​បុរស​ស្រវឹង​ជោកជាំ ដែល​តាំងខ្លួន​ជា ​”អង្គរក្ស​សម្ដេច” ត្រូវបានបញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​

​បុរស​ស្រវឹង​ជោកជាំ ដែល​តាំងខ្លួន​ជា ​”អង្គរក្ស​សម្ដេច” ត្រូវបានបញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​



ព្រះសីហនុ ​៖​ ប៉ូលិស​ចរាចរណ៍​ខេត្ត​ព្រះសីហនុ​ ​បានសម្រេច​បញ្ជូន​បុរស​ខ្លាំ​ង​ ដែល​ផឹកស្រា​ស្រវឹង​ជោកជាំ​ បើក​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ​និង​យកឈ្មោះ​ថ្នាក់ដឹកនាំ​មក​ប្រើ ធ្វើការ​គំរាម​កំហែង​សមត្ថកិច្ច​យ៉ាង​ចាស់ដៃ​ផង​នោះ ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ ដើម្បី​ចាត់ការ​តាមផ្លូ​វច្បាប់​ហើយ។​

លោក​វរសេនីយ៍ ព្រហ្ម ពៅ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក ​បាន​គូស​បញ្ជាក់​ថា ដើម្បី​អនុវត្តន៍​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ក៏ដូចជា​ យោង​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ របស់​លោក​ឧត្តមសេនីយ៍​ទោ ជួន ណា​រិ​ន្ឋ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដោយ​លោក​ឧត្តមសេនីយ៍​ មិន​អត់ឱន​ជា​ដាច់​ខា​ត ​ចំពោះ​ជន​ណា​ម្នាក់​ដែល​ល្មើសច្បាប់​ នៅ​លើ​ដងផ្លូវ​នោះ​ឡើយ​។​ ហើយ​ជន​នេះ​បើ​យោង​តាម​ច្បាប់​មាត្រា លេខ​៧៥ និង៨២ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​និង​យោង​តាម​មាត្រា​លេខ ៦១០ នៃ​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ផង​នោះ ជន​នេះ​ជាប់​ពាក់ព័ន្ធ​បទ​ចោទ​ចំនួន ០៣ រួមមាន បើកបរ​ក្នុង​ស្ថាន​ភាព​ស្រវឹង​ ពុំ​មាន​ប័ណ្ណ​បើក​ត្រឹមត្រូវ ពុំ​មាន​ប័ណ្ណ​សំគាល់​យានយន្ត​បង្កើត​ឲ្យ​មាន​ការ​ច្រឡំ ជាមួយ​ការ​បំពេញ​មុខ​ងារ​សាធារណៈ​ របស់​សមត្ថកិច្ច​ក្នុង​ពេល​ចុះ​អនុវត្តន៍​ច្បាប់​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ជន​ជាប់​ចោទ ឈ្មោះ ​អ៊ុក សា​មិត្ត ភេទ​ប្រុស​ អាយុ​ប្រហែល​៣៧​ឆ្នាំ​ ជន​ជាតិ​ខ្មែរ​ដែល​អះអាង​ថា ​ខ្លួន​ជា​អង្គរក្ស​សម្ដេច​ជំនាន់​២១ ក្រាំងចេក ឋានៈ​អនុសេនីយ៍ទោ​ខាង​លើ​នេះ ​កាល​ពី​វេលា​ម៉ោង​០២​និង​៣០​នាទី​យប់ ​ឈាន​ចូល​ថ្ងៃទី​២៤ ខែ​ឧសភា ​ឆ្នាំ​២០១៦​ ត្រូវ​បាន​កម្លាំង​ជំនាញ​ចរា​ចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាប់​ឃាត់​ខ្លួន​ នៅត្រង់​ចំណុច​​ខារ៉ាអូខេ​៣៣៣​ ស្ថិត​ក្នុង​ក្រុម​ទី​០២​ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ បន្ទាប់ពី​រូប​គាត់​ផឹកស្រា​ស្រវឹង​ជោកជាំ​ បើករថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌឺ​ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG 5133 ថយក្រោយ​ទៅ​បុក​ម៉ូតូ​ស្កុប​ពី មួយ​គ្រឿង​ពណ៌​ខៀវ-​ស គ្មាន​ស្លាក​លេខ ជា​កម្មសិទ្ឋិ​របស់ ​ឈ្មោះ យ៉ា ទី ភេទ​ស្រី ​អាយុ​២៣​ឆ្នាំ រង​ការខូចខាត​តិចតួច និង​ប្រើ​ឥរិយាបថ​អសីលធម៌​ស្រែក​ឡូឡា​អួត​ថា​ ខ្លួន​មាន​មុខងារ​ជា ​អង្គរក្ស​សម្ដេច​ជំនាន់​២១ ក្រាំងចេក ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល៕

​បុរស​ស្រវឹង​ជោកជាំ ដែល​តាំងខ្លួន​ជា ​”អង្គរក្ស​សម្ដេច” ត្រូវបានបញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​