រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

សា​ម៉​ន​៖ អ៊ូយ ! ម៉េច​ក៏​ប្រៃ​ម្ល៉េះ​ម៉ែ​វា ! ឯង​ចង់​ឆុង​កាហ្វេ​ម៉ូត​ស្អីហ្នឹង !

ផៃ​បើកភ្នែក​ធំ​ៗ
ផៃ​៖ អុញ​! ប្រហែលជា​ខ្ញុំ​ច្រឡំ​កំប៉ុង​អំបិល​ហើយ ព្រោះ​វា​នៅ​ជិត​គ្នា !

សា​ម៉​ន​ឈ្លក់​កាហ្វេ​ស្រវា​កែវ​ទឹក​មក​ផឹក​ខ្ពុ​លមាត់​ចេញលឺ​សូរ​សម្លេង​ទ្រ​របស់​អរុណ សា​ម៉​ន​បើកភ្នែក​ធំ​ៗ ដាក់​កែវ​កាហ្វេ​ចុះ
សា​ម៉​ន​៖ ឈប់​ៗ! អា​ម៉ា​ប់​! ឯង​បន្ថយ​សម្លេង​ទូរទស្សន៍​បន្តិច​មើល ! អញ​លឺ​ដូច​ជា​សម្លេង​ស្អី​នៅ​ក្រោយ​ផ្ទះ អាណា​គេ​ធ្វើ​អីហ្នឹង ?

ម៉ា​ប់​ជូត​មុខ​រួច​យក​តេ​ឡេ​មក​ចុច​ថយ​សម្លេង​ទូរទស្សន៍​លឺ​សូរ​សម្លេង​ទ្រ​របស់​អរុណ
ម៉ា​ប់​៖ ដូច​ជា​សម្លេង​គេ​កូតទ្រ អ៊ំ !
ផៃ​៖ លឺ​នៅ​ខាងក្រោយ​ផ្ទះ គ្មាន​អ្នក​ណា​ក្រៅពី​អា​កែម​ទេ​! សុទ្ធតែ​ក្រុម​តន្ត្រី​វេទនា ថ្មើរ​ណេះ​ហើយ​វា​នៅ​នឹកឃើញ​កូតទ្រ​ធ្វើ​ស្អី​ទៀត មិន​គិត​ឲ្យ​គេ​ដេក​ពួន​ទេ​ហ្អី !

កែវ​ដើរ​ចូល​មក​ដល់
កែវ​៖ មិនមែន​បង​កែម​ជា​អ្នក​កូត​ទេ អ៊ំ​ស្រី គឺ​បង​រុណ​! មិនដឹង​ជា​នឹកឃើញ​យ៉ាងម៉េច​ទេ មក​អង្គុយ​កូតទ្រ​ក្បែរ​របង​ចំ​មុខ​បន្ទប់​អូន​ម្លិះ​តែ​ម្តង​! ប្រហែលជា​ចង់​ទាក់ទាញ​ចិត្ត​អូន​ម្លិះ​ទេ​ដឹង?

សា​ម៉​ន​បើកភ្នែក​ធំ​ៗ​ស្ទុះ​ងើបឈរ​ឡើង
សា​ម៉​ន​៖ ថា​ម៉េច​! អរុណ​ហ្អី​! វា​គិត​ចង់​ដើរ​កូតទ្រ​សុំទាន​គេ​យក​មក​ចិញ្ចឹម​កូនស្រី​អញ​ឬ​យ៉ាងម៉េច ? រឿង​មួយ​ក៏​វា​ចង់​ឲ្យ​កូន​ម្លិះ​កាន់​ផ្ទិ​ល​មួយ​ដើរ​សុំ​បច្ច័យ​តាម​វត្ត​ជាមួយ​ដែរ ចំ​ជា​មិន​ចេះ​ប្រមាណ​ខ្លួន​មែន !

ដូរ​ទីតាំង​៖
ក្នុង​បន្ទប់​ម្លិះ​។ ម្លិះ​អង្គុយ​នៅ​មាត់​បង្អួច​ច្រត់​ចង្កា​មើលទៅ​អរុណ​កូតទ្រ ក្រោម​ពន្លឺព្រះច័ន្ទ​។ អរុណ​ញញឹម មើល​មក​ម្លិះ​វិញ ។ ឮ​សូរ​សំឡេង​គ្រប់​កាំភ្លើង​ផ្ទុះ​ក្បែរ​ខ្លួន​អរុណ​បី​បួន​គ្រាប់​ជាប់​គ្នា

អរុណ​ភ្ញាក់​ឱប​ទ្រ ស្ទុះ​ងើបឈរ​ឡើង​ងាក​ទៅ​ឃើញ​សា​ម៉​ន​ឈរ​ក្បែរ​របង​កាន់​កាំភ្លើង​បាញ់​សត្វ​ភ្ជង់​តម្រង់​មក​រក​អរុណ​មុខ​ខឹង
អរុណ​៖ ពុក​មេ​ភូមិ !
សា​ម៉​ន​៖ ប្រាប់​ហើយ​ថា​អញ​មិនមែន​ជា​ពុក​ឯង​ទេ​! អញ​មាន​តែ​កូនស្រី​គ្មាន​កូនប្រុស​ទេ​វើ​យ​! កុំមក​កូតទ្រ​អន្ទង​ស្នេហ៍​ស្អី​នៅ​ទី​នេះ ! ឆាប់​ចេញ​ទៅ​! កុំមក​រំខាន​អញ​ដេក​ពួន​ថ្លង់​ណាស់​វើ​យ​!

អរុណ​ធ្វើ​មុខ​ម៉ឺងម៉ាត់
អរុណ​៖ សូមទោស​ចុះ​លោក​ពុក​មេ​ភូមិ ! គ្រាន់តែ​ខ្ញុំ​លេងភ្លេង​កំដរ​អារម្មណ៍ ក៏​មានទោស​ដែរ​ហ្អី ? បើសិនជា​ពុក​គិត​ថា បាញ់​សម្លាប់​ខ្ញុំ​ដោយសារ​តែ​ខ្ញុំ​អង្គុយ​លេងភ្លេង​នោះ ក៏​តាម​ចិត្ត​ពុក​ចុះ !

សា​ម៉​ន​បើក​ធំ​ៗ រេ​កាំភ្លើង​តម្រង់​ក្បាល​អរុណ
សា​ម៉​ន​៖ យី​! ឯង​ស្មានថា​អញ​មិន​ហ៊ាន​បាញ់​ឯង​ហ្អី​! ឯង​ចង់​លេងភ្លេង​កំដរ​អារម្មណ៍​អត់​មាន​អ្នក​ឃាត់ឃាំង​ឯង​ទេ តែ​ទៅ​លេង​នៅផ្ទះ​របស់​ឯង​ទៅ ! កុំ​លេង​រំខាន​អញ​នៅ​ទី​នេះ !
អរុណ​៖ ខ្ញុំ​អង្គុយ​លេងភ្លេង​នៅ​ក្នុង​ព្រំ​ដី​របស់​កែម​ទេ​! អត់​មាន​ឈ្លានពាន ឬ​ក៏​ធ្វើ​អ្វី​ខុស​ប៉ះពាល់​ដល់​កម្មសិទ្ធិ​របស់​ពុក​មេ​ភូមិ​ឯណា​! បើ​សំឡេង​នាំ​រំខាន់​ដល់​ពុក ខ្ញុំ​នឹង​ប្រើ​សម្លេង​តិច​បំផុត​មិន​ឲ្យ​រំខាន​ពុក​ទៀត​ទេ !

សា​ម៉​ន​ខឹង​ភ្ជង់​កាំភ្លើង​បម្រុង​បាញ់​អរុណ
សា​ម៉​ន​៖ យើ​ស​! ឯង​អាង​ធ្លាប់​មាន​សគុណ​ជួយ​យើង​ម្តងនោះ ចង់​មក​គ្រាន់បើ​ជាមួយ​យើង​ផង​ហ្អី !

ផៃ ម្លិះ កែវ ម៉ា​ប់​នាំ​គ្នា​រត់​មក​ចាប់​ឃាត់​សា​ម៉​ន​មុខ​ភ័យ​គ្រប់​គ្នា
ម្លិះ​៖ កុំ​អី​ពុក ! កុំ ! គ្រាន់តែ​រឿង​ប៉ុណ្ណឹង​សោះ ម៉េច​ក៏​ដល់​ថ្នាក់​បាញ់​គេ​នោះ​ពុក !

កែម​រត់​ចុះពីលើផ្ទះ​មក​រក​អរុណ​ដែរ
កែម​៖ ប៉ុណ្ណឹង​បាន​ហើយ រុណ ! ឆាប់​ទៅ​រក​ដេក​ទៅ ! កុំ​ឲ្យ​ពុក​មេ​ភូមិ​ខឹង !

ពពក​ខ្មៅ​រសាត់​ពេញ​មេឃ ភ្នែក​បន្ទោ​ល​ភ្លឹបភ្លែត​ខ្យល់​បក់​ខ្លាំង របៀប​ជិត​មាន​ភ្លៀង​ធ្លាក់ ម្លិះ​ចាប់​ទាញ​ដៃ​សា​ម៉​ន​មុខ​បារម្ភ
ម្លិះ​៖ មេឃ​ជិត​ភ្លៀងហើយ​ពុក ! ចូល​ក្នុងផ្ទះ​វិញ​ទៅ ! គ្រាន់តែ​បង​រុណ​លេងភ្លេង​ប៉ុណ្ណឹង​សោះ ម៉េច​ក៏​ពុក​កាច​ខ្លាំង​ម្ល៉េះ !
សា​ម៉​ន​៖ នែ៎​ៗ ! វា​មិនមែន​ត្រឹមតែ​លេងភ្លេង​ទេ គឺ​វា​ចង់​យក​ភ្លេង​ម៉ា​រយ​ៗ​របស់​វា​នេះ​មក​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​កូន​ឯង​ហ្នឹង​! ស្មាន​តែ​ពុក​មិនដឹង ! មនុស្ស​ដូច​ពុក​ហ្នឹង​ណា មិន​ល្ងង់​ទេ ! វា​ជា​មនុស្ស​លើក​ច្រវា​សម្លឹង​ត្រើយ !

(​នៅ​មាន​ត​)