ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀក​បំពាក់​ប្រកាស​សហការ​ធ្វើ​ឲ្យ​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​ប្រសើរ

ក្រុមហ៊ុន​បញ្ជា​ទិញ​សំលៀកបំពាក់​ដ៏​ធំ​មួយ​នៅ​ប្រទេស​ស៊ុយអែត (Sweden) អេច្ឆ.អេន.អឹម (H&M) ប្រកាស​ថា នឹង​សហការ​ជាមួយ​សហជីព​កម្មករ រដ្ឋាភិបាល​កម្ពុជា និង​ឥណ្ឌា ទីភ្នាក់ងារ​សហប្រតិបត្តិការ​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត ព្រម​ទាំង​អង្គការ​អន្តរជាតិ​ផ្នែក​ការងារ (International Labor Organization) ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​នៃ​ប្រទេស​ទាំង​ពីរ។

ការ​ប្រកាស​ជំហរ​របស់​ក្រុមហ៊ុន​នេះ បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​មួយ​របស់​អង្គការ​សម្ពន្ធភាព​តម្លៃ​ប្រាក់​ឈ្នួល​នៅ​អាស៊ី​ហៅ​កាត់​ថា (AFWA) ដែល​ជា​បណ្ដុំ​សហជីព​កម្មករ និង​ក្រុម​អង្គការ​សិទ្ធិមនុស្ស​បាន​រក​ឃើញ​ថា កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន H&M នៅ​ក្រុង​ភ្នំពេញ និង​ក្រុង​ញូវ ដេលី (Delhi) រង​ការ​គំរាមកំហែង និង​រំលោភ​សិទ្ធិមនុស្ស រួម​មាន​ទទួល​បាន​ប្រាក់ខែ​ទាប កំណត់​កុងត្រា​អចិន្ត្រៃយ៍ បង្ខំ​ឲ្យ​ធ្វើ​ការ​លើស​ម៉ោង និង​បាត់បង់​ការងារ ប្រសិន​បើ​កម្មការិនី​មាន​ផ្ទៃពោះ។

ក្រុមហ៊ុន H&M បញ្ជាក់​ថា របាយការណ៍​នេះ​មាន​សារប្រយោជន៍​សំខាន់​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​រយៈពេល​វែង ជាពិសេស​ចំពោះ​កម្មករ-​កម្មការិនី ដែល​ធ្វើ​ការ​នៅ​រោងចក្រ​នៃ​ប្រទេស​កម្ពុជា និង​ឥណ្ឌា។

អង្គការ​សម្ពន្ធភាព​តម្លៃ​ប្រាក់ឈ្នួល​នៅ​អាស៊ី បាន​ចុះ​ពិនិត្យ និង​សាកសួរ​កម្មករ​ឥណ្ឌា ចំនួន ៥០​នាក់ ពី​រោងចក្រ​ចំនួន ៥ និង​កម្មករ​ខ្មែរ​ចំនួន​ជាង ២០០​នាក់ ធ្វើការ​ក្នុង​រោងចក្រ​ចំនួន​១២ ចាប់​ពី​ខែ​សីហា ដល់​ខែ​តុលា ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។