ក្លាយខ្លួនជា​ទាសករ​តណ្ហា ក្រោយ​មាន​ហិង្សា ប្តឹង​ទារ​១​ពាន់​ដុល្លារ ពី​ប្រពន្ធដើម តាម​ទាន់​ជាន់កែង​

​រាជធានី​ភ្នំពេញ : នារី​វ័យក្មេង​ម្នាក់ បាន​ជ្រុលខ្លួន​ស្រឡាញ់​ប្តី​គេ​លួចលាក់ បាននាំគ្នា​ដើរលេង​ត្រេកត្រអាល​តាម​រលក​ស្នេហ៍​ដោយ​ភ្លេចខ្លួន​ថា អាច​លាក់បាំង​បាន​រហូត​នោះ ទីបំផុត ត្រូវបាន​ស្ត្រី​ជា​ប្រពន្ធដើម​ដឹង​ក៏​នាំ​គ្នីគ្នា​ទៅ​ស្ទាក់​វាយ​យ៉ាង​ចាស់ដៃ​ជាំភ្នែក​ជាំមុខ​។ ក្រោយពេល​ទទួលរង​នូវ​ការវាយដំ​នេះ នាង​ក៏បាន​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ទួល​សង្កែ កាលពី​ព្រឹក​ថ្ងៃទី​២៤ ឧសភា ២០១៦​។​


​ការផ្ទុះ​ហឹ​ង្សា ដែល​បង្ករឿង​ដោយ​ស្ត្រី​ជា​ប្រពន្ធ វាយដំ​លើ​ស្រី​ស្នេហ៍​របស់​ប្ដី បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​១៥​នាទី យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៤ ឧសភា នៅ​ចំណុច​លក់​មីឆា​មួយកន្លែង​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក បន្ទាប់ពី​នារី​រូបនោះ បាន​បណ្តើរ​ប្ដី​គេ​នោះ​ដើរលេង ហើយ​ពេលដែល​ស្ត្រី​ជា​ប្រពន្ធ​បាន​ទូរស័ព្ទ​ទៅ​នាង​ក៏បាន​ស្រែក​ប្រាប់ថា «​ប្តី​នៅ​ជាមួយ​ស្រី​» គឺ​និយាយ​បែប​បញ្ឈឺចិត្ត​។​


​នារី​ដែល​លង់ខ្លួន​ព្រោះ​ស្នេហ៍​ប្តី​គេ​នោះ​ឈ្មោះ សៀង ហុង អាយុ​២០​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​មាន​ស្រុកកំណើត​នៅ ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រសាទ​សំបូរ ខេត្តកំពង់ធំ​។ ចំណែក​បុរស​ស្នេហ៍​ដែល​ភ្លេច​ប្រពន្ធ និង​កូន មក​លួច​បណ្ដើរ​សង្សារ​មានឈ្មោះ ស៊ីន អាយុ​២៦​ឆ្នាំ មានមុខ​របរ​លក់​ទូរស័ព្ទ នៅ​ផ្សារ​ទំនប់ ហៅ​ផ្សារ ងិន​អាន ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ មាន​ស្រុកកំណើត​នៅ​ខេត្តកំពត មាន​ប្រពន្ធ និង​កូនប្រុស​២​នាក់។​


​តាម​នារី​ឈ្មោះ សៀង ហុង បាន​លាតត្រដាង​ថា រូបនាង​មាន​ទំនាក់ទំនង​ស្នេហា និង​ស្រឡាញ់គ្នា​លួចលាក់ ជាមួយ​បុរស​ជា​ប្តី​គេ​នោះ មាន​រយៈពេល​ប្រមាណ​ជាង​១​ឆ្នាំ​មកហើយ។ នាង​ថា ភ្លើង​ស្នេហ៍​បាន​ឆេះ​ឡើង តាមរយៈ​នាង​ទៅ​ទិញ​ស៊ីម​ទូរស័ព្ទ ហើយ​ប្រុស​នោះ​លួងលោម​សុំ​ស្នេហ៍​ពី​នាង​។ ការរស់នៅ​ជាមួយគ្នា​មិន​មានកូន​នោះទេ ហើយ​បុរស​ដែល​នាង​ស្រឡាញ់ តែងតែ​បបួល​នាង​ដើរលេង និង​ធ្វើ​អ្វីៗ​ដែលមាន​សេចក្តីសុខ​ជាមួយគ្នា​។​


​តាម​ព័ត៌មាន​អោយដឹងទៀតថា នៅវេលា​យប់​ថ្ងៃទី​២៣ ខែឧសភា ពួកគេ​ទាំងពីរ​នាក់​គ៏​បាននាំគ្នា​មក​ហូប​មីឆា នៅតាម​ផ្លូវ​លេខ​៥៩៨ កន្លែងកើតហេតុ​ខាងលើ ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធ​បាន​ទូរស័ព្ទ​សួរ​បុរស​ជា​ប្តី​ថា នៅទីណា​ចូល​ផ្ទះ​វិញ​អត់​? តែ​ត្រូវ​បុរស​ជា​ប្តី​ឆ្លើយតប​ទៅវិញ​ថា នៅ​កន្លែង​លក់​ទូរស័ព្ទ​ផ្សារ​ទំនប់​។ ខណៈពេលដែល​និយាយ​ទូរស័ព្ទ​មិនទាន់​បិទ​ផង នាង​ជា​ស្រី​ស្នេហ៍​ដែល​អង្គុយ​ក្បែរ​គ្នា ក៏បាន​ស្រែក​បន្ទរ​លេង​របៀប​ប​ញ្ឈឺ​ថា ប្តី​ជាប់រវល់​នៅ​ជាមួយ​ស្រី​។​


​លុះ​បន្តិចក្រោយមក​ស្ត្រី​ជា​ប្រពន្ធ​បាន​ហៅ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​មកដល់​។ នាង​និយាយថា ក្នុងពេល​ជួប​មុខ​ប្រពន្ធ​របស់​ប្រុស​ស្នេហ៍​នោះ នាង​បាន​សួរ​ទៅ​បុរស​កំពូល​ស្នេហ​នេះ​ថា «​រវាង​ប្រពន្ធ និង​នាង​យក​មួយណា​?» ទើប​កើត​ទៅជា​ទំនាស់​គ្នា​បែកផ្សែង ហើយ​បុរស​ដែល​មកជា​មួយ​ស្ត្រី​ជា​ប្រពន្ធ ដោយ​ទ្រាំ​មិនបាន ក៍​ស្ទុះ​ទៅ​វ៉ៃ​នាង​ចំ​មុខ​ខាងស្តាំ​ចំនួន​២​ដៃ បណ្តាល​ឲ្យ​ជាំភ្នែក រួច​ពួកគេ​បានគេច​បាត់ទៅ ។​


​ទាក់ទង​នឹង​ពា​ក្ស​បណ្ដឹង​របស់ ស្ត្រី​ដែល​ស្រលាញ់​ប៉ះ​ប្ដី​គេ​នេះ នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ បាន​ណែនាំ​អោយទៅ​ប្តឹង នៅ​ប៉ុស្តិ៍​បឹងកក់​ទី​១​វិញ ព្រោះ​អំពើ​មាន​ហឹ​ង្សា បានកើត​នៅក្នុង​មូលដ្ឋាន​សង្កាត់​បឹងកក់​ទី​១ ។​


​តាម​ស្ត្រី​រូបនោះ បានអោយដឹងថា ការ​មកប្តឹង​នេះ គឺ​នាង​ចង់អោយ​ប្តី​ប្រពន្ធ​ចេញមុខ​មក​ដោះស្រាយ ដោយ​នាង​ទាម​ទារជំងឺចិត្ត​នៃ​ការខូចខាត​ខ្លួនប្រាណ​ចំនួន​១​ពាន់​ដុល្លារ រួច​ឈប់​ទាក់ទង​គ្នា ។ នាង​និយាយថា ឱ្យតែ​សង​ជម្ងឺ​ចិត្ត​មក​ខ្ញុំ សុំ​បាយៗ​ហើយ​ប្តី​គេ​៕

ក្លាយខ្លួនជា​ទាសករ​តណ្ហា ក្រោយ​មាន​ហិង្សា ប្តឹង​ទារ​១​ពាន់​ដុល្លារ ពី​ប្រពន្ធដើម តាម​ទាន់​ជាន់កែង​