អេ ភូ​ថង និង​ភរិយា​តាំងចិត្ដ​មិន​លក់​ផ្ទះ​អំណោយ​លោក​ជំទាវ ហ៊ុន ម៉ា​ណា

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​មាន​ដំណឹង​ថា អតីត​កីឡាករ​ល្បីឈ្មោះ​លោក​អេ ភូ​ថង និង​ភរិយា​ត្រូវ​បាន​លោក​ជំទាវ​ហ៊ុន ម៉ា​ណា ប្រគល់​ផ្ទះ​ឱ្យ​មួយ​ល្វែង​បន្ទាប់​ពី​ឃើញ​អ្នក​ទាំង​ពីរ​មាន​វ័យ​កាន់តែ​ចាស់ តែ​បែរជា​មិន​មាន​លទ្ធភាព​ទិញ​ផ្ទះ​រស់នៅ​ក្រៅពី​សុំ​ស្ដា​ត​ចាស់​នៅ និង​ជួល​ផ្ទះ​គេ​នោះ ។ លោក​អេ ភូ​ថង និង​ភរិយា ត្រូវ​គេ​ឃើញ​សប្បាយចិត្ត​ចង់​ហោះ​ក្នុង​ថ្ងៃ​ធ្វើ​ពិធី​ឡើងផ្ទះ​កាលពី​យប់​ថ្ងៃ​ទី​២៣ ឧសភា ដែល​មាន​តំណាង​របស់​លោក​ជំទាវ​ហ៊ុន ម៉ា​ណា ប្រគល់​កូនសោ និង​ឯកសារ​ផ្ទះ​ឱ្យ​ជា​ផ្លូវការ ។ ផ្ទះ​នោះ​ត្រូវ​បាន​លោក​អេ ភូ​ថង និង​ក្រុម​គ្រួសារ​តាំងចិត្ត​មិន​លក់​មិន​ដូរ បើ​ទោះជា​មាន​ជីវភាព​ខ្វះខាត​ដូច​អ្វី​ដែល​អ្នក​ទាំង​ពីរ​ធ្លាប់​បាន​ជួប​ប្រទះ​កាល​មុន​នោះ​ក្ដី ។

ពិធីជប់លៀង​ប្រគល់​ផ្ទះ​ឱ្យ​ដល់​កីឡាករ អេ ភូ​ថង នោះ គេ​ឃើញ​មានការ​ចូលរួម​ពី​សំណាក់​កីឡាករ និង​គ្រូបង្វឹក​យ៉ាងច្រើន​កុះករ ហើយ​ក៏​មាន​ពិធី​រាំច្រៀង និង​ប្រកាស​ពី​តំណាង​របស់​លោក​ជំទាវ​ដើម្បី​លើកទឹកចិត្ត​ដល់​កីឡាករ​រូប​នោះ​ផង​ដែរ  ។ ទោះបី​យ៉ាងណា ព័ត៌មាន​ផ្ដល់​ផ្ទះ​ឱ្យ​ដោយ​លោក​ជំទាវ ហ៊ុន ម៉ា​ណា នោះ មិន​ត្រូវ​បាន​បើក​ទូលាយ​ជា​ផ្លូវការ​នោះ​ទេ ដោយ​ប្រភព​ភាគច្រើន​បាន​ត្រឹមតែ​អះអាង​ថា ផ្ទះ​នោះ​គឺ​លោក​ឧកញ៉ា​ម្នាក់​ជា​អ្នក​កាដូ​ឱ្យ​អេ ភូ​ថង​ប៉ុណ្ណោះ ដើម្បី​បិទ​បាំង​ព័ត៌មាន​ថា​លោក​ជំទាវ​ប្រគល់​ឱ្យ ចៀសវាង​មានការ​អន់ចិត្ត​ពី​កីឡាករ​ដែល​មាន​ជីវភាព​ខ្វះខាត​ផ្សេង​ទៀត ។ ព័ត៌មាន​មួយ​នេះ ទើបតែ​ត្រូវ​បាន​ទម្លាយ​ចេញ​ដោយសារ​ព័ត៌មាន​Postnews​មុន​នេះ​ប៉ុណ្ណោះ ដែល​គេ​ឃើញ​មានការ​ទទួលស្គាល់​ពី​សំណាក់​ជំនួយការ​របស់​លោក​ជំទាវ​ហ៊ុន ម៉ា​ណា ថា​ផ្ទះ​នោះ​ពិតជា​កាដូ​របស់​លោក​ជំទាវ​ផ្ដល់​ឱ្យ​ដល់​លោក អេ ភូ​ថង មែន ប៉ុន្តែ​តម្រូវ​ឱ្យ​លោក​អេ ភូ​ថង និង​ភរិយា ប្រកាស​ថា ជា​កាដូ​របស់​លោក​ឧកញ៉ា ប៉ែន កាក់ ដែល​គេ​ស្គាល់​ថា​ជា​តំណាង​របស់​លោក​ជំទាវ ។

មានការ​បញ្ជាក់​ថា ហេតុផល​ដែល​នាំ​ឱ្យ​មានការ​ផ្ដល់​ជូន​នូវ​កាដូ​ផ្ទះ​មួយ​ល្វែង​នេះ គឺ​បន្ទាប់​ពី មានការ​ដឹង​ឮជា​ទូទៅ​ថា លោក អេ ភូ​ថង និង​ក្រុម​គ្រួសារ​មិន​មានផ្ទះ​ផ្ទាល់ខ្លួន និង​រស់នៅ​តែ​បុរី​កីឡា​ដែល​មិន​សម​នឹង​កេរ្តិ៍ឈ្មោះ​របស់​លោក​ក្នុង​នាម​ជា​កីឡាករ​ល្បី​ម្នាក់ ។ ផ្ទះ​ដែល​បាន​ប្រគល់​ជូន​នេះ គឺ​ស្ថិត​នៅ​បុរី​សន្ដិភាព​២ ចុះ​ពី​ផ្លូវជាតិ​លេខ​៣​ហួស​រង្វង់​មូល​ចោម​ចៅ ដោយ​លោក​ឧកញ៉ា ប៉ែន កាក់ តំណាង​លោក​ជំទាវ​ហ៊ុន ម៉ា​ណា ជា​អ្នក​យក​ប្លង់ និង​ឯកសារ​ពាក់ព័ន្ធ​មក​ប្រគល់​ជូន ។

អ្នកស្រី​សុ​ម៉ា​លី ភរិយា​របស់​លោក អេ ភូ​ថង បាន​អះអាង​ថា កន្លង​មក​អ្នកស្រី និង​គ្រួសារ​ធ្លាប់​មានផ្ទះ​រស់នៅ​ផ្ទាល់ខ្លួន​ដែរ​ស្ថិត​នៅ​បុរី​សន្ដិភាព​២​នេះ​រួច​ម្ដង​ហើយ ប៉ុន្តែ​មក​ពី​ស្វាមី​ធ្លាក់ខ្លួន​ឈឺ​ផង រក​លុយ​មិន​បាន​ផង និង​ត្រូវ​ចិញ្ចឹម​កីឡាករ​ជា​ច្រើន​រូប​ក្នុង​ពេល​បើក​ក្លិប​កាលពី​មួយ​រយៈ​មុន​ជា​ច្រើន​នាក់​ទៀត ទើប​បណ្ដាល​ឱ្យ​គ្រួសារ​អ្នកស្រី​លក់​ផ្ទះ​នោះ ដើម្បី​យក​ប្រាក់​មួយ​ចំនួន​មក​សងបំណុល​គេ​ផង ។ អ្នកស្រី និង​លោក​អេ ភូ​ថង បាន​ធ្លាក់ខ្លួន​ជួល​ផ្ទះ​គេ​នៅ​អស់​មួយ​រយៈ​ធំ ទម្រាំ​ទទួល​បាន​បន្ទប់​មួយ​កន្លែង​នៅ​ក្នុង​បរិវេណ​ស្ដា​ត​ចាស់ ធ្វើ​ជា​កន្លែង​រស់នៅ​ជំនួស​ឱ្យ​ផ្ទះ​ដែល​ជួល​គេ​នៅ ។ ដោយសារ​តែ​ហេតុផល​នេះ​ហើយ ទើប​លោក អេ ភូ​ថង សម្រេចចិត្ត​បិទ​ក្លិប និង​មាន​ស្ថានភាព​រស់នៅ​កាន់តែ​លំបាក​ក្នុង​ពេល​ដែល​ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​ការងារ​ធ្វើ​គណៈកម្មការ​ប្រដាល់​ក៏​ចាយ​មិន​គ្រប់ ។ អ្នកស្រី​បញ្ជាក់​ថា ក្រោយ​ទទួល​បាន​ផ្ទះ​មួយ​ល្វែង​ធ្វើ​ជា​កម្ម​សិទ្ធិ​ដើម្បី​រស់នៅ​នេះ អ្នកស្រី​ប្រកាស​ថា​នឹង​តស៊ូ​ប្រឹងប្រែង​មិន​មាន​ករណី​លក់​ផ្ទះ​ជា​លើក​ទី​២​ជា​ដាច់ខាត ដោយ​សុខចិត្ត​ប្រើ​គ្រប់​មធ្យោបាយ​រក​ប្រាក់​ចាត់ចែង​គ្រួសារ​មិន​ឱ្យ​ពើបប្រទះ​នឹង​ការ​លំបាក​ទៀត​ឡើយ ។

ម្យ៉ាង​មក​ពី​ក្នុង​ពេល​នេះ​អ្នកស្រី​ក៏​បាន​បម្រើ​ការ​ជា​អ្នក​ផ្ដល់​ពិន្ទុ​នៅ​ទូរទស្សន៍​បាយ័ន ហើយ​លោក អេ ភូ​ថង ក៏​បានការ​ងារ​នៅ​ប៉ុស្ដិ៍​លេខ​​៥ និង​មាន​ការងារ​បង្ហាត់​សិស្ស​ឱ្យ​ក្លិប​មួយ​ចំនួន​ដោយ​មិន​ខ្វល់​ពី​ការ​ចិញ្ចឹម​កូនសិស្ស​ដូច​ពេល​បើក​ក្លិប​ផង ទើប​បញ្ហា​ទ័លច្រក​នឹង​មិនកើត​ឡើង​ទៀត​ទេ ។ អ្នកស្រី​ទទួលស្គាល់​ថា នា​ពេល​កន្លង​មក​លោក​អេ ភូ​ថង ក៏​ទទួល​បាន​ថវិកា​ឧបត្ថម្ភ  ម៉ូតូ និង​អង្ករ​ត្រី​សាច់​ជា​ហូរហែ​មក​ដែរ មុន​នឹង​ឈាន​ដល់​ការ​ទទួល​បាន​ផ្ទះ​មួយ​ល្វែង​នៅ​បុរី​សន្ដិភាព​២​ពី​លោក​ជំទាវ​ហ៊ុន ម៉ា​ណា លើក​នេះ ៕