ហាម​មិន​ស្តាប់ ផ្ទុះ​កក្រើក​ដី

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​សំឡេង​​​ផ្ទុះ​មីន​មួយ​គ្រាប់​​​យ៉ាង​កក្រើក​ដី​ ស្ថិត​ក្បែរ​​បន្ទាត់​ព្រំដែន​​ក្នុងភូមិ​ព្រៃ​ព្រិច​ សង្កាត់​ប៉ោយ​ប៉ែ​ត ប​ង្ក​ឱ្យ​​គោ​​យន្ត​កន្ត្រៃ​របស់​អ្នក​កាប់​អុស​មួយ​គ្រឿង ក្នុង​ចំណោម​១២គ្រឿង​​​រង​ការ​ខូចខាត ​តែ​សំណាងល្អ​ គ្មានមនុស្ស​​​​រង​របួស​ ដែល​ហេតុ​ការ​ណ៍​​នេះ​ ​​កើតឡើង​កាលពី​វេលា​ម៉ោងជាង​​០៩​ព្រឹក​ថ្ងៃ​ទី២៥ ​ឧសភា ២០១៦ ​។

ម្ចាស់​​គោ​យន្ត​កន្ត្រៃ​​មាន​ឈ្មោះ​កាន់ ​បូ​រី ​អាយុ​៤៧ឆ្នាំ​ មាន​ប្រពន្ធ​ឈ្មោះ​នេន​ ហ៊ុ​ល ​អាយុ​៤១ឆ្នាំ​ បើក​​បរ​​ដោយ​​​កូនប្រុស​ឈ្មោះ​ញឹ​ល​ប៉ិ​ប ​អាយុ​២០​ឆ្នាំ​ មក​ពី​ភូមិ​ស្នួល​ទ្រេត ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ។ ប្រភពពី​កន្លែង​កើតហេតុ​ គេ​ឃើញ​កង់​គោ​យន្ត​ខាង​មុខ​ផ្នែក​ខាងស្តាំ​បាន​ដាច់​ចេញ​ពី​តួ​ម៉ាស៊ីន​ ហើយ​អ្នក​ផ្សេង​ទៀត ​និង​គោ​យន្ត​កន្ត្រៃ​១១​គ្រឿង​ បាន​នាំ​គ្នា​បើក​ចេញពី​ព្រៃ​ចំណុច​កើត​ហេតុ​នោះ​ ។

ក្រោយ​កើតហេតុ​ នគរបាល​ការពារ​ព្រំដែន​គោក​ប៉ុស្តិ​បឹង​សាគូរ​នៃ​វរ​សេនា​តូច​លេខ​៩១១ ​បាន​ហៅ​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​រក​អុស​​នៅ​ចំណុច​កើតហេតុ​​សរុប​ជាង​១០នាក់ ​រួមទាំង​​គោ​យន្ត​១១គ្រឿង យក​ទៅ​ធ្វើការ​អប់រំ​ណែនាំ​ឱ្យ​ម្ចាស់​​បញ្ឈប់​ចូល​ទៅ​រក​អុស​កន្លែង​គ្មាន​​សុវត្ថិភាព​​តទៅ​ទៀត​ ។

លោក​​អនុ​សេនី​យ៍​ឯក រស់​ ពិសិដ្ឋ​ មេ​ប៉ុស្តិ៍​​បឹង​សាគូរ​​ប្រាប់​កោះសន្តិភាព​ថា​ នៅ​កន្លែង​កើតហេតុ​ជា​ដី​របស់​ក្រុមហ៊ុន​កា​ស៊ូ​ណូ​
ហ្គោ​ល​ ដឹ​ន ​ដែល​ជា​កន្លែង​គ្រោះថ្នាក់​ ព្រោះ​ទីនោះ​មិន​ទាន់​បាន​ដោះ​មីន​រួចរាល់​ទេ ​។ កន្លង​មក ​ក្រុម​ប្រជាពលរដ្ឋ​ ដែល​ចូល​ទៅ
រ​ក​កាប់​អុស​​យក​ទៅ​ដុត​ធ្យូង ​ឬ​យក​ទៅ​ប្រើប្រាស់​ ខាង​លោក​បាន​ទទួល​បទបញ្ជា​ពី​លោក​វរ​​សេនី​យ៍​ឯក​សូរ​ ចាន់​ណា​រី ​ជា​មេ​បញ្ជា​ការ​​ ​ឱ្យ​​ណែនាំ​ទប់ស្កាត់​មិន​ឱ្យ​​ប្រជាពលរដ្ឋ​ ចូល​កាប់​ឈើ​ទេ​ ពិសេស​រដូវភ្លៀង​,​ រដូវ​ដី​សើម​ជាដើម ​ព្រោះ​ខ្លាច​ជួប​គ្រោះថ្នាក់​ជាយ​ថាហេតុ​​ណាមួយ​កើតឡើង​ តែ​ក្រុម​ប្រជាពលរដ្ឋ​​នៅ​តែ​មិន​ស្តាប់ ​ទើប​ជួប​បញ្ហា​បែប​នេះ ​។