ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ីក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​នៅ​ថ្ងៃ​សៅរ៍ ទី​២៨ ឧសភា ស​ប្ដា​ហ៍​នេះ ​ឈាន​ចូល​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ។ នៅ​ក្នុង​ថ្ងៃ​នោះ​គូប្រកួត​ដណ្ដើម​ខ្សែក្រវាត់​មាន​តែ​មួយ​ប៉ុណ្ណោះ ដែល​ជា​ការ​ជួប​គ្នា​រវាង​ពេជ្រ សីហា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​ការពា​ជាតិ និង​កីឡាករ​ថៃ ធុ​ត​ស៍​ភុ​ន ស​.​សុ​ម៉ា​លី ។ ចំណែក បេក្ខភាព​ដណ្ដើម​ខ្សែក្រវាត់​មួយគូ​ទៀត​ដែល​ជា​ការ​ជួប​គ្នា​រវាង​រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ និង​ឡុ​ង សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវ​លើក​ពេល​ទៅ​ប្រកួត​នៅ​ស​ប្ដា​ហ៍​ក្រោយ ដោយសារ​តែ​រឿង សោ​ភ័​ណ្ឌ មាន​បញ្ហា​ផ្នែក​សុខភាព ។

កីឡាករ​ពេជ្រ សីហា ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដណ្ដើម​កៅអី​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​លើក​នេះ​ក៏​មិនសូវ​ជា​មាន​សង្ឃឹម​ប៉ុន្មាន​ដែរ​ដោយសារ​តែ​ការ​ប្រកួត​កន្លង​មក​គេ​ស្ទើរតែ​គ្មាន​ឱកាស​ឡើង​មក​ដល់​វគ្គ​នេះ​បាន ។ ចំណែក​ភាគី​កីឡាករ​ថៃ​ជា​ជើង​ខ្លាំង​មួយ​រូប​ដែល​មិន​ទាន់​មាន​អ្នក​ណា​ផ្ដួល​គេ​បាន​ឡើយ សូ​ម្បី​តែ​ពេជ្រ សីហា ក៏​ធ្លាប់​ចាញ់​នៅ​ក្រោម​កណ្ដាប់ដៃ​របស់​គេ​រួច​ម្ដង​មក​ហើយ ។ ធុ​ត​ស៍​ភុ​ន ស​.​សុ​ម៉ា​លី គេ​មាន​ល្បិច​ប្រយុទ្ធ​ល្អ​ខ្លាំង​ណាស់ បូក​រួម​ទាំង​ផ្លែ​កែង និង​ជង្គង់​ឡើង​ទៅ​គឺ​អាច​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់ជំនាញ​បំផុត ។ មិនតែប៉ុណ្ណោះ​ទាំង​មាឌ​និង​កម្ពស់​ក៏​ល្អ​ជាង ពេជ្រ សីហា​ដែរ ។ ដូច្នេះ​ការ​ប្រកួត​លើក​នេះ​សូ​ម្បី​តែ​អ្នក​ដែល​ធ្លាប់​តាមដាន​ការ​ប្រកួត​ភាគច្រើន​ក៏​គេ​មិនសូវ​មាន​ជំនឿ​ចិត្ត​លើ​កីឡាករ​កម្ពុជា​យើង​ដែរ ។ ពេជ្រ សីហា មាន​ផ្លែ​កែង​និង​ជង្គង់​ល្អ​គួរសម​ប៉ុន្តែ​ចិត្ត​របស់​គេ​រាង​តូច​បន្តិច​ហើយ ចលនា​វាយ​ចេញ​ក៏​មិនសូវ​ជា​រហ័សរហួន​ប៉ុន្មាន​ទៀត ។ គេ​បាន​ព្យាករ​ទុក​រួច​ហើយ​ថា តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​លើក​នេះ​ប្រហែលជា​ធ្លាក់​ទៅ​លើ​ធុ​ត​ស៍​ភុ​ន ស​.​សុ​ម៉ា​លី ច្រើន​ជាង​។ មូលហេតុ​ដែល​គេ​ហ៊ាន​និយាយ​បែប​នេះ ព្រោះ​សូ​ម្បី​តែ​ឡុ​ង សុ​ភី និង​រឿង​សោ ភ័​ណ្ឌ ក៏​មិន​អាច​ទៅ​រួច​ជាមួយ​គេ​ដែរ ។

ចំណែក​គូប្រកួត​មិត្តភាព​អន្តរជាតិ​មួយគូ​ទៀត​តម្រូវ​ទៅ​លើ​កីឡាករ យស់ សំ​អាល់ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ហូ​លី​ហ្វីល ស៊ី​ត​សាម​ផ្យា​ក់ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ កីឡាករ ភួង ពិសិដ្ឋ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ ព្រឿ​ង សុ​ជាតិ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​កីឡា​ករ សេក គឹ​ម​រួន​មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ​កីឡាករ ផ​ន ផល្លា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ៕