នាយ ស្មាញ បង្ខំ​ចិត្ត​ចេញ​ពី​ពេទ្យ​ព្រោះ​អស់​លទ្ធភាព​ព្យាបាល

ដោយ​សារ​តែ​អស់​លទ្ធភាព តារា​កំប្លែង​នាយ ស្មាញ ត្រូវ​បាន​គ្រួសារ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​ផ្ទះ​វិញ​ម្ដង​កាល​ពី​ព្រឹក​មិញ​នេះ បន្ទាប់​ពី​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ១៧៩ រយៈ​ពេល​១​ខែ​កន្លង​មក។

 

នាយ ស្មាញ បង្ខំ​ចិត្ត​ចេញ​ពី​ពេទ្យ​ព្រោះ​អស់​លទ្ធភាព​ព្យាបាល

 

អ្នក​ស្រី ហ៊ឹម រដ្ឋា ត្រូវ​ជា​ភរិយា​របស់​តារា​កំប្លែង​រូប​នេះ​បាន​និយាយ​ថា ស្ថានភាព​ជំងឺ​របស់​ប្ដី​ទើប​បាន​ធូរ​ស្រាល​ប្រមាណ ៣០%​ប៉ុណ្ណោះ។ ប៉ុន្តែ​ដោយ​សារ​តែ​ការ​សម្រាក​នៅ​មន្ទីរ​ពេទ្យ ត្រូវ​ចំណាយ​លុយកាក់​​ច្រើន ទើប​អ្នក​ស្រី​សម្រេច​ចិត្ត​សុំ​ការ​អនុញ្ញាត​ពី​គ្រូ​ពេទ្យ នាំ​យក​អ្នក​ជំងឺ​ទៅ​បន្ទាយ​ទូល​ក្រសាំង​វិញ ដែល​ជា​កន្លែង​ស្នាក់​នៅ​របស់​អ្នក​ទាំង​ពីរ។

 

“ពួក​ខ្ញុំ​មិន​ដែល​មាន​ផ្ទះ​ហ្នឹង​គេ​ទេ នៅ​តែ​ក្នុង​បន្ទាយ​តើ! នៅ​ពេទ្យ​យើង​ចំណាយ​លើ​ការ​ហូប​ចុក​ច្រើន ឥឡូវ​អស់​លុយ ទើប​ទៅ​បន្ទាយ​ទាហាន​វិញ”។ អ្នក​ស្រី ហ៊ឹម រដ្ឋា ថ្លែង​មក​កាន់ Sabay។ ភរិយា​តារា​កំប្លែង​ដដែល​បន្ត​ថា ការ​ពិត​ទៅ​ជំងឺ​ប្ដី​របស់​អ្នក​ស្រី ពេទ្យ​តម្រូវ​ឱ្យ​សម្រាក​ព្យាបាល​ចំនួន ៦​ខែ​ឯណោះ។ ហើយ​ប្រសិន​បើ​រយៈ​ពេល​នេះ​មិន​ជា​សះ​ស្បើយ ពេទ្យ​តម្រូវ​ឱ្យ​ព្យាបាល​រយៈ​ពេល​៦​ខែ​បន្ថែម​ទៀត ដើម្បី​ព្យាបាល​បន្ត។

 

ទោះ​បី​ជា​ប្ដី​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​យ៉ាង​ណា​ក្ដី ប៉ុន្តែ​អ្នក​ស្រី​បង្ហើប​ថា ក្នុង​រយៈ​ពេល​សម្រាក​នៅ​ក្នុង​មន្ទីរ​ពេទ្យ ហាក់​ដូច​ជា​គ្មាន​អ្នក​រួម​អាជីព​ណា​ទៅ​សួរ​សុខ​ទុក្ខ​នោះ​ទេ គឺ​មាន​តែ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក សុះ ម៉ាច និង​តារា​កំប្លែង ខាត់ ចំរើន ប៉ុណ្ណោះ។ អ្នក​ទាំង​ពីរ​បាន​នាំ​យក​ថវិកា​មួយ​ចំនួន​ជួយ​ឧបត្ថម្ភ​ដល់​តារា​កំប្លែង​រូប​នេះ​ផង​ដែរ។

 

ទោះ​បី​ជា​យ៉ាង​ណា អ្នក​ស្រី​អះអាង​ថា ​បច្ចុប្បន្ន​គ្រួសារ​កំពុង​ជួប​បញ្ហា​ជីវភាព បន្ទាប់​ពី​នាយ ស្មាញ ខ្លួន​ឈឺ​មិន​អាច​រក​ចំណូល​បាន​ដូច​ពី​មុន។ ចំណែក​អ្នក​ស្រី​ត្រូវ​ចំណាយ​ពេល​ទាំង​ស្រុង ដើម្បី​ថែទាំ​ប្ដី​ដូច​គ្នា​ដែរ។​

 

ប្រសិន​បើ​សប្បុរសជនចង់​ឧបត្ថម្ភ​ដល់​តារា​កំប្លែង​នាយ ស្មាញ សូម​ទាក់ទង​ទៅ​កាន់​លេខ ០១២ ៩៣២ ៦៧២៕

 

នាយ ស្មាញ បង្ខំ​ចិត្ត​ចេញ​ពី​ពេទ្យ​ព្រោះ​អស់​លទ្ធភាព​ព្យាបាលលោក សុះ ម៉ាច ទៅ​សួរ​សុខទុក្ខ​នាយ ស្មាញ

អត្ថបទ៖ សំ ជំនាញ