ទីតាំងផលិត​​ «ទឹកពិសារិទ្ធី» ​កំពុង​​ឆ្លើយ​​​ដាក់​​​​គ្នា​!

ខេត្តបាត់ដំបង ៖ ក្រុម​ហ៊ុន​ផលិត​ទឹកបរិសុទ្ធ​មួយ​កន្លែង កំពុងត្រូវ​​គេ​រិះគន់​​ថា ​​ធ្វើ​ឡើង​ដោយ​គ្មាន​​អនាម័យ មិន​ត្រឹម​​ត្រូវ​​តាម
​លក្ខ​ណៈ​​ស្តង់ដា​ឡើយ ទាំង​កា​រ​វេច​​ខ្ចប់ ទាំង​កន្លែង​​ច្រក​​ទឹក ក៏​ដូច​ជាទី​តាំង​ផលិត​ ​។ ប៉ុន្តែ​ថៅកែ​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ​នេះ​ បាន​ឆ្លើយ​តប​​តាម​ទូរស័ព្ទ​ថា ទីតាំង​ផលិត​​ទឹកបរិសុទ្ធ​របស់​ខ្លួន​ ធ្វើ​ឡើង​ទៅ​តាម​បទ​ដ្ឋាន​​បច្ចេកទេស​ត្រឹម​​ត្រូវ ហើយ​​ការ​រិះគន់​នេះ ​គឺ​កើត​ឡើង​​ពី​មនុស្ស​មួយ​ចំនួន ​ដែល​មិន​សប្បាយ​ចិត្តនឹង​មុខរប​របស់​លោក​​តែ​ប៉ុណ្ណោះ​ ។

ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ​ ដែល​រង​ការ​រិះគន់​នេះ ​មាន​យីហោ​«​ទឹក​ពិសារ​​រិ​ទ្ធី​» មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​អញ្ចាញ សង្កាត់​អូរ​ចា ក្រុង​​​បាត់ដំបង​ ។

ប្រភព​​​​ឱ្យ​​ដឹង​​ថា ទីកន្លែង​​​របស់​ក្រុមហ៊ុន​ផលិត​ទឹក​សុទ្ធ​យីហោ ​«​រិ​ទ្ធី​» ​នេះ មើលទៅ​ហាក់​គ្មាន​អនា​ម័យ​​ទេ​ ។ ពេល​​ខ្លះ​​គេ​​ឃើញ​កម្មករ​​ច្រក​​ទឹក​ចូល​ដប​នៅ​លើ​ឥដ្ឋ​​​ការ៉ូ គ្មាន​​បន្ទប់​​បិទ​បាំង និង​គ្មាន​បច្ចេកទេស​ត្រឹម​​ត្រូវ ​តាម​ស្ដង់ដា​ឡើយ​ ។ ប្រភព​ដដែល​បញ្ជាក់​ថា ទឹកបរិសុទ្ធ​យីហោ​ «​រិ​ទ្ធី​» ​នេះ កន្លង​មក​ធ្លាប់​មានរឿង​អាស្រូវ រហូត​ត្រូវ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ត្រូ​ត​ពិនិត្យ​ទៀត​ផង ដោយសារ​តែ​គេ​ប្រទះ​ឃើញ​ក្នុង​ដប​ទឹក​មាន​កៅស៊ូ​ ។

នេះ​ដោយសារ​តែ​ការ​ផលិត​ខ្វះ​អនាម័យ​ ​ប៉ុន្តែ​បុរស​ដែល​បាន​​អះអាង​ថា លោក​ជា​ថៅកែ​ទឹក​សុទ្ធ​ «​រិ​ទ្ធី​» បាន​បញ្ជាក់​ដោយ​​បដិសេធ​ថា ទឹក​សុទ្ធ​របស់​លោក​មិន​ធ្លាប់​មាន​ប្រវត្តិ​បែប​នេះ​ទេ ។ តែ​លោក​បាន​ទ​ទូល​​ស្គាល់​ថា ទីតាំង​ផលិត​ទឹក​សុទ្ធ​របស់​លោក​ ពិ​ត​ជា​តូច​ចង្អៀត​មែន ព្រោះ​លោក​មិន​មាន​ទុន​​គ្រប់គ្រាន់ ​ដើម្បី​ពង្រីក​ដូច​ក្រុមហ៊ុន​ដទៃ​ទៀត​ ។

គាត់​បញ្ជាក់​​ថា ការ​ច្រក​ទឹក ​គឺ​ធ្វើ​ឡើង​នៅ​ក្នុង​បន្ទប់​ត្រឹម​​ត្រូវ រីឯ​មន្ត្រី​ជំនាញ​តែង​ចុះ​ពិនិត្យ​ទីតាំង​ផលិត​ទឹក​យ៉ាងតិច​១​ខែ​ម្ដង​ដែរ ។មិន​ដូច​ការ​លើក​ឡើង​ពី​សំណាក់​អ្នក​រិះគន់​នោះ​ទេ ​។

ទោះជា​បែប​ណា​ មន្ត្រី​ជំនាញ​គួរតែ​ចុះ​ពិនិត្យ​ឡើង​វិញ​​ចំពោះ​បញ្ហា​នេះ ព្រោះ​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​​ ដល់​សុខភាព​មនុស្ស​ ។ បើ​តាម​ប្រ​ភព​​ថា មិនមែន​មាន​តែ​ទឹក​សុទ្ធ​«​រិ​ទ្ធី​»​នេះ​​មួយ​ទេ ដែល​ធ្វើ​ឡើង​ដោយ​ខ្វះ​អនាម័យ គឺ​នៅ​មាន​ច្រើន​ទីតាំង​ទៀត​ក្នុង​ក្រុង​បាត់ដំបង មាន​ទាំង​ការ​ផលិត​សូ​ដា​​ផង​។