មន្ត្រី​ស៊ីម៉ាក​ប្រមាណ​១០០​នាក់​នឹង​បញ្ចប់​គម្រោង​រាវ​រក​យុទ្ធភណ្ឌ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥

កងឯកភាព​បោសសម្អាត​មីន​ដើម្បី​អភិវឌ្ឍន៍ នៃ​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ (CMAC) កំពុង​ពន្លឿន​ការងារ​បោស​សម្អាត​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទះ​លើ​ផ្ទៃ​ដី​អម​សង​ខាង​ផ្លូវ​ជាតិ​លេខ​៥ ដើម្បី​អភិវឌ្ឍ​ផ្លូវ​មួយ​ខ្សែ​នេះ​ឲ្យ​ក្លាយ​ជា​ផ្លូវ​ភ្លោះ​ស្តង់ដារ។ មន្ត្រី​ជំនាញ​ថា បេសកកម្ម​សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ​នេះ នឹង​ខំ​ឲ្យ​ចប់​តាម​ផែនការ​នៅ​ចុង​ខែ​កក្កដា ឆ្នាំ​២០១៦។

មន្ត្រី​ស៊ីម៉ាក់​ប្រមាណ ១០០​នាក់ កំពុង​ប្រតិបត្តិការ​លើ​គម្រោង​គម្រោង​ទី​ពីរ​នៃ​ការ​បោសសម្អាត​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ គឺ​ចាប់​ពី​ចំណុច​ព្រែក​ក្ដាម ដល់​ចំណុច​ធ្លា​ម្អម នៃ​ខេត្ត​ពោធិ៍សាត់ ប្រវែង​ជាង ១៤៧​គីឡូម៉ែត្រ។ នៅ​គ្រា​ដែល​មិន​ទាន់​មាន​ភ្លៀង​ធ្លាក់​ជោកជាំ ក្រុម​អ្នក​កាប់​ឆ្ការ​ព្រៃ និង​រាវ​គ្រាប់​មិន​ទាន់​ផ្ទុះ កំពុង​ពន្លឿន​ការងារ​នៅ​តំបន់​ទំនាប និង​កន្លែង​ដែល​អាច​ដក់​ទឹក​ខ្លាំង។

ការ​ធ្វើ​ដូច្នេះ ជៀសវាង​ការ​លំបាក​ទាំង​កាប់​ឆ្ការ​ព្រៃ និង​យក​ឧបករណ៍​រាវ​មីន​ចូល​ក្នុង​ទឹក។ រយៈ​ពេល​ជិត ៥​ខែ ដែល​ក្រុម​នេះ​អនុវត្ត​បាន​រក​ឃើញ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់។

ប្រធាន​កង​ឯកភាព​បោសសម្អាត​មីន ដើម្បី​អភិវឌ្ឍន៍ លោក ម៉ុង សុគន្ធារ័ត្ន ថ្លែង​នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ថា ត្បិត​លោក​មិន​ចាំ​ពី​តួលេខ និង​ប្រភេទ​គ្រាប់​ដែល​បាន​រក​ឃើញ ប៉ុន្ដែ​ក្នុង​នោះ​ពុំ​មាន​គ្រាប់​មីន​នោះ​ទេ។ លោក​ថា បច្ចុប្បន្ន​គ្រាប់​ទាំង​នោះ​បាន​យក​ទៅ​បំផ្លាញ​ចោល​អស់​ហើយ ហើយ​ក្រុម​ការងារ​នឹង​បញ្ចប់​បេសកកម្ម​តាម​ផែនការ​ដែល​បាន​គ្រោង​ទុក គឺ​នៅ​ដំណាច់​ខែ​កក្កដា ឆ្នាំ​២០១៦៖ «ជា​លទ្ធផល​សម្រេច​បាន​ប្រហែល​ជា ៥០ ទៅ ៦០​ភាគរយ​ហើយ! ចាប់​ផ្ដើម​តាំង​ពី​ខែ​មួយ ហើយ​ផែនការ​យើង​នឹង​ចប់​នៅ​ចុង​ខែ​៧។ ដូច​ជា​មិន​បញ្ហា​អី​ទេ យើង​គិត​ថា ផ្ទៃ​ដី​នៅ​សល់ គឺ​យើង​អាច​ចប់​ទៅ​តាម​ផែនការ​ដែល​បាន​កំណត់»

ទាំង​គម្រោង​បោស​សម្អាត​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​ការ​ស្ថាបនា​កែ​លម្អ​ផ្លូវ​ជាតិ​លេខ​៥ គឺ​ចាប់​ពី​ព្រែកក្ដាម ខេត្ត​កណ្ដាល រហូត​ដល់​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​បែងចែក​ជា​បី​ដំណាក់កាល។ ដំណាក់កាល​ទី​១ គឺ​ពី​បាត់ដំបង ទៅ​ស្វាយស៊ីសុផុន ដំណាក់កាល​ទី​២ គឺ​ចាប់​ពី​ព្រែកក្ដាម ខេត្ដ​កណ្ដាល ដល់​ស្រុក​ក្រគរ ដំណាក់កាល​ទី​៣ ចាប់​ពី​ស្រុក​ក្រគរ ដល់​ក្រុង​បាត់ដំបង បូក​នឹង​ស្វាយស៊ីសុផុន ទៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​លោក នូ វឌ្ឍនៈ ថ្លែង​ថា ក្រោយ​ពី​គម្រោង​បោស​សម្អាត​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចប់​នៅ​ពេល​ខាង​មុខ​នេះ ការ​ស្ថាបនា​ផ្លូវ​អាច​នឹង​ចាប់​ផ្ដើម​ពី​ខែ​តុលា ឆ្នាំ​២០១៦ និង​ត្រូវ​បញ្ចប់​គម្រោង​ទាំង​ស្រុង​នៅ​ឆ្នាំ​២០២០ បន្ទាប់​ពី​បាន​ដោះស្រាយ​ផល​ប៉ះពាល់​ហើយ​ដែរ​នោះ។ គម្រោង​ស្ថាបនា​នេះ​ក្រោម​កម្ចី​ឥណទាន​ប្រមាណ ១១០​លាន​ដុល្លារ​​ពី​ប្រទេស​ជប៉ុន៖ «ហើយ​ចាក់​កៅស៊ូ​ហ្នឹង ១​តឹក​កន្លះ​ណោះ កន្លង​មក​អា​កៅស៊ូ​ហ្នឹង​យើង​ចាក់​យ៉ាង​ច្រើន​តែ ៥​ហ៊ុន ឬ ៧​ហ៊ុន​ទេ ឥឡូវ​ឡើង​ដល់ ១​តឹក​កន្លះ អា​ហ្នឹង​គម្រោង​របស់​ជប៉ុន អ៊ីចឹង​បាន​វា​ថ្លៃ ហើយ​ដល់​កំណាត់​ទី​៣ អត់​ទាន់​រាវ​ទេ គឺ​ពី​ធ្លា​ម្អម ទៅ​បាត់​ដំបង បូក​ពី​ស្វាយ​ទៅ​ប៉ោយប៉ែត អត់​ទាន់​បាន​ទៅ​រាវ​ទេ ប្រហែល​ជា​ចប់​អា​កញ្ចប់​ទី​ពីរ​នេះ​បាន​ចូល​កញ្ចប់​ទី​៣»

តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ចុះ​អនុវត្ត​ការងារ​ផ្ទាល់​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ឲ្យ​ដឹង​ថា ប្រភេទ​គ្រាប់​ដែល​រក​ឃើញ​ភាគ​ច្រើន គឺ​ជា​ប្រភេទ​គ្រាប់​បេ​កម្រិត ៦០​មិល្លីម៉ែត្រ និង ៨០​មិល្លីម៉ែត្រ អឹម ៧៩ (M.79) និង​គ្រាប់​ដេកា (DK) ជា​ដើម។ បច្ចុប្បន្ន​ក្រុម​ការងារ​ទាំង​បី​ក្រុម កំពុង​ពន្លឿន​ការងារ​នៅ​គោលដៅ​ខេត្ដ​កណ្ដាល កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។