កាប់មួយ​កាំបិត​បុ័ងតោ ​ដើម្បីសងសឹក ដែលចោទថា​​លួច​ទូរស័ព្ទ

កាប់មួយ​កាំបិត​បុ័ងតោ ​ដើម្បីសងសឹក ដែលចោទថា​​លួច​ទូរស័ព្ទ



កណ្ដាល​ ៖ បុរស​ម្នាក់បាន​រង​របួស​ត្រង់​ដៃ ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ ចំណែក​ម្នាក់ទៀត​ត្រូវ​បាន​ឃាត់ខ្លួន ​បន្ទាប់ពី​មាន​អំពើ​ហិង្សា​ កើតឡើង​ផ្ដើម​ចេញពី​ទំនាស់​គំនុំ​ចាស់ ​ដោយ​សារតែជនរង​គ្រោះ​ បាន​ចោទ​ជន​ដៃ​ដល់​ថា​ លួច​យក​ទូរស័ព្ទ​របស់​ខ្លួន​។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​២៤ ​ខែឧសភា ​ឆ្នាំ​២០១៦​វេលា​ម៉ោង​០៦​និង​១០​នាទី​ព្រឹក​ ស្ថិត​នៅ​ចំនុច​ភូមិ​ពោធិ​មង្គល ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ​ ខេត្តកណ្តាល​។​

​លោក​វរសេនីយ៍​ទោ ដួង តេង អធិការ​នគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ ឈ្មោះ​ យ៉ា​ត​ ចាន់ណា​រា ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​ ជន​ជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ​ មាន​ទីលំនៅ​ភូមិ​ពោធិ​មង្គល ឃុំ​ព្រែកតាទែន​ ស្រុក​ពញាឮ ខេត្តកណ្តាល ​រង​របួស​ត្រង់​ដៃ ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ ​រីឯ​ជនល្មើស​ ឈ្មោះ​ សុខ ដៀ​ម ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ ​ជន​ជាតិ​ខ្មែរ មុខរបរ​កម្មករ មា​ន​ទីលំនៅ ភូមិ-ឃុំ ជាមួយគ្នា​ត្រូវ​នគរបាល​ឃាត់​ខ្លួន​ និង​ដក​ហូត​វត្ថុ​តាង​​មាន​ កាំបិត​បុ័ងតោ ដង​ធ្វើ​ពី​ឈើ​ចំនួន​០១។​

លោក​វរសេនីយ៍ទោ​បន្ត​ថា ​នៅមុន​ពេល​កើតហេតុ​អ្នក​ទាំង​២ ​មាន​ទំនាស់​ជាមួយគ្នា​ដោយ​ជន​រង​គ្រោះ​ បាន​ចោទ​ជន​ល្មើស​ថា បាន​លួច​ទូរស័ព្ទ​របស់​ខ្លួន ​ហើយ​អ្នក​ទាំងពីរ​ក៏​មាន​គំនុំ​នឹង​គ្នា​រហូត​មក​។​ លុះដល់​ថ្ងៃទី​២៤​ ខែឧសភា ​ឆ្នាំ​២០១៦​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក ជនរងគ្រោះ​កំពុង​អង្គុយ​លើ​ម៉ូតូ​តាម​ផ្លូវលំ​ក្នុងភូមិ​ មុខ​ផ្ទះ​ឈ្មោះ សុខ នៅ​ភូមិ ពោធិ​មង្គល ពេលនោះ​ស្រាប់តែ​ជនល្មើស​​បាន​កាន់​កាំបិត​បុ័ងតោ​ ដើរ​សំដៅ​ទៅ​ជនរងគ្រោះ ​ពេលនោះ​ជនរងគ្រោះ​ឃើញ​ទាន់​ក៏​យកដៃ​ខាងឆ្វេង​រង​បណ្ដាលឲ្យ​មាន​របួស​ ហើយ​ត្រូវ​បងប្អូន​បញ្ជូន​ទៅ​ពេទ្យ​។​ ឯ​ជន​ដៃដល់​ក៏​ត្រូវ​កម្លាំង​​នគរបាល​ប៉ុស្តិ៍​ព្រែកតាទែន ​ធ្វើការ​ឃាត់ខ្លួន​ក្នុង​ពេល​នោះ​ដែរ​។

បច្ចុប្បន្ន ​កម្លាំង​ជំនាញ​ កំពុង​កសាង​សំណុំរឿង​​តាម​នីតិ​វិធី ​ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​កណ្តាល​ចាត់ការ​តាមផ្លូវ​ច្បាប់​៕