បទពិសោធន៍បុរសខ្មែរ ផ្លាស់ប្តូររបៀបរស់នៅថ្មី លើទឹកដីអាមេរិក ជួបរឿងអ្វីខ្លះ ដែលនឹកស្មានមិនដល់?

ភ្នំពេញ៖ យើងតែងតែនិយាយថា “គ្មានកន្លែងណាដូចជាផ្ទះរបស់យើងទេ” (There’s no place like home)។ វាជាការពិតណាស់ ព្រោះការដែលយើងផ្លាស់ប្តូរទីកន្លែង រស់នៅមិនថា ជិតឬក៏ឆ្ងាយទេ  យើងតែងតែជួបបញ្ហាមួយចំនួន ទាំងរបៀបរស់នៅ  ម្ហូបអាហារ  ការស្លៀកពាក់  អាកាសធាតុ  វប្បធម៌ និងប្រពៃណីជាដើម -ល-។ ជាងនេះទៅទៀត គឺមិនចង់ឃ្លាតពីគ្រួសារ ឬមនុស្សជាទីស្រលាញ់ និងទឹកដីកំណើតផងដែរ។

យ៉ាងណាមិញ ថ្ងៃនេះលោក សឿន វឌ្ឍនា នឹងចែករំលែកបទពិសោធន៍រស់នៅក្រៅប្រទេស ដែលរូបលោកកំពុងឆ្លងកាត់ ជូនដល់ប្រិយមិត្ត Khmerload ទុកជាជាជ្រុងមួយនៃគំនិត និងជាការយល់ដឹងមួយផ្នែកផងដែរ។

សព្វថ្ងៃនេះលោក សឿន វឌ្ឍនា មានអាយុ ៣០ឆ្នាំ បានចាកចោលម្តាយ បងប្អូនប្រុសស្រី៣នាក់ និងបានលាឈប់ពីការងារ ដើម្បីចាកចេញទៅរស់នៅ រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ជាមួយនឹងភរិយា។ លោកបានមកធ្វើការនៅទីនោះ (អាមេរិក) អស់រយៈពេលជាង៣ខែមកហើយ បើគិតមកទល់ពេលនេះ។ លោកបានប្រាប់ Khmerload ថា ភាពខុសប្លែកគ្នារវាងការរស់នៅកម្ពុជា និងអាមេរិក មានច្រើនណាស់។

“ទីមួយគឺ ពេលវេលា។ ខ្ញុំតែងតែគិតថា តើ ២៤ម៉ោងនៅអាមេរិកស្មើនឹងមួយថ្ងៃនៅកម្ពុជាឬប្រទេសផ្សេងៗដែរអត់? ២៤ម៉ោងនៅទីនោះដូចជាលឿនពេកហើយសម្រាប់ខ្ញុំ ក្នុងការធ្វើក្រដាសស្នាមការងារផ្សេងៗ ឬឈររង់ចាំក្នុងជួរការិយាល័យ។ ពេលវេលាកាន់តែដើរយ៉ាងឆាប់រហ័ស សូម្បីតែពេលដែលខ្ញុំនៅផ្ទះក៏ដោយ!”។

លោកថា៖ “បន្ថែមពីលើពេលវេលាដែលតែងតែដើរយ៉ាងលឿនទៅមុខនោះ, ភាពតានតឹង គឺជាក្តីបារម្មណ៍មួយទៀត ដែលខ្ញុំកំពុងជួបប្រទះ។ សម្រាប់ពេលប៉ុន្មានថ្ងៃដំបូង, អ្នកនៅទីនោះព្យាយាមប្រាប់ខ្ញុំ ឲ្យប្រុងប្រយ័ត្នជាមូយនឹងភាពតានតឹង ជាពិសេសនៅពេលឥលូវនេះ ខ្ញុំគ្មានការងារធ្វើ។ ខ្ញុំមិនបានជឿពួកគេទេ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក ខ្ញុំចាប់ផ្តើមមានអារម្មណ៍ទាំងនោះ។ ខ្ញុំដឹងថាការផ្លាស់ប្តូរមករស់នៅ អាមេរិក មិនមែនជារឿងងាយស្រួលទេ។ ខ្ញុំ និងភរិយាត្រូវដោះស្រាយជាមួយបញ្ហាទាំងធំ ទាំងតូច ដោយខ្លូនយើងផ្ទាល់ នៅក្នុងបរិស្ថានមួយ ដែលមិនទម្លាប់ពីមុនមក”។ លោកបន្តថា “ឧទាហរណ៍, ពេលដែលខ្ញុំច្បាស់បំផុតថា ខ្ញុំពិតជាតានតឹងនោះ គឺពេលដែលសោទ្វារផ្ទះមិនដំណើរការស្រួលបួលទាល់តែសោះ, ទឹកបង្គន់ក៏ហូរមិនឈប់ និងហាក់ដូចជាមិនអាចជួសជុលបាន, ​ ម៉ាស៊ីនត្រជាក់ពេលខ្លះបើក ពេលខ្លះបិទដោយខ្លួនឯង, ភរិយារបស់ខ្ញុំចង់បានគ្រឿងសង្ហារឹមសម្រាប់ផ្ទះរបស់យើង, ប័ណ្ណបើកបរមិនអាចបានដោយងាយស្រួល, ថ្លៃសាលារៀនក៏មានតម្លៃថ្លៃខ្លាំង, ហើយលិខិតអនុញ្ញាតឲ្យធ្វើការងារ ក៏ត្រូវរង់ចាំយ៉ាងយូរ។ នេះខ្ញុំមិនលើកនិយាយពីឯកសារផ្សេងទៀតផង។ ក្រៅពីនេះយើងត្រូវតែក្រោកពីគេង នៅពេលព្រឹកព្រលឹម ដើម្បីចំអិនម្ហូប ដោយសារតែយើងមិនទាន់ទម្លាប់បរិភោគ ជាមួយនឹងអាហារក្នុងស្រុកគេ, ហើយយើងមិនមានលទ្ធភាព ចំនាយច្រើនពេកទៅលើអាហារខាងក្រៅទេ”។

លោកបន្តរៀបរាប់ថា៖ “បញ្ហាមួយទៀត ដែលខ្ញុំជូបប្រទះ គឺ សម្ពាធ។ ខ្ញុំចាប់ផ្តើមមាន សម្ពាធ ហើយវាធ្វើអោយខ្ញុំ មានអារម្មណ៍ថាខ្ញុំបានក្លាយជាមនុស្សម្នាក់ ដែលគ្មានប្រយោជន៍។ ខ្ញុំមិនមានការងារធ្វើ។ ខ្ញុំមិនទាន់រកលុយបាន ប៉ុន្តែខ្ញុំបែរជាធ្វើការចំណាយច្រើន។ ខ្ញុំបានរៀនមេរៀនជាច្រើន ពីស្ថានភាពបរិយាកាសថ្មីរបស់ខ្ញុំ។ ឧទាហរណ៍ ខ្ញុំបានរៀនយល់ព្រម ជាមួយនឹងគំនិតរបស់ភរិយាខ្ញុំ ដូច្នេះខ្ញុំនឹងមិនធ្វើអោយនាងមានអារម្មណ៍មិនល្អ គឺជារឿងប្រសើរបំផុត។ មួយវិញទៀតខ្ញុំបានដឹងថា វាមិនមែនជាការងារដែលងាយស្រួលទេ សម្រាប់ម្តាយ និងម្តាយក្មេករបស់ខ្ញុំ ដើម្បីមើលថែរក្សាផ្ទះ សម្រាប់រយៈពេលច្រើនឆ្នាំមកនោះ។ ហើយខ្ញុំក៏បានដឹងដែរ ថាវាគឺជាការលំបាកណាស់ ដែលមានជម្លោះសូម្បីតែរឿងតូចមួយ ជាមួយនឹងភរិយារបស់ខ្ញុំ។ ខ្ញុំមិនអាចធ្វើបានទេ ព្រោះពេលដែលនាងមិននិយាយមកខ្ញុំ, ពិភពលោកទាំងមូលគឺគ្មានន័យអ្វីទាល់តែសោះ”។

លោកវឌ្ឍនា បានប្រាប់ Khmerload បន្ថែមទៀតថា៖ “ទៅមុខ ឬថយក្រោយ, លោកតែងតែមានអារម្មណ៍ចង់ត្រលប់ទៅផ្ទះវិញជារឿយៗ។ ប៉ុន្តែលោកជឿថា ទឹកដីអាមេរិក នឹងក្លាយជាឱកាសមួយដ៏ល្អ។ លោករួមជាមួយនឹងភរិយា នឹងខិតខំតស៊ូដើម្បីដោះស្រាយការលំបាក នាពេលបច្ចុប្បន្ន និងនាពេលខាងមុខទាំងពីរនាក់ និងការស្វែងរកឱកាសល្អៗ សម្រាប់លោក និងក្រុមគ្រួសារនាពេលអនាគត។

ក្រៅពីបញ្ហាដែលលោកបានឆ្លងកាត់ ក៏មានរឿងល្អៗ និងគួរឱ្យអស់សំណើចកើតឡើងមកលើលោក និងភរិយាផងដែរ។ លោកបានប្រាប់ថា “រឿងដែលល្អដំបូងបំផុតនោះគឺ សេចក្ដីស្រឡាញ់របស់យើង កំពុងកើនឡើងកាន់តែខ្លាំង និងមានភាពរឹងមាំជាងមុនទៅទៀត។ យើងមើលថែរក្សាគ្នាទៅវិញទៅមក ច្រើនជាងពីមុនទៅទៀត។ បើទោះជាប្រពន្ធរបស់ខ្ញុំ រអ៊ូអំពីភាពខ្ជិលរបស់ខ្ញុំ ច្រើនជាងមុនទ្វេរដង ក៏ខ្ញុំទទួលយកបានទាំងអស់”។

បែរមករករឿងដែលគួរឲ្យចង់សើចវិញនោះ លោក សឿន វឌ្ឍនា បានរៀបរាប់ថា “ខ្ញុំបានសំដៅទៅហាងមួយ ដើម្បីស្វែងរកថ្នាំ Betadine។ ខ្ញុំបានសួរបុគ្គលិកម្នាក់ដែលហាក់ដូចជាមិនដឹងថា Betadine គឺជាអ្វីទេ។ ខ្ញុំក៏បានពន្យល់ថា Betadine គឺថ្នាំទឹកដែលប្រើដើម្បីលាងសម្អាតមុខរបួស ជាភាសាអង់គ្លេស។ ជាមួយនឹងការបញ្ចេញសំឡេងជាភាសាអង់គ្លេសដ៏ល្អរបស់ខ្ញុំ, បុរសអ្នកលក់ម្នាក់នោះ មិនបានសួរខ្ញុំសាឡើងវិញទេ។ គាត់ហាក់ដូចជាយល់ទាំងស្រុង នូវអ្វីដែលខ្ញុំបាននិយាយ តែបែរជានាំខ្ញុំទៅជួបអ្នកសំអាតកម្រាលឈើទៅវិញ”។

លោកបន្តថា៖ “ពីរបីថ្ងៃក្រោយមកខ្ញុំបានទៅហាងផ្សេងទៀត ដើម្បីស្វែងរកសាប៊ូដុសខ្លួន។ បុគ្គលិកលក់មិនយល់ពីអ្វី ដែលខ្ញុំនិយាយឡើយ ហើយបានសុំខ្ញុំអោយនិយាយដដែលៗឡើងវិញ។ ខ្ញុំបាននិយាយថា "sho-wer-gel" យ៉ាងយឺតបំផុត។ គាត់នៅតែមិនយល់ ហើយបាននាំខ្ញុំអោយទៅជួបអ្នកគ្រប់គ្រងហាងទៀតផង, ហើយគាត់បានសួរជាភាសាអង់គ្លេសថា "តើវាជាស្ករគ្រាប់មែនទេ?"។ ក្នុងចិត្តរបស់ខ្ញុំកំពុងតែគិតថា «តើគេនិយាយលេងជាមួយខ្ញុំទេដឹង?"។ បន្ទាប់មក, ទើបភរិយារបស់ខ្ញុំនិយាយយ៉ាងធម្មតាថា "Body wash"។”

ជាចុងក្រោយ លោកបាននិយាយថា “នេះជាជីវិតថ្មីរបស់ខ្ញុំ, ពេលខ្លះតានតឹង និងខ្លះទៀតគួរឱ្យអស់សំណើច, មួយចំនួនមានភាពវិជ្ជមាន និងមួយចំនួនក៏អវិជ្ជមាន។ ខ្ញុំសង្ឃឹមថា ខ្ញុំមិនមែនជាមនុស្សតែម្នាក់ ដែលបានជួបប្រទះរឿងបែបនេះទេ។ ប្រសិនបើមានអ្នកដទៃទៀត ដែលជួបនឹងការផ្លាស់ទីលំនៅថ្មីនេះ សូមកុំបោះបង់អី ត្រូវតែធ្វើអារម្មណ៍ថា មានផាសុកភាព និងព្យាយាមសម្របនៅក្នុងបរិយាកាសថ្មី។ មិនថាយូរ ឬឆាប់នោះទេ​អ្នកប្រាកដជាធ្វើបាន”៕

ក្រោយពីបានជ្រាបពីបទពិសោធន៍នេះរួច តើប្រិយមិត្តខ្មែរឡូត មានចំណាប់អារម្មណ៍យ៉ាងណាដែរ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បទពិសោធន៍បុរសខ្មែរ ផ្លាស់ប្តូររបៀបរស់នៅថ្មី លើទឹកដីអាមេរិក ជួបរឿងអ្វីខ្លះ ដែលនឹកស្មានមិនដល់?

បទពិសោធន៍បុរសខ្មែរ ផ្លាស់ប្តូររបៀបរស់នៅថ្មី លើទឹកដីអាមេរិក ជួបរឿងអ្វីខ្លះ ដែលនឹកស្មានមិនដល់?

បទពិសោធន៍បុរសខ្មែរ ផ្លាស់ប្តូររបៀបរស់នៅថ្មី លើទឹកដីអាមេរិក ជួបរឿងអ្វីខ្លះ ដែលនឹកស្មានមិនដល់?

បទពិសោធន៍បុរសខ្មែរ ផ្លាស់ប្តូររបៀបរស់នៅថ្មី លើទឹកដីអាមេរិក ជួបរឿងអ្វីខ្លះ ដែលនឹកស្មានមិនដល់?