GMAC ព្រមាន​ពី​កំណើន​ប្រកួត​ប្រជែង​ក្នុង​វិស័យ​កាត់​ដេរ ខណៈ​ផលិត​ភាព​នៅ​កម្ពុជា​ធ្លាក់​ចុះ ការ​ចំណាយ​កើន​ឡើង

ការធ្លាក់ចុះនៃផលិតភាពក្នុងវិស័យកាត់ដេររបស់កម្ពុជា គួបផ្សំនឹងការចំណាយដែលចេះតែបន្តកើនឡើង អាចធ្វើឲ្យកម្ពុជាចាញ់ប្រៀបក្នុងការប្រកួតប្រជែងជាមួយនឹងបណ្ដាប្រទេសផលិតសម្លៀកបំពាក់ផ្សេងទៀត ដូចជា វៀតណាម បង់ក្លាដែស និងមីយ៉ាន់ម៉ា ជាដើម។ នេះបើយោងតាមការលើកឡើងរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ។

នៅចន្លោះពីឆ្នាំ ២០១១ ដល់ដំណាច់ឆ្នាំ២០១៤ ផលិតភាពការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង បានធ្លាក់ចុះប្រមាណ ១៤%។ នេះបើផ្អែកតាមព្រឹត្តិបត្រព័ត៌មានដែលចុះផ្សាយកាលពីខែមីនា ដោយអង្គការអន្តរជាតិខាងការងារ ហៅកាត់ថា ILO ។

ព្រឹត្តិបត្រព័ត៌មាននោះបានសរសេរថា៖ “ផលិតភាពការងារហាក់ធ្លាក់ចុះ… ដោយសារចំនួនការងារកើនលើសពីកំណើនផលិតភាព”។

ឧស្សាហកម្មកាត់ដេរ គឺជាវិស័យសំខាន់ដែលជួយជំរុញសេដ្ឋកិច្ចរបស់កម្ពុជា ហើយបច្ចុប្បន្នកំពុងផ្ដល់ការងារដល់ប្រជាជនប្រមាណ ៧០ ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី។

GMAC ព្រមាន​ពី​កំណើន​ប្រកួត​ប្រជែង​ក្នុង​វិស័យ​កាត់​ដេរ ខណៈ​ផលិត​ភាព​នៅ​កម្ពុជា​ធ្លាក់​ចុះ ការ​ចំណាយ​កើន​ឡើង

GMAC បានលើកឡើងថា ការធ្លាក់ចុះនូវផលិតភាពនេះ ប្រហែលជាត្រូវបន្តរហូតដល់ឆ្នាំ២០១៦ តទៅទៀត ហើយស្នើសុំដល់កម្មករ សហជីព ព្រមទាំងរដ្ឋាភិបាល ផ្ដោតលើការបង្កើនផលិតភាពរបស់វិស័យនេះ ពីព្រោះការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ចេះតែកើនឡើង។

អគ្គលេខាធិការរបស់ GMAC លោក ខេន លូ បានមានប្រសាសន៍ថា៖ “ទាំងអស់គ្នាត្រូវជួយចូលរួមចំណែកធ្វើយ៉ាងណាថែរក្សាឧស្សាហកម្មរបស់យើងឲ្យមានសមត្ថភាពឈរជើងក្នុងបរិយាកាសប្រកួតប្រជែងខ្លាំងនាពេលបច្ចុប្បន្នលើទីផ្សារពិភពលោក។ ក្នុងនាមជានិយោជក យើងបានប្រឹងប្រែងរួមចំណែកដោយបានវិនិយោគលើការកសាងសមត្ថភាពជំនាញដល់កម្មករ-កម្មការិនី”។

ទន្ទឹមនឹងនេះ GMAC ថែមទាំងបានពិភាក្សាជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើការធ្វើយុទ្ធនាការជំរុញផលិតភាពការងារ ដែលគ្រោងនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខ។ ផ្នែកសំខាន់នៃយុទ្ធនាការនោះ គឺ (១) កម្មវិធីផ្ដោតលើការលើកកម្ពស់ការយល់ដឹងពីផលិតភាពការងារនៅថ្នាក់ជាតិ នៅកម្រិតឧស្សាហកម្ម និងនៅតាមបណ្ដារោងចក្រ។ (២) គឺការផ្ដល់ប្រឹក្សាយោបល់ជាក់ស្ដែង ដើម្បីប្រែចំណេះដឹងឲ្យទៅជាសកម្មភាពជាក់លាក់ដើម្បីលើកកម្ពស់ផលិតភាពការងារ។ យុទ្ធនាការនេះ តម្រូវឲ្យមានការប្តេជ្ញាចិត្តខ្ពស់ពី GMAC រដ្ឋាភិបាល ថ្នាក់គ្រប់គ្រងរោងចក្រ អ្នកបញ្ជាទិញ សហជីព ILO និងភាគីពាក់ព័ន្ធផ្សេងទៀត។

លោក ខេន លូ បានថ្លែងថា៖ “កូដកម្មខុសនីតិវិធី ទំនាក់ទំនងវិជ្ជាជីវៈការងារមិនសូវល្អ និងបញ្ហាផ្សេងៗទៀត បានកំពុងតែបង្អាក់ដល់កិច្ចប្រឹងប្រែងរបស់យើងក្នុងការលើកកម្ពស់ផលិតភាពការងារក្នុងវិស័យនេះ។ ដូច្នេះ យើងសំណូមពរឲ្យគ្រប់ភាគី មានការពិចារណាឲ្យបានច្រើន និងផ្ដល់អាទិភាពលើការងារនានាដែលអាចលើកកម្ពស់ឧស្សាហកម្មរបស់យើងឲ្យកាន់តែប្រសើរថែមទៀត”។

GMAC ព្រមាន​ពី​កំណើន​ប្រកួត​ប្រជែង​ក្នុង​វិស័យ​កាត់​ដេរ ខណៈ​ផលិត​ភាព​នៅ​កម្ពុជា​ធ្លាក់​ចុះ ការ​ចំណាយ​កើន​ឡើង

លោក ខេន លូ បានបន្តទៀតថា ស្របពេលជាមួយគ្នានេះដែរ ឧស្សាហកម្មកាត់ដេរក៏ត្រូវប្រឈមនឹងការចំណាយដែលចេះតែបន្តកើនឡើង ដូចជា ការចំណាយលើអគ្គិសនី និងការដឹកជញ្ជូន ជាដើម ដែលជាកត្តាជំរុញឲ្យរោងចក្រនានា ងាកទៅធ្វើអាជីវកម្មនៅប្រទេសផ្សេងទៀត។

លោក ខេន លូ បានឲ្យដឹងថា៖ “GMAC ស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមរបស់រដ្ឋាភិបាលដែលបានសម្រួលដល់ដំណើរការនាំចេញផលិតផលសម្លៀកបំពាក់។ ទោះជាយ៉ាងណា យើងត្រូវការឲ្យមានការកាត់បន្ថយបន្ថែមទៀតចំពោះតម្លៃឯកសារ ជាពិសេសគឺតម្លៃក្រៅផ្លូវការ”។

លោកថា បច្ចុប្បន្ន GMAC កំពុងតែចូលរួមចំណែកអភិវឌ្ឍវិស័យកាត់ដេរនេះ ដោយបាន និងកំពុងសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

ការសាងសង់វិទ្យាស្ថាននេះបានសម្រេចប្រហែលជា ៧០% ហើយវិទ្យាស្ថាននេះ នឹងផ្ដល់ការបណ្ដុះបណ្ដាលដល់កម្មករនិយោជិតក្នុងស្រុក ដើម្បីបំពេញមុខតំណែងគ្រប់គ្រងថ្នាក់កណ្ដាលនៅតាមបណ្ដារោងចក្រកាត់ដេរនានាទូទាំងប្រទេស។

លោក ខេន លូ បានថ្លែងថា៖ “ជាមួយនឹងវិទ្យាស្ថានថ្មីនេះ យើងសង្ឃឹមថា នឹងទប់ស្កាត់ការធ្លាក់ចុះនៃផលិតភាពការងារ តាមរយៈការផ្ដល់នូវការអប់រំដល់កម្មករ-និយោជិត ដែលនាំឲ្យពួកគាត់មានការងារកាន់តែប្រសើរ”៕

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • GMAC ព្រមាន​ពី​កំណើន​ប្រកួត​ប្រជែង​ក្នុង​វិស័យ​កាត់​ដេរ ខណៈ​ផលិត​ភាព​នៅ​កម្ពុជា​ធ្លាក់​ចុះ ការ​ចំណាយ​កើន​ឡើង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:កំសាន្ត
Tags: