ផ្ទុះ​ភាព​តានតឹង​ឡើង​វិញ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន

រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ប្រកាស​នា​ថ្ងៃ​ទី​២៤ ឧសភា ថា ទាហាន​ខ្លួន​៧​នាក់​ស្លាប់​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​ក្នុង​ការ​វាយប្រហារ​នានា​របស់​ពួក​ឧទ្ទាម​ស្និទ្ធ​រុ​ស្ស៊ី​នៅ​ភាក​ខាងកើត​ប្រទេស ។

កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ដែល​ចុះហត្ថលេខា​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៥ តាម​រយៈ​ការ​ចរចា​គ្នា​ក្រោម​ការ​ឧបត្ថម្ភ​របស់​អា​ល្លឺ​ម៉​ង់ និង​បារាំង​ពុំ​អាច​បញ្ចប់​ទាំងស្រុង​ការ​ប៉ះទង្គិច​គ្នា​ក្នុង​តំបន់​បំបែក​ខ្លួន​ឡើយ រួច​ម្ខាង​ៗ​តែង​ចោទ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ថា​រំលោភ​បំពាន​បទ​ឈប់​បាញ់​គ្នា​នេះ ។

លោក OLEKSANDER TOURTCHINOV អ្នកនាំពាក្យ​យោធា​អ៊ុយ​ក្រែ​ន​ថ្លែង​ថា សកម្មភាព​នានា​របស់​ពួក​ឧទ្ទាម​គាំទ្រ​ដោយ​រុ​ស្ស៊ី​បាន​បង្កើន​ការ​វាយប្រហារ​ប្រឆាំង​កងទ័ព​រដ្ឋាភិបាល​រួម​ទាំង​ប្រើ​អាវុធ​ធុន​ធ្ងន់ ដែល​ស្នើ​ឱ្យ​ដក​ចេញពី​ខ្សែ​រណសិរ្ស​ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​ទីក្រុង​មីន​ស្ក៍​ផង ។

ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន DAN របស់​ពួក​បំបែក​ខ្លួន​វិញ រាយការណ៍​ថា កងទ័ព​រដ្ឋាភិបាល កាលពី​យប់​ថ្ងៃ​ទី​២៣ ឧសភា បាន​បាញ់​ផ្លោង​ដាក់​ជាយក្រុង​ខាងលិច​នៃ​ទីក្រុង​ដូ​ណេ​ត​ស៍​បំផ្លាញ​ផ្ទះ​៨​ខ្នង ៕