បទល្មើស​និង​ល្បែងស៊ីសង​ក្នុង​ក្រុង​បាត់ដំបង រាលដាល​កាន់តែខ្លាំង​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​

​លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ផ្សេងៗ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ ហើយ​បច្ចុប្បន្ននេះ​ក្រុម​ក្មេង​ទំនើង​តែង​បង្ក​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​បំផុត​។ កាលពី​យប់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បើក​ប្រតិបត្តិ​ការប្រមូល​ក្មេង​ទំនើង​៤១​នាក់​ដែល​បង្ក​អសន្តិសុខ​នៅក្នុង​ក្រុង​បាត់ដំបង​។ ចំណែក​លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បញ្ហា​នេះ​។     ​

​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិ​ការប្រមូល​ក្មេង​ទំនើង កាលពី​យប់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា ក្នុងចំណោម​៤១​នាក់​ដែល​ត្រូវ​ប្រមូលបាន​នោះ មាន​ប្រុស​២៩​នាក់ ស្រី​៨​នាក់ និង​ភេទ​ទី​បី​៤​នាក់​ផងដែរ​។ ក្រុម​នេះ​តែងតែ​ដើរ​បង្កបញ្ហា​អសន្តិសុខ​នៅតាម​សួនច្បារ ផឹកស៊ី ប្រើប្រាស់​គ្រឿងញៀន និង​បម្រើសេវា​ផ្លូវភេទ​យ៉ាង​អនាធិបតេយ្យ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្មេង​ទំនើង​ទាំង​៤១​នាក់​ភាគច្រើន​ជា​កូនចៅ​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ក្រុង​បាត់ដំបង ហើយ​កន្លងមក​ពួកគេ​តែងតែ​ធ្វើ​សកម្មភាព​យ៉ាង​ពេញបន្ទុក​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ភាព​អសកម្ម​របស់លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង គឺជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​ក្រុម​ក្មេង​ទំនើង​ធ្វើ​សកម្មភាព​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ក្រៅពី​ក្មេង​ទំនើង​បង្ក​ឲ្យ​មាន​ភាពអនាធិបតេយ្យ​ក្នុងសង្គម គឺ​បទល្មើស​ផ្សេងៗ​ដូចជា​ល្បែងស៊ីសង គ្រឿងញៀន អំពើចោរកម្ម នៅតែ​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​។ ការដែល​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង មិន​ដកហូត​តំណែង​លោក យឹម វិចិត្រ ពី​អធិការនគរបាល​ក្រុង​បាត់ដំបង គឺជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​លោក យឹម វិចិត្រ កាន់តែ​បានដៃ​ក្នុង​ការបើក​ឲ្យ​មាន​ល្បែងស៊ីសង និង​បទល្មើស​ផ្សេងៗ​យ៉ាង​ពេញបន្ទុក​។ ដូច្នេះ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​បញ្ហា​ដែល​កើតឡើង​ក្នុង​ក្រុង​បាត់ដំបង ជាបន្ទាន់​ព្រោះ​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា បទល្មើស​គ្រឿងញៀន ល្បែងស៊ីសង និង​អំពើចោរកម្ម នៅតែ​រាលដាល​គួរ​ឲ្យ​ភ័យខ្លាច​៕

1abd2