ជនជាតិ​ដើម​ភាគ​តិច​ព័រ​ស្រុក​សំឡូត​អះអាង​ថា​បក្ខពួក​មេ​ភូមិ​ដាំ​ដើម​ចេក​បិទ​ផ្លូវ​សាធារណៈ

ជនជាតិ​ដើម​ភាគ​តិច​ព័រ ចំនួន ១៥​គ្រួសារ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង រិះគន់​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន ថា​មិន​ជួយ​អន្តរាគមន៍​បើក​ផ្លូវ​សាធារណៈ​នៅ​ក្នុង​ភូមិ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ដឹក​កសិផល​ចេញ​ចូល​នោះ​ទេ។

អ្នក​ភូមិ​អះអាង​ថា ផ្លូវ​លំ​ក្នុង​ភូមិ​មួយ​ខ្សែ​ដែល​ពួក​គាត់​ធ្វើ​ដំណើរ​ចេញ​ចូល​ជា​ប្រចាំ ត្រូវ​បាន​ពលរដ្ឋ​មួយ​គ្រួសារ​ជា​បក្ខពួក​របស់​លោក​មេ​ភូមិ បាន​ដាំ​ដើម​ឈើ​បិទ​ផ្លូវ​រំលោភ​យក​ដី​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​ចេញ​ចូល​បាន។

ជនជាតិ​ដើម​ភាគ​តិច​ព័រ នៅ​ស្រុក​សំឡូត ស្នើ​ឲ្យ​អាជ្ញាធរ​ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ ជួយ​សម្រួល​បើក​ផ្លូវ​ជូន​ពួក​គាត់​ឡើង​វិញ​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រចាំ​ថ្ងៃ។

ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព័រ ស្រុក​សំឡូត លោក ឆឺត ឈន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ឧសភា ថា ផ្លូវ​លំ​ក្នុង​ភូមិ​មួយ​ខ្សែ​ទទឹង ៧​ម៉ែត្រ និង​បណ្ដោយ​ប្រមាណ ១​ពាន់​ម៉ែត្រ​នៅ​ភូមិ​ភ្នំរ៉ៃ ឃុំ​តាតោក ស្រុក​សំឡូត ដែល​ពួក​គាត់​ធ្វើ​ដំណើរ​ចេញ​ចូល​រាល់​ថ្ងៃ​តាំង​ពី​ឆ្នាំ​២០០០ មក ត្រូវ​បាន​ពលរដ្ឋ​ម្នាក់​ឈ្មោះ ព្រំ ម៉ៅ ជា​បក្ខពួក​របស់​លោក​មេ​ភូមិ​ភ្នំរ៉ៃ ដាំ​ដើម​ចេក​បិទ​ផ្លូវ ធ្វើ​ឲ្យ​មិន​អាច​ធ្វើ​ដំណើរ​បាន​ឡើយ។ លោក​អះអាង​ថា ការ​បិទ​ផ្លូវ​នេះ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ធ្វើ​ដំណើរ​ដឹក​កសិផល​របស់​ជនជាតិ​ដើម​ភាគ​តិច​ចំនួន ១៥​គ្រួសារ រាំង​ស្ទះ​ដោយសារ​គ្មាន​ច្រក​ចេញ​ចូល។ លោក​បន្ថែម​ថា កន្លង​មក លោក​បាន​ប្ដឹង​ទៅ​មេ​ភូមិ និង​អាជ្ញាធរ​ឃុំ ឲ្យ​ជួយ​អន្តរាគមន៍​ដែរ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​ឡើយ៖ «បើ​និយាយ​ទៅ​ប៉ះពាល់​សេដ្ឋកិច្ច​ប្រចាំ​ថ្ងៃ ដូចជា​ការ​ដឹក​ចេក​មក​លក់ និង​ដំណាំ​ផ្សេង ហើយ​ម៉ូតូ​ឈ្មួញ​ក៏​មិន​អាច​ចូល​ទិញ​បាន​ដែរ ព្រោះ​អី​ពួក​គាត់​រស់នៅ​អាស្រ័យ​ផល​ដំណាំ​ទាំងអស់​នេះ​ឯង លក់​ដោះស្រាយ​ជីវភាព»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ឃុំ​តាតោក អ្នកស្រី គឹម លី មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ភ្លាម អ្នកស្រី​បាន​បញ្ជា​ទៅ​លោក​មេ​ភូមិ​ភ្នំរ៉ៃ ឲ្យ​បើក​ផ្លូវ​នោះ​ឡើង​វិញ។ ចំណែក​ឯ​ការ​ដោះស្រាយ​ពុំ​ទទួល​បាន​លទ្ធផល​នោះ អ្នកស្រី​ថា ទើប​តែ​ទទួល​បាន​ដំណឹង​នេះ៖ «មេ​កន្ទ្រាញ​គាត់​បាន​សុំ​ខ្ញុំ​ឲ្យ​បើក​របង ហើយ​យើង​ក៏​បាន​ហៅ​ភាគី​ទាំង​សង​ខាង​មក​ទល់​មុខ​គ្នា​ដោះស្រាយ។ ខ្ញុំ​ស្មាន​តែ​គេ​បើក​ឲ្យ​ហើយ អត់​មាន​អ្នក​ណា​ប្រាប់​ខ្ញុំ​ផង»

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ដី​ផ្លូវ​សាធារណៈ​មិន​អាច​ជន​ណា​ម្នាក់​ដាំ​ដុះ​បិទ​ផ្លូវ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​បាន​ឡើយ។ លោក​ពន្យល់​ថា ករណី​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ដោះស្រាយ​បើក​ផ្លូវ​ជូន​ពលរដ្ឋ​ធ្វើ​ដំណើរ​ឡើង​វិញ​ឲ្យ​បាន​ឆាប់​រហ័ស៖ «ផ្លូវ​មាន​សារសំខាន់​ណាស់​សម្រាប់​ធ្វើ​ដំណើរ​ចេញ​ចូល មិន​ថា​ជនជាតិ​ដើម​ភាគ​តិច ឬ​ពលរដ្ឋ​ផ្សេង​ទេ គឺ​ត្រូវ​ការ​ប្រើប្រាស់​ដូច​គ្នា»

ជនជាតិ​ដើម​ភាគ​តិច​ព័រ នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង មាន​ប្រមាណ ១៩០​គ្រួសារ ហើយ​ភាគ​ច្រើន​ពួក​គាត់​ប្រកប​របរ​កសិកម្ម ដូចជា​ដំណាំ​ស្រូវ សណ្ដែក និង​ដំឡូងមី ជាដើម។ ក្នុង​ចំណោម​នោះ មាន​ពលរដ្ឋ​ប្រមាណ ១៥​គ្រួសារ ត្រូវ​ដឹក​កសិផល​ឆ្លង​កាត់​ផ្លូវ​ដែល​មាន​ទំនាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។