ក្រុម​រដ្ឋ​ឥស្លាម​កំពុង​រង​សម្ពាធ​ខ្លាំង ដោយសារ​សមរភូមិ​ពីរ​ផ្លូវ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       25-05-2016, 3:31 pm         164

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377ក្រុម​រដ្ឋ​ឥស្លាម​កំពុង​រង​សម្ពាធ​ខ្លាំង ដោយសារ​សមរភូមិ​ពីរ​ផ្លូវ​​មិនបាន​ប៉ុន្មាន​ក្រោយ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ប្រកាស​វាយលុក​ទីក្រុង​Fallujah ក្រុម​រដ្ឋ​ឥស្លាម​ក៏​រង​សម្ពាធ​ធ្ងន់​មួយទៀត គឺ​ពេលនេះ​កងកម្លាំង​សម្ព័ន្ធមិត្ត​ឃើ​ដ​និង​អារ៉ាប់ បាន​បើក​ការវាយលុក​ដ៏​ធំ​មួយ​លើ​ទីតាំង​របស់​ក្រុម​នេះ​នៅ​ទីក្រុង​Raqqa ក្នុង​ទឹកដី​ស៊ី​រី​។ ជាមួយនឹង​សមរភូមិ​ពីរ​ផ្លូវ​បែបនេះ សម្ពាធ​កាន់តែ​ធ្ងន់​នឹង​ធ្លាក់​លើ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ដែល​ធ្លាប់តែ​គ្រប់គ្រង​ទឹកដី​ធំ​ល្វឹងល្វើយ​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​។​

​កងកម្លាំង​សម្ព័ន្ធមិត្ត​ឃើ​ដ​និង​អារ៉ាប់ នៅ​ថ្ងៃទី​២៤ ខែឧសភា បាន​បើក​យុទ្ធនាការ​ប្រយុទ្ធ​ធំ​មួយ​នឹង​សកម្មជន​ក្រុម​រដ្ឋ​ឥស្លាម​នៅ​មូល​ដ្ឋា​រឹងមាំ​របស់​ក្រុម​នេះ​នៅក្នុង​ទីក្រុង​Raqqa របស់​ស៊ី​រី​។ ការវាយប្រហារ​នេះ​គឺ​ធ្វើ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​កងកម្លាំង​អ៊ីរ៉ាក់​ចាប់ផ្ដើម​ទីក្រុង​Fallujah ដែល​កំពុងស្ថិត​ក្រោម​កា​រ​គ្រប់គ្រង​របស់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ដែល​នេះ​ធ្វើ​ឲ្យ​ក្រុម​ជ្រុលនិយម ប្រឈមមុខ​នឹង​សមរភូមិ​ពីរ​ទិសដៅ​។​

​តាមរយៈ​បណ្ដាញ​សង្គម Twitter របស់​សម្ព័ន្ធមិត្ត​នេះ កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​បានប្រកាស​ពី​យុទ្ធនាការ​ដ៏​ធំ​បំផុត ប្រឆាំងនឹង​ក្រុម​ជ្រុលនិយម​នៅ​Raqqa ហើយ​គោលដៅ​នៃ​ការ​យុទ្ធនាការ គឺ​ដើម្បី​រុញច្រាន​ក្រុម​រដ្ឋ​ឥស្លាម​ឲ្យ​ចាក​ចេញពី​តំបន់​ភាគ​ខាងជើង​នេះ និង​ដើម្បី​ធានា​សុវត្ថិភាព​តំបន់​ដទៃ​។​

​ជាមួយគ្នានេះ អ្នក​ពាក្យ​យោធា​អាមេរិក​នៅ​អ៊ីរ៉ាក់​លោក Steve Warren បានបញ្ជាក់​ឲ្យ​ដឹង​ពី​យុទ្ធនាការ​នេះ និង​និយាយថា នេះ​គឺជា​ការដាក់​សម្ពាធ​លើ​Raqqa​។ លោក​បន្ត​ដែរ​ថា កងកម្លាំង​អាកាស​អាមេរិក​នឹង​ជួយ​ដល់​យុទ្ធនាការ​នេះ ដែល​ក្នុងចំណោម​នៃ​អ្នក​ប្រយុទ្ធ​ទាំងអស់ មាន​ធ្ន​ក​ខ្លះ​ត្រូវបាន​បំពាក់បំប៉ន​និង​ផ្ដល់​អាវុធ​ដោយ​អាមេរិក​ទៀតផង​។

​លើសពីនេះទៅទៀត បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​AFP នៅមុន​ការប្រកាស​យុទ្ធនាការ​របស់​កងក​ម្លាំ​ង​ប្រជាធិបតេយ្យ​ស៊ី​រី រុស្សី​ឯណោះ​ក៏​បង្ហាញ​ពី​ការត្រៀមខ្លួន​របស់ខ្លួន​ដើម្បី​សហការ​ជាមួយ​ក្រុង​វ៉ា​ស៊ី​ង​តោន​និង​អ្នក​ប្រយុទ្ធ​ស៊ី​រី ដើម្បី​ប្រយុទ្ធ​នៅ​Raqqa​។ យ៉ាងណាមិញ កាលពី​សប្ដាហ៍​មុន អាមេរិក​បា​នស​ដិ​សេធ​សំណើ​របស់​រុស្សី​ដែល​ចង់​ធ្វើ​ប្រតិបត្តិការ​អាកាស​រួមគ្នា​ប្រឆាំងនឹង​សកម្មជន​រដ្ឋ​ឥស្លាម ខណៈ​សម្ព័ន្ធមិត្ត​ដែល​ដឹកនាំ​ក្រុង​វ៉ាស៊ីនតោន​ក៏​កំពុង​ផ្ដោតលើ​មូលដ្ឋាន​ក្រុម​ជ្រុលនិយម​នៅ​Raqqa ក៏​ដួច​ជា​នៅ​Fallujah និង​នៅ​Mosul ផងដែរ​។​

​នៅឯ​សមរភូមិ​រំដោះ​Fallujah កងកម្លាំង​អ៊ីរ៉ាក់​នៅ​ថ្ងៃទី​២៤ ខែឧសភា កំពុង​ខិតចូល​កៀក​ទីក្រុង​នេះ ក្រោយពេល​ដណ្ដើម​ក្រុង​Garma ក្បែរ​ខាង និង​បាន​កាត់ផ្ដាច់​ផ្លូវ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ពី​មូលដ្ឋាន​គាំទ្រ​ចុងក្រោយ​របស់​ពួកគេ​។ មួយវិញទៀត មន្ត្រី​ប៉ួ​លិ​ស​អ៊ីរ៉ាក់​បញ្ជាក់ដែរថា កងកម្លាំង​បាន​រុល​សំដៅ​ទិសខាងកើត​ក្រុង​Fallujah ជាមួយ​ទិសដៅ​បី ស្របពេល​តំបន់​ភាគខាងត្បូង ក៏​ធ្លាក់​ក្រោម​ការគ្រប់គ្រង​នៃ​សកម្មជន​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​ដែរ​។​

​សមរភូមិ​ពីរ​ផ្លូវ​នៅ​Raqqa របស់​ស៊ី​រី និង​Fallujah របស់​អ៊ីរ៉ាក់ ទំនងជា​ធ្វើ​ឲ្យ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​កាន់តែ​លំបាក​ថែមទៀត ព្រោះ​ក្រុម​នេះ​ប្រហែលជា​មិនអាច​ទប់ទល់​នឹង​សមរភូមិ​ពីរ​ផ្លូវ​បែបនេះ​ទេ ហើយ​វា​ក៏​អាច​ឈានដល់​ការ​បោសសម្អាត​ក្រុម​ទៀតផង​។ លើសពីនេះ វត្តមាន​កងកម្លាំង​អាមេរិក​និង​រុស្សី ដែល​កំពុង​ប្រតិបត្តិការ​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ ក៏​ជា​បន្ទុក​ធ្ងន់​មួយទៀត​ផងដែរ​៕