គ្រោះ​ទឹកជំនន់​នៅ​ស្រី​លង្កា​ស្លាប់​101​នាក់

យោង​តាម​អាជ្ញាធរ​ថា ទឹក​ចាប់ផ្តើម​ស្រក​វិញ​កាលពី​ថ្ងៃ​ទី​២៤ ឧសភា តែ​បង្ហាញ​ពី​ទំហំ​នៃ​ការ​ខូចខាត​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ស​ប្តា​ហ៍​មុន ពិសេស​ទឹកជំនន់ និង​ការ​បាក់​ដី​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១០១​នាក់ ។

អាជ្ញាធរ​យោធា​ប្រកាស​ពី​ការ​បន្ត​រុករក ទោះ​គ្មាន​សង្ឃឹមថា អាច​រក​ឃើញ​អ្នក​នៅ​រស់រាន​មានជីវិត​ដែល​កប់​ក្នុង​ភក់​ក្តី ខណៈ​មនុស្ស​ប្រមាណ​ជា​១០០​នាក់​នៅ​តែ​បាត់​ខ្លួន​ក្នុងស្រុក​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ គឺ​ស្រុក KEGALLE ចម្ងាយ​ប្រមាណ​ជា​១០០​គីឡូម៉ែត្រ ភាគ​ឦ សាន​ក្រុង​កូ​ឡុំ​បូ ។

លោក PRADEEP KODIPPILI អ្នកនាំពាក្យ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្លែងប្រាប់ AFP ថា ទឹកជំនន់​បាន​ស្រក​ចុះ​វិញ​ក្នុង​ទូ​ទាំង​ប្រទេស ។ ផ្ទះ​ជាង​៥៣០​ខ្នង​រង​ការ​បំផ្លាញ​ទាំងស្រុង និង​ប្រមាណ​ជា​៤.០០០​ខ្នង​រង​ការ​ខូចខាត ។ លោក​បន្ត​ថា ប្រជាជន​រដ្ឋធានី​ភាគច្រើន​អាច​វិល​ចូល​ផ្ទះសម្បែង​វិញ​ចាប់ពី​ថ្ងៃ​ទី​២៣ ឧសភា មក ។ ប្រជាជន​ក្រុង​កូ​ឡុំ​បូ​ជិត​១​ភាគ​៣​បាន​ភៀសខ្លួន​ចេញ ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត ។ ក្រសួង​ហិរញ្ញវត្ថុ​វាយតម្លៃ​ការ​ខូចខាត​ថា​ប្រមាណ​ជា​២​ពាន់​លាន​ដុល្លារ ។ សភាជាតិ​បាន​កោះ​ប្រជុំ​នា​ថ្ងៃ​ទី​២៥ ឧសភា ដើម្បី​ពិភាក្សា​ពី​ការ​កសាង​ឡើង​វិញ​ក្នុង​រដ្ឋធានី ក្រោយ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​បំផុត​ពុំ​ធ្លាប់​ជួប​ប្រទះ​ចាប់តាំងពី​២៥​ឆ្នាំ​មក​ហើយ ។

ភ្លៀង​ចាប់​ស្ងប់​វិញ បន្ទាប់​ពី​ព្យុះ​ឈ្មោះ ROANU បោកបក់​ឆ្ពោះទៅ​ប្រទេស​បង់​ក្លា​ដែ​ស ដែល​នៅ​ទីនោះ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២៤​នាក់ មុន​ពេល​ព្យុះ​នេះ​រលាយ​វិញ ៕