ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ​បន្ត​សាកសួរ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​សាកសួរ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន នៅ​ថ្ងៃ​ទី​២៥ ឧសភា។

លោក អ៊ុំ សំអាន ត្រូវ​បាន​នាំ​ខ្លួន​មក​ដល់​តុលាការ នៅ​ព្រឹក​ម៉ោង​ប្រមាណ​៨ ហើយ​តុលាការ​កំពុង​បន្ត​នីតិវិធី​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​ទី​១៧ ឧសភា សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ បាន​សម្រេច​មិន​ឲ្យ​លោក អ៊ុំ សំអាន នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ទេ ដោយ​សំអាង​ថា បើ​ដោះលែង លោក អ៊ុំ សំអាន នឹង​ធ្វើ​ឲ្យ​សង្គម​ច្របូកច្របល់ ហើយ​តុលាការ​មិន​ទាន់​បញ្ចប់​ការ​ស៊ើបសួរ​ផង។

លោក អ៊ុំ សំអាន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា។ មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​គុក​ព្រៃស ដោយ​ចោទ​ប្រកាន់​ពីរ​បទល្មើស គឺ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាអាទិ៍ នៃ​ក្រមព្រហ្មទណ្ឌ។

ភ្លាមៗ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ស្រែក​ព្រមាន​ក្រោយ​ការ​ចោទ​នោះ​ថា ការ​ចាប់​ខ្លួន​លោក អ៊ុំ សំអាន គឺ​ត្រឹមត្រូវ​តាម​ច្បាប់ ព្រោះ​លោក​ជំរុញ​ឲ្យ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​ក្នុង​ការ​ ផ្សព្វផ្សាយ​ផែនទី និង​ប្រើ​ពាក្យសម្ដី​ក្នុង​ទិស​ដៅ​ញុះញង់ បំផុស​បំផុល​ឲ្យ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង ព្រមទាំង​មាន​ទិសដៅ​ទម្លាក់​នាយករដ្ឋមន្ត្រី។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។