ឈ្មួញ​ទុច្ចរិត​នៅ​តែ​បន្ត​ផ្គើន​បទបញ្ជា​សម្តេច​តេ​ជោ

ខេត្ត​ត្បូងឃ្មុំ ៖ ទោះបីជា​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់​បាន​ព្រមាន​យ៉ាង​ធ្ងន់​ៗ​ចំពោះ​ក្រុម​ឈ្មួញ​ទុច្ចរិត​ដោយ​មិន​អនុញ្ញាត​ឲ្យ​នាំ​ឈើ​ប្រណីត​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​ក៏​ដោយ ក៏​ឈ្មួញ​ទុច្ចរិត​នៅ​តែ​ផ្គើន​ទៅ​នឹង​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ គឺ​បាន​បន្ត​នាំ​ឈើ​គ្រញូង​ជា​បន្តបន្ទាប់ ជាក់ស្តែង​រថយន្ត​ប្រភេទ​យី​ឌុ​ប​ធុន​យក្ស​១​គ្រឿង ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-2451 ដឹក​ស្ករ​សមាន​បង្កប់​ឈើ​គ្រញូង​រហូត​ដល់​ទៅ​ជាង​១០​តោន ប្រុង​ចេញ​តាម​ច្រក​ជាំ​ក្រវៀន​ក្នុងស្រុក​មេមត់​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៦ ត្រូវ​បាន​កម្លាំង​គយ​ចល័ត ដែល​បាន​ដឹកនាំ​ដោយ​លោក ព្រាប គី​រ៉ាត់ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ផ្ទៃ​ប្រទេស​បង្ក្រាប​បាន ខណៈ​ពេល​ដែល​ជំនាញ​រដ្ឋបាល​ព្រៃឈើ​កំពុង​ដេក​លក់​ហាក់ដូចជា​ត្រូវ​ថ្នាំ​សណ្ដំ​អ៊ីចឹង ។

សមត្ថកិច្ច​មួយ​រូប​នៅ​ស្រុក​មេមត់​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​រថយន្ត​ធុន​ធំ​ខាងលើ​បាន​បើក​ចេញពី​ផ្លូវជាតិ​លេខ​៧ ចូល​តាម​ច្រក​ជាំ​ក្រវៀន ក្នុង​បំណង​ទៅ​កាន់​ប្រទេស​វៀតណាម តែ​មិន​ទាន់​ទៅ​ដល់​ផង​នោះ​ត្រូវ​បាន​កម្លាំង​គយ​ចល័ត​ស្ទាក់​ចាប់​ជាប់ ដោយ​បាន​អូស​នាំ​មក​កាន់​ទីស្នាក់ការ​របស់​គយ​ចល័ត​នៅ​ស្រុក​ពញាក្រែក​ដើម្បី​ត្រួតពិនិត្យ​មើល ។

តាម​ប្រភព​បាន​ឲ្យ​ដឹង​បន្ត​ថា មុន​នឹង​ឈាន​ទៅ​ចាប់​រថយន្ត​នេះ​គឺ​មាន​កម្លាំង​សម្ងាត់​គយ និង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក កើត សុធា​រ៉ា ប្រធាន​នាយកដ្ឋាន​គយ និង​នាយកដ្ឋាន​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​គយ គឺ​បាន​ឲ្យ​លោក​ព្រាប គា​រ៉ាត់ ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ជា​ច្រើន​នាក់ ចាំ​ឃ្លាំមើល​ពី​ប្រភេទ​ភិនភាគ​រថយន្ត​ដែល​បាន​រាយការណ៍​មក​នោះ​ជា​រថយន្ត​ដឹក​ស្ករស​ជិត​៦០០​បាវ ។ នៅ​វេលា​យប់​រំលង​អា​ធ្រា​ត្រ​ក៏​បានឃើញ​រថយន្ត​បើក​មក​មែន ក៏​បាន​ស្ទាក់​ហៅ​ឈប់​ធ្វើការ​ត្រួតពិនិត្យ ក៏​ឃើញ​មាន​បង្កប់​ឈើ​គ្រញូង​រហូត​ដល់​ទៅ​ជាង​១០​តោន ហើយ​ការ​ឃាត់​នេះ​គឺ​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា រថយន្ត​ដឹក​ស្ករស​ត្រូវ​បាន​បញ្ជូន​មក​ដាក់​ស្នាក់​ការ​គយ​ចល័ត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​ពញាក្រែក រហូត​ដល់​ពេល​ល្ងាច​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៦ បាន​ថ្លឹង និង​រាប់​ឈើ​គ្រញូង​ទាំងនោះ​រួចរាល់ តែ​ម្ចាស់​ឈើ​វិញ​មិន​ត្រូវ​បាន​គេ​ទន្លា​យ​ឲ្យ​ដឹង​នោះ​ទេ ។

សូម​បញ្ជាក់​ថា ចាប់តាំងពី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​បទបញ្ជា​យ៉ាង​តឹងរ៉ឹង មិន​អនុញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​មក គេ​បានឃើញ​លោក​ឧត្តម​សេនីយ៍ត្រី វ៉ា សា​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​លោក ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចេញ​ប្រតិបត្តិការ​យុទ្ធនាការ​ក្តៅ ដោយ​ចុះ​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​ឈើ​ប្រណីត​របស់​ឧកញ៉ា អុល ឧកញ៉ា​ខ្នា នៅ​ស្រុក​មេមត់ និង​ឧកញ៉ា ថៃ នៅ​ស្រុក​ស្រុក​អូរ​រាំង​ឪ បាន​រក​ឃើញ​ឈើ​ប្រណីត​ល្មើសច្បាប់​រហូត​ដល់​ទៅ​រាប់​ពាន់​ម៉ែត្រគូប​ផង​ដែរ ។

ប្រភព​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹង​ថា ចំពោះ​ឈើ​គ្រញូង​ដែល​បង្កប់​ក្រោម​ស្ករស​ជាង​១០​តោន​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ​នោះ គឺ​អាច​ជា​របស់​ឈ្មួញ​មុខ​ដដែល​ៗ មិន​មាន​អ្នក​ណា​មក​ពី​ឆ្ងាយ​នោះ​ទេ ៕