លុប​ចោលការ​ហ៊ុម​ព័ទ្ធ​របស់​អា​មេ​រិ​ក​ពុំ​មែន​ជា​កាដូ​មួយ​សម្រាប់​វៀតណាម​ឡើយ

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី SPUTNIK វរសេនីយ៍ឯក​កងទ័ព​លោក LE THE MAU ដែល​ជា​អ្នក​សិក្សា​ពី​នយោបាយ​ថ្លែង​ថា ក្រុង​ហាណូយ​ពុំ​ចាត់​ទុក​ការ​លុប​ចោលការ​ហ៊ុម​ព័ទ្ធ​លក់​អាវុធ​របស់​អា​មេ​រិ​កថា ជា​កាដូ​មួយ​សម្រាប់​វៀតណាម​ឡើយ ។

បទ​អត្ថាធិប្បាយ​នេះ​ធ្វើ​ឡើង​នា​ឱកាស​នៃ​ទស្សនកិច្ច​មួយ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​វៀតណាម ។ យោង​តាម​អ្នក​ជំនាញការ​រូប​នេះ​ថា ការ​លុប​ចោល​ទណ្ឌកម្ម​នឹង​ជា​ការ​ចំណេញ​ទាំង​សងខាង ។ វៀតណាម​ដែល​ចាប់អារម្មណ៍​ចំពោះ​អាវុធ​របស់​អា​មេ​រិ​ក​ក្លាយជា​ដៃគូ​ពេញលេញ​មួយ​សម្រាប់​សហរដ្ឋ​អា​មេ​រិ​ក ។

យោង​តាម​លោក LE THE MAU ថា ការ​លុប​ចោលការ​ហ៊ុម​ព័ទ្ធ​លើ​ការ​លក់​អាវុធ​គ្រប់​ប្រភេទ​ឱ្យ​វៀតណាម​ជា​សកម្មភាព​សម​ស្រប​មួយ​របស់​សហរដ្ឋ​អា​មេ​រិ​ក ប្រសិនបើ​ចង់​កែ​លម្អ​ទំនាក់ទំនង​ជាមួយ​វៀតណាម ។

លោក​គូសបញ្ជាក់​ថា ប្រទេស​ទាំង​២​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ជា​ច្រើន រួម​ទាំង​វិស័យ​យោធា​ផង​ដែរ ដែល​ជា​រឿង​សំខាន់​សម្រាប់​ប្រទេស​ទាំង​២ ដើម្បី​សន្តិភាព និង​ស្ថេ​រ​ភាព​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ។

ទោះបី​យ៉ាងណា លោក LE THE MAU គូសបញ្ជាក់​ថា ការ​លុប​ចោល​ទណ្ឌកម្ម​ទាំងនេះ​នឹង​ពុំ​មាន​ផល​ប៉ះពាល់​គួរ​ឱ្យ​កត់សម្គាល់​លើ​លទ្ធិ​យោធា និង​បច្ចេកទេស​របស់​វៀត​ណាម​ឡើយ ។ លោក​ថា គឺ​រុ​ស្ស៊ី​ដែល​នៅ​តែ​ជា​ដៃគូ​សំខាន់​របស់​វៀតណាម ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ព្រោះ​ដោយសារ​ហេតុផល​ជា​ច្រើន ។ ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ទាំងនេះ​គឺ​ទំនុកចិត្ត​ខាង​នយោបាយ​ជា​កត្តា​សំខាន់​បើ​និយាយ​ពី​បញ្ហា​ពាណិជ្ជកម្ម​អាវុធ ។ រុ​ស្ស៊ី​ពុំ​កម្រិត​ការ​លក់​គ្រឿង​សព្វាវុធ​ឱ្យ​វៀតណាម​ឡើយ ថែម​ទាំង​ចែក​រំលែក​​ទៀត​ផង​ជាមួយ​ក្រុង​ហាណូយ​នូវ​បច្ចេកវិទ្យា​ផលិត​អាវុធ ៕