មានអ្វីកើតឡើងខ្លះ ​ក្រោយ​​ភ្លៀង​​ជាប់គ្នា​២ថ្ងៃ​នៅដំណាក់​ចង្អើរ?

ខេត្ត​កែប ​៖ ​សេចក្តីរាយការណ៍​ពី​ស្រុក​​ដំណាក់​ចង្អើរ​​​​ឱ្យ​​ដឹងថា ភ្លៀង​​បាន​ធ្លាក់២​ថ្ងៃ​ជាប់​គ្នា​​ ចាប់ពី​ថ្ងៃ​ទី​២៣-២៤ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៥​ ឧសភា នេះ ស្ថិតនៅ​ក្នុងស្រុក​ដំណាក់​ចង្អើរ ដោយ​មាន​សាលារៀន​២​កន្លែង​ បាន​រងជន់​លិច​​ជា​មធ្យម​ គឺ​សាលា​បឋម​សិក្សា​អំពែ​ង​ និង​សាលា​អនុ​វិទ្យាល័យ​ពងទឹក ​។

ប៉ុន្តែ​ការ​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​ មិន​បណ្តាល​ឱ្យ​​ខូចខាត ​ឬ​ប៉ះពាល់​ដល់​សាលា​ទាំង​២​ធ្ងន់ធ្ងរ​ទេ​ គ្រាន់តែ​ទឹក​ដក់ទឹក​​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ។ ទឹក​អាច​ហូរ​ស្រក់​ទៅ​វិញ ដោយ​​មិន​រំខាន​ដល់​ការ​សិក្សា​​របស់​សិស្ស​ដល់​សាលា​ទាំង​​២​នេះ​​ឡើយ​ ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា ​​ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​នេះ​​ នៅ​ក្នុង​ឃុំ​ខាងលើមាន​ផ្លូវលំ​ក្រាល​ក្រួសក្រហម​មួយ​ចំនួន​ បាន​ត្រូវ​ទឹក​ហូរ​ច្រោះ​បាក់​លូ​ និង​ដាច់​ផ្លូវ​អស់​មួយ​ច​នួន​ផង​ដែរ ប៉ុន្តែ​មិនជា​ខូចខាត​ធ្ងន់ធ្ងរ​​​ទេ​ ។