​​ទូរស័ព្ទ​​ទើបតែទិញ មិន​កាន់​ថ្ម​ យក​មក​ដូរអ្នកលក់​វិញ​ ទាស់ពាក្យសំដី ​​ដក​អាវុធបាញ់មួយលេង

​​ទូរស័ព្ទ​​ទើបតែទិញ មិន​កាន់​ថ្ម​ យក​មក​ដូរអ្នកលក់​វិញ​ ទាស់ពាក្យសំដី ​​ដក​អាវុធបាញ់មួយលេង



ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ទៅ​ទិញ​ទូរស័ព្ទ​ដៃ ម៉ាក​ ណូគា​ ចុច​ពិល មួយ​គ្រឿង​ក្នុង​តម្លៃ​២០​ដុល្លារ​ ពី​កន្លែង​លក់ទូរស័ព្ទ​យីហោ ​លីហ្សា នៅ​ម្តុំ​ផ្សារ ​QMI ​ហើយ​មានការ​ធានា​ពី​ម្ចាស់​អ្នកលក់​ត្រឹមត្រូវ ​ក្នុង​រយៈពេល​២​ថ្ងៃ​ បើក​ថ្ម​មិន​កាន់​ និង​ម៉ា​ស៊ីន​មិនល្អ​ អាច​មក​ប្ដូរ​យក​អា​ល្អ​វិញ​បាន តែ​ដល់ពេល​ទៅ​ប្តូរ អ្នកលក់​មិន​ប្តូរ​ឲ្យ ក៏​ទាស់​ពាក្យសំដី​គ្នា រហូត​ឈាន​ដល់​ផ្ទុះ​អាវុធ​ចំនួន​១​គ្រាប់ឡើងលើ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ ហើយ​អ្នក​បាញ់​រត់គេច​ខ្លួន​បាត់។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧ និង​១០​នាទី យប់​ថ្ងៃទី​២៤ ​ខែឧសភា ​ឆ្នាំ​២០១៦​នៅ​ចំណុច​ហាង​លក់​ទូរស័ព្ទ ដៃ​យីហោ លីហ្សា ហ្វូ​នស​ប ស្ថិត​ក្នុង​ភូមិ​ព្រៃ​ព្រីង​ ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។

ជនរងគ្រោះ​ជា​អ្នកទិញ​ទូរស័ព្ទ មានឈ្មោះ សុខ ចៀន ភេទ​ប្រុស​អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ម្តុំ​កន្លែង​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម។ ចំណែក​ទូរស័ព្ទ​ដែល​ទិញ​នោះ​ម៉ាក Nokia ចុច​ពិល​តម្លៃ​២០​ដុល្លារ។

រីឯ​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ ដែល​បាញ់​បោះ​សេរី​នោះ​មានឈ្មោះ គង់ ប្រុស ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជា​យោធា​ធ្វើការ​នៅកងទ័ព​ឆត្រ​យោង​៩១១ កំបូល ប្រើប្រាស់​កាំភ្លើង​មិន​ស្គាល់​ម៉ាក ។​

តាម​ប្រភព​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​២​ថ្ងៃ ជនរងគ្រោះ​បាន​ទិញ​ទូរស័ព្ទ​មួយគ្រឿង​ ម៉ាក Nokia ចុច​ពិល តម្លៃ​២០​ដុល្លារ​ពី​ហាង​លក់​ទូរស័ព្ទយីហោ លីហ្សា ហ្វូ​នស​ប ខាងលើ​ ហើយ​បាន​និយាយ​គ្នា​ត្រឹមត្រូវ​ថា ធានា​ម៉ា​ស៊ីន​ និង​ថ្ម​រយៈ​ពេល​២​ថ្ងៃ បន្ទាប់ពី​ប្រើ​រយៈពេល​២​ថ្ងៃ បើ​មិន​កាន់​ថ្ម ​ឬ​មានការ​រអាក់រអួល​ដោយ​ប្រការ​ណាមួយ​ អាច​យក​មក​ដូរ​ យក​អាណា​អាច​ប្រើ​កើត​វិញ​បាន​។

ប្រភព​បន្ដ​ថា ​លុះ​ដល់​ថ្ងៃ​កំណត់ ដោយ​ទូរស័ព្ទ​មិន​កាន់​ថ្ម​ ហើយ​រូបគេបាន​មក​សុំ​ប្តូ​ទូរស័ព្ទ​ផ្សេងវិញ ​ឬដូរ​ឲ្យ​ទូរស័ព្ទ​តម្លៃ​ដដែល​ក៏បាន រឺ​ស៊េរី​ទាប​ជាង​នឹង​ទៀត​ក៏បានដែរ ប៉ុន្តែ​អ្នកលក់​ទូរស័ព្ទ​មិន​ព្រមប្តូរ​ឲ្យ​ ទោះជា​និយាយ​លើក​ហេតុផល​យ៉ាងណា​ ក៏​ដោយ​ក៏​ម្ចាស់​ហាង​មិន​ព្រម​ឡើយ ​ទើបបាន​ប៉ះ​ទង្គិច​ពាក្យសំដី​គ្នា រហូតដល់​ថ្នាក់​ប្រើ​ដៃជើង ​អ្នកលក់​ទូរស័ព្ទក៏​ខឹង​ រួចបាន​ដក​កាំភ្លើង​មក​ភ្ជង់​ជនរង​គ្រោះ តែ​ត្រូវ​រូបគេ​ក្រវៀស​ដៃ​ចេញ បណ្ដាល​ឲ្យ​ផ្ទុះ​១​គ្រាប់​ឡើងលើ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង​។

ក្រោយមក​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ ចុះទៅ​កន្លែង​កើតហេតុ តែ​ជន​អ្នក​បាញ់​បោះ​នោះ​ បាន​រត់គេច​បាត់​ទៅ​ហើយ នៅតែប្រពន្ធ តែ​ដោយសារ​អ្នក​បាញ់​បោះ​ជា​យោធា ទើប​ប្រគល់​ឲ្យ​កម្លាំងអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើ​កំណត់ហេតុ ​និង​ស្រាវជ្រាវ​រក​ជនល្មើស​នោះ​មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់៕

(រូបភាព៖ ប្រពន្ធអ្នក​បាញ់​បោះ)