​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រក​ដំណោះស្រាយ​ឲ្យ​លោក សម រង្ស៊ី អាច​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​មុន​ការបោះឆ្នោត​

ក្នុងពេល​រដ្ឋាភិបាល​បានកំណត់​យក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៦ ជា​កាលបរិច្ឆេទ​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នោះ លោក យឹម សុវណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​នៅថ្ងៃនេះ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ស្វះ​ស្វែងរក​ដំណោះស្រាយ​នយោបាយ ហើយ​ទន្ទឹមនឹងនេះ​ក៏​កំពុង​រក​ដំណោះស្រាយ​ដើម្បី​បើកផ្លូវ​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អាច​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ឲ្យ​បាន​មុន​ការបោះឆ្នោត​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ផងដែរ​។​

​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា ការបោះឆ្នោត​ដោយ​សេរី និង​យុត្ត​ធម៌ វា​ទាល់​តែមាន​គណបក្សនយោបាយ​ចូល​ប្រកួត​ដោយ​ស្មើភាព ហើយ​វា​ទាល់​តែមាន​មេដឹកនាំ​គណបក្សនយោបាយ មាន​មេដឹកនាំ​ដែល​អាចមាន​សិទ្ធិ​ក្នុងការ​ចូលរួម​ឃោសនាបោះឆ្នោត ប៉ុន្តែ​បើ​មិនមាន​វត្តមាន​ថ្នាក់ដឹកនាំ​បក្ស​របស់ខ្លួន​នោះទេ វា​មិន​អាចមាន​ភាពសេរី និង​យុត្តិធម៌​ក្នុងការ​បោះឆ្នោត​នោះទេ ដែល​ឆ្លុះបញ្ចាំង​ពី​ការគាបសង្កត់ និង​គ្មាន​ភាពយុត្តិធម៌​។​

អ្នកតាមដាន​ស្ថានការណ៍​នយោបាយ និង​សង្គម​កម្ពុជា​បាន​កត់សម្គាល់ថា ជម្រើស​មួយ​ដែល​អាច​ផ្តល់ឱកាស​ឱ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អាច​វិល​ចូល​ស្រុក​វិញ​បាន​នោះ​គឺ​តាមរយៈ​ការសម្របសម្រួល​តាម​រូបភាព​នយោបាយ​ពី​បក្ស​កាន់អំណាច និង​បក្ស​ជំទាស់​ដែលមាន​ការជួយជ្រោមជ្រែង និង​សម្របសម្រួល​ពី​សហគម​ន៍​អន្តរជាតិ នោះ​ទើប​អាច​បើកផ្លូវ​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មានលទ្ធភាព​ចូល​ស្រុក​វិញ​បាន​ដោយ​សុវត្ថិភាព ។​

ចំពោះមុខ​បញ្ហា​ខាងលើនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ពិតជា​អាច​វិល​ចូល​ប្រទេស​កម្ពុជា​វិញ នៅមុន​ការបោះឆ្នោត ឆ្នាំ ២០១៧ ឬ​មុន​ការបោះឆ្នោត​ឆ្នាំ​២០១៨ ហើយ​ធ្វើឡើង​តាមរយៈ​ការសម្របសម្រួល​នយោបាយ  និង​មានការ​គាំពារ​ពី​សហគមន៍​អន្តរជាតិ​ផងដែរ​។ យ៉ាងណាក្តី​លោក យឹម សុវណ្ណ នៅតែមាន​ជំនឿ​ចិត្ត​ថា គ្រប់​បញ្ហា​ទាំងអស់​នឹង​អាច​ដោះស្រាយបាន​រវាង​ខ្មែរ និង​ខ្មែរ ដោយ​មិនចាំបាច់​ពឹងពាក់​បរទេស ព្រោះ​វា​ជា​ផលប្រយោជន៍​ផ្ទាល់​របស់​ខ្មែរ​៕

192066_img650x420_img650x420_crop