ប្រធាន​​​មូលនិធិ​​​កូហ្វី​​​ អាណាន់​​​និយាយ​​​អំពី​​​កំណែ​​​​​​ទម្រង់ការ​​​​​​បោះ​​​ឆ្នោត​​​

លោក អាឡាន់ ដូស នាយកប្រតិបត្តិនៃមូលនិធិរបស់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិបានជួបជាមួយមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃច័ន្ទ ជាជំហានដំបូងនៅក្នុងកិច្ចប្រឹងប្រែងរបស់ស្ថាប័ននេះ ដើម្បីជួយកំណែទម្រង់ការបោះឆ្នោតនៅទីនេះ។ មូលនិធិកូហ្វី អាណាន់ក្នុងឆ្នាំ២០១៣បានបង្កើតគម្រោងផ្តួចផ្តើមសុចរិតភាពការបោះឆ្នោតរបស់ខ្លួន ដើម្បីផ្តល់នូវឯកទេសដល់ប្រទេសនានា ដើម្បីជួយរៀបចំការបោះឆ្នោតឲ្យពេញលេញតាមច្បាប់បន្ថែមទៀត ហើយគ.ជ.ប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បត្តិ៍ថា ខ្លួនបានស្វែងរកនិងស្នើសុំការគាំទ្រ។ លោក ដូស បានមានប្រសាសន៍បន្ទាប់ពីជួបនៅថ្ងៃច័ន្ទជាមួយគណបក្សសង្គ្រោះជាតិនៅឯទីស្នាក់ការធំក្នុងក្រុងភ្នំពេញថា “ខ្ញុំគ្រាន់តែនិយាយដោយសង្ខេបជាមួយគណបក្សសង្គ្រោះជាតិស្តីពីកិច្ចការនោះ ដូចខ្ញុំបាននិយាយជាមួយគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដូច្នេះដែរ។ អ៊ីចឹងនោះគឺជាគោលបំណងនៃដំណើររយៈពេលខ្លីនេះ”។ លោក ដូស បានមានប្រសាសន៍ថា “យើងមិនព្យាយាមឲ្យទទួលយក ឬជំរុញឲ្យមានអ្វីទេ គឺគ្រាន់តែពន្យល់អំពីការងាររបស់មូលនិធិ ហើយជាពិសេសការប្រឹងប្រែងនៅក្នុងការងារបោះឆ្នោតនិងសុចរិតភាពការបោះឆ្នោតប៉ុណ្ណោះ”។ លោក ដូសមិនធ្វើអត្ថាធិប្បាយចំពោះការជាប់ពន្ធនាគារនៅដើមខែនេះរបស់លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ជាអតីតបុគ្គលិកសិទ្ធិមនុស្ស និងការជំនុំជម្រះបទព្រហ្មទណ្ឌនៅពេលខាងមុខរបស់លោក រ៉ុង ឈុន មន្ត្រីជ្រើសតាំងដោយគណបក្សសង្គ្រោះជាតិទៅក្នុងស្ថាប័នបោះឆ្នោតទ្វេបក្ស ដែលជាយូរមកហើយមានប្រៀបដោយគណបក្សប្រជាជនកម្ពុជានោះទេ។ ថ្លែងក្នុងសន្និសីទកាសែតបន្ទាប់ពីជួបជាមួយលោក ដូស អ្នកនាំពាក្យគណបក្សប្រឆាំង គឺលោក យឹម សុវណ្ណបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះបានធ្វើឡើងចំពេលល្អណាស់។ លោក សុវណ្ណបានមានប្រសាសន៍ថា “យើងអាចឃើញថា ឥឡូវនេះបរិយាកាសនយោបាយជួបការលំបាក គឺមានអគ្គលេខាធិការរង គ.ជ.បមួយត្រូវបានចោទប្រកាន់ ហើយឥឡូវនេះក៏មានសមាជិក គ.ជ.បម្នាក់ទៀតក៏បានចោទប្រកាន់ និងរង់ចាំកាត់ក្តី។ អ៊ីចឹង យើងឃើញថា រឿងនេះប៉ះពាល់ដល់បរិយាកាសនយោបាយ”។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលដឹកនាំគណបក្សកាន់អំណាចនៅក្នុងកិច្ចប្រជុំជាមួយលោក ដូស បានមានប្រសាសន៍ថា ប្រតិភូរបស់លោកបានស្នើសុំការជួយពីមូលនិធិនេះ ដើម្បីបណ្តុះបណ្តាលមន្ត្រីបោះឆ្នោតកម្ពុជា។ លោក ឥសានបានមានប្រសាសន៍ ដោយពន្យល់ថា មូលនិធិអាចជួយកំណែទម្រង់ទាំងនេះថា “ក្នុងឆ្នាំ២០១៣ យើងបានយល់ព្រមជាមួយគណបក្សប្រឆាំង ដើម្បីកែទម្រង់ គ.ជ.ប ហើយយើងគិតថា ការបោះឆ្នោតនៅពេលអនាគតនឹងសេរីនិងយុត្តិធម៌”។ លោក ឥសានបានមានប្រសាសន៍ថា យើងសូមស្វាគមន៍ចំពោះទស្សនកិច្ចរបស់លោកមកកម្ពុជា។ យើងអរគុណអង្គការសហប្រជាជាតិដែលរៀបចំការបោះឆ្នោតនាឆ្នាំ១៩៩៣ ដែលដឹកនាំនៅពេលនោះដោយកូហ្វី អាណាន់”។ ដំណើរទស្សនកិច្ចរបស់លោក ដូស បានធ្វើឡើងរយៈពេល២៣ឆ្នាំ ក្រោយពីការបោះឆ្នោតគាំទ្រដោយអង្គការសហប្រជាជាតិបានចាប់ផ្តើម។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.បបានមានប្រសាសន៍ថា ស្ថាប័នបោះឆ្នោតនឹងចាប់ផ្តើមជួបជាប្រចាំជាមួយបណ្តាញសារព័ត៌មាន អ្នកនយោបាយនិងសង្គមស៊ីវិល ដើម្បីពិភាក្សាអំពីការព្រួយបារម្ភពីការងាររបស់ គ.ជ.ប ក្នុងពេលដែលការបោះឆ្នោតឃុំសង្កាត់នាឆ្នាំ២០១៧ និងការបោះឆ្នោតជាតិនាឆ្នាំ២០១៨ ជិតចូលមកដល់។ អ្នកឃ្លាំមើលការបោះឆ្នោតបានចាប់ផ្តើមរិះគន់ គ.ជ.បថ្មី ដោយកត់សម្គាល់ថា មានការពន្យារពេលបួនលើកចំពោះគម្រោងកសាងឡើងវិញនូវបញ្ជីអ្នកបោះឆ្នោត ដោយមានការងារពេលនេះគ្រោងនឹងចាប់ផ្តើមក្នុងខែកញ្ញា។ ការបោះឆ្នោតឃុំសង្កាត់គ្រោងនឹងធ្វើឡើងក្នុងពាក់កណ្តាលឆ្នាំ២០១៧។ លោក ពុទ្ធាបានមានប្រសាសន៍ថា កិច្ចប្រជុំលើកដំបូងនឹងធ្វើឡើងនៅខែក្រោយ ហើយលោកបាននិយាយបន្ថែមថា បទពិសោធពីមុនរបស់លោកជាប្រធានអង្គការនិចហ្វិចគឺបានជំរុញឲ្យមានគំនិតបែបនេះ។ លោកបានមានប្រសាសន៍ថា “ដូចជាខ្ញុំធ្លាប់ជាប្រធានអង្គការដែលរិះគន់គ.ជ.ប ហើយពេលនេះខ្ញុំជាសមាជិកនៃគ.ជ.ប។ ខ្ញុំយល់ច្បាស់ថាអ្វីជាការងារអង្គការ ហើយអ្វីជាការងារគ.ជ.ប ហើយខ្ញុំដឹងថា បក្សទាំងពីរអាចធ្វើការជាមួយគ្នា ដើម្បីផលប្រយោជន៍ការបោះឆ្នោត”៕រើន   © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post ប្រធាន​​​មូលនិធិ​​​កូហ្វី​​​ អាណាន់​​​និយាយ​​​អំពី​​​កំណែ​​​​​​ទម្រង់ការ​​​​​​បោះ​​​ឆ្នោត​​​ appeared first on The Cambodia Daily.