រដ្ឋបាល​ខេត្ត​បាត់ដំបង ឲ្យ​រថយន្ត​ដឹកអ្នក​ដំណើរ​ទាំងអស់ ​ត្រូវតែ​ចូល​ចត​នៅ​ចំណត​ ជា​កំហិត​

រដ្ឋបាល​ខេត្ត​បាត់ដំបង ឲ្យ​រថយន្ត​ដឹកអ្នក​ដំណើរ​ទាំងអស់ ​ត្រូវតែ​ចូល​ចត​នៅ​ចំណត​ ជា​កំហិត​



ភ្នំពេញ ​៖ រដ្ឋបាល​ខេត្ត​បាត់ដំបង ទុក​ពេល​ “មួយ​ខែ” ឲ្យ​ក្រុមហ៊ុនប្រកប​អាជីវកម្ម ​ដឹកជញ្ជូន​អ្នកដំណើរ​​ តាម​រថយន្ត​ធុន​ធំ ឬ​រថយន្តក្រុង​ ដោយ​គិត​ចាប់តាំងពី​ថ្ងៃទី​២០ ខែឧសភា រហូតដល់​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០១៦ ដើម្បី​ឲ្យ​បណ្ដា​ក្រុមហ៊ុន​ដឹកជញ្ជូន អ្នកដំណើរ ទាំងអស់ ត្រូវតែ​ចូល​ចត​នៅ​ចំណត​ផ្សារ​ទំនើប​បាត់ដំបង​ថ្មី ជា​កំហិត។​

យោង​តាម​សេចក្ដីជូនដំណឹង​ របស់​រដ្ឋបាល​ខេត្តបាត់ដំបង​ ចុះ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៦​កន្លងទៅ​ថ្មីៗ​នេះ បាន​ជម្រាប​ដំណឹង​ដល់​ម្ចាស់​ក្រុមហ៊ុន ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​អ្នក​ដំណើរ ​តាម​រថយន្ត​ធុន​ធំ ឬ​រថយន្តក្រុង​ឲ្យ​បាន​ជ្រាប​ថា កន្លងមក​រដ្ឋបាល​ខេត្ត​បាន​ពិនិត្យ​ឃើញថា រថយន្ត​ធុន​ធំ ឬ​រថយន្ត​ក្រុង​ដឹក​អ្នកដំណើរ​មួយចំនួន ​បាន​ធ្វើ​ចរាចរ និង​ចត​ឥត​សណ្ដាប់ធ្នាប់ តាម​ដង​ផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង ដោយ​មិន​គោរព​តាម​គោលការណ៍ណែនាំ​ របស់​រដ្ឋបាល​ខេត្ត ជាហេតុ​បណ្ដាល​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ និង​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ជារឿយៗ និង​ធ្វើ​ឲ្យ​បាត់​សណ្ដាប់ធ្នាប់ របៀបរៀបរយ​តាម​ដងផ្លូវ​សាធារណៈ។​
​ ​
រដ្ឋបាល​ខេត្ត​បាន​បញ្ជាក់​ថា ដើម្បី​ថែរក្សា​របៀបរៀបរយ និង​សណ្ដាប់ធ្នាប់​តាម​ដង​ផ្លូវ​សាធារណៈ ក្នុង​ក្រុង​បាត់ដំបង រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ធ្វើ​ការណែនាំ​ក្រើនរំលឹក ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នក​ដំណើរ​ជា​លើក​ចុងក្រោយ គឺ​រថយន្ត​ដឹក​អ្នក​ដំណើរ​ធុន​ធំ ឬ​រថយន្ត​ក្រុង​ទាំងអស់ ត្រូវ​ចូល​ចត​នៅ​ចំ​ណត​រថយន្ត​ផ្សារ​ទំនើប បាត់ដំបង​ថ្មី (​ផ្សារ ភួ ពុ​យ​) ដោយ​មិន​អនុញ្ញាត​ឲ្យ​ចត ឬ​ឈប់​ នៅ​តាម​ទីស្នា​ក់ការ​លក់​សំបុត្រ​ របស់​ក្រុមហ៊ុន​ទៀត​ឡើយ​។ ចំពោះ​ទីស្នាក់ការ​ក្រុមហ៊ុន​ ដែល​មិន​ស្ថិត​នៅ​ក្នុង​ បរិវេ​ណ​ចំណតរថយន្ត ផ្សារ​ទំនើប​បាត់ដំបង​ថ្មី អាច​អនុញ្ញាត​ឲ្យ​លក់​សំបុត្រ​ជូន​ភ្ញៀវ តែ​មិន​អនុញ្ញាត​ឲ្យ​យក​រថយន្ត​ចាប់ពី ១២​កៅអី​ឡើង មក​ដឹក​ភ្ញៀវ​ពី​ស្នាក់​ការ​ទៅ​ចំណតរថយន្ត ផ្សារ​ទំនើប​បាត់ដំបង​ថ្មី​បាន​ទៀត​ឡើយ​។​

ចំណែក រថយន្ត​ធុន​តូច (TAXI) រថយន្ត មួយ​បាំង​កន្លះ ឬ​២​បាំង និង​រថយន្ត​ទេសចរណ៍ ១២ ទៅ ១៦ កៅអី អនុញ្ញាត​ឲ្យ​ចត​នៅ​តាម​ចំណតរថយន្ត​ក្នុង​ក្រុង ​ហាម​ដាច់ខាត​ចត​តាមផ្លូវ និង​ចាប់​ម៉ូយ​នៅ​ក្រៅ​ចំណត ដែល​បណ្ដាល​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​កកស្ទះ​ចរាចរណ៍​។​

រដ្ឋបាល​ខេត្ត​បាន​បញ្ជាក់​បន្ថែម​ថា ចំពោះ​ការ​បង់​ភាស៊ី ត្រូវ​បង់​នៅក្នុង​បរិវេណ​ចំណត មិន​អនុញ្ញាត ឲ្យ​យក​ភាស៊ី​នៅ​ក្រៅ​ចំណត​ឡើយ​។ ដូច្នេះ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​ធ្វើដំណើរ និង​រថ​យន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ ឬ​រថយន្តក្រុង រដ្ឋបាល​ខេត្ត​អនុញ្ញាត​ឲ្យ​រថយន្ត​ទាំងនេះ ពេល​ចេញពី​ចំណ​ត​នៅ​ផ្សារ​បាត់ដំបង​ថ្មី ឬ​ចេញ​ដំណើរ​ពី​រាជធានី​ភ្នំពេញ អាច​ទទួល​យក​ភ្ញៀវ​ឡើង ឬ​ដាក់​ភ្ញៀវ​ចុះ​ នៅ​ចំណត​តាម​ដងផ្លូវ​លេខ ៥៧B ផ្លូវ​រវាង​ក្រុង ចម្ងាយ​ពី​រង្វង់​មូល​ព្រាប​សន្តិភាព​ប្រមាណ ៣០០ ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង។ ម្យ៉ាងវិញទៀត​សម្រាប់​ក្រុម​ហ៊ុន​ទេសចរណ៍ ដែល​ប្រើប្រាស់​រថយន្ត​ធុន​ធំ​ដឹក​ភ្ញៀវ​ទេសចរ ឬ​រថយន្ត​ដឹកនាំ​គណៈប្រតិភូ​នានា​ ចូល​មក​ក្នុង​ក្រុង​បាត់ដំបង អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​ចេញ​-​ចូល ក្នុង​ក្រុង​បាន​ដោយ​មានការ​ទំនាក់​ទំនង​ជូន​ដំណឹង ជាមុន​មក​សាលាខេត្ត​បាត់ដំបង និង​មាន​ប័ណ្ណ​សម្គាល់​ច្បាស់លាស់​។​

​អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​បញ្ជាក់​ថា ម្ចាស់​ក្រុមហ៊ុន ដែល​ប្រ​កបរបរ​អាជីវកម្ម​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​រដ្ឋបាល​ខេត្ត​ទុក​ពេល​ឲ្យ​មួយ​ខែ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២០ ខែឧសភា រហូតដល់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦ ដើម្បី​ឲ្យ​បណ្ដា​ក្រុម​ហ៊ុន​ដឹកជញ្ជូន​អ្នក​ដំណើរ​ទាំងអស់​ត្រូវតែ​ចូល​ចត​នៅ​ចំណត​ផ្សារ​ទំនើប​បាត់ដំបង​ថ្មី ជា​កំហិត​។

ករណី​ម្ចាស់​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម ដឹក​អ្នកដំណើរ​ណា នៅ​បន្តសកម្មភាព​ល្មើស​នឹង​សេចក្តី​ជូន​ដំ​ណឹង រដ្ឋបាល​ខេត្ត​នឹង​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ និង​ណែនាំ​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង ដកហូត​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម និង​លែង​ឲ្យ​ដឹក​អ្នកដំណើរ នៅក្នុង​ខេត្តបាត់ដំបង​តទៅទៀត​៕