​ថ្លែងនៅក្នុងពិធី​ចែក​សញ្ញាបត្រជូន​ដល់ជ័យ​លាភីនិស្សិតសាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប​ ​នៅវិទ្យាស្ថានជាតិអប់រំ ​នា​ព្រឹកថ្ងៃទី២៥ ឧសភា​២០១៦នេះ ​សម្តេចតេជោ​នាយករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា​ «តាមការព្យាការ​​កម្ពស់ទឹកនៅក្នុង​រាជធានីភ្នំពេញ​នៅឆ្នាំ​២០១៦នេះ ​មានកម្ពស់ ៩,៣០ម៉ែត្រ»​ ។

បើតាមសម្តេចតេជោ​ ហ៊ុន សែន​ នៅលើពិភពលោកនេះ​ មិនទាន់មាន​នរណាត្រួតត្រាធាតុអាកាស ​និងធម្មជាតិ​បាន​នោះទេ ​ក្នុងនោះប្រទេសជាច្រើន​នៅលើពិភពលោកទទួល​ឥទ្ធិពលពី​គ្រោះធម្មជាតិផ្សេងៗគ្នា ​ដូចជារញ្ជួញដី ​ទឹកជំនន់ និងភ្លើងឆេះ​ព្រៃជាដើម ។ ​ក្នុងពិធីចែកសញ្ញាបត្រ​នៅព្រឹកថ្ងៃពុធដដែលនេះ ​សម្តេចតេជោ ​ក៍បានក្រើនរំលឹក​ឲ្យប្រជាពលរដ្ឋត្រង​ទឹកភ្លៀង ដើម្បីទុកសម្រាប់​ប្រើប្រាស់ផងដែរ ខណៈភ្លៀង​បានចាប់ផ្តើមធ្លាក់​ស្ទើរទូទំាងប្រទេស៕