លោក​ ចម ប្រសិទ្ធ​ ​ចុះ​អង្កេត​សកម្មភាព​រៀន​-​បង្រៀន​ របស់​សិស្សានុសិស្ស ​នៅ​ខេត្ត​កំពត

លោក​ ចម ប្រសិទ្ធ​ ​ចុះ​អង្កេត​សកម្មភាព​រៀន​-​បង្រៀន​ របស់​សិស្សានុសិស្ស ​នៅ​ខេត្ត​កំពត



កំពត ៖ លោក​ទេសរដ្ឋមន្ត្រី​ ចម ប្រសិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​និង ប្រធាន​ក្រុមការ​ងារ​ថ្នាក់​ជាតិ ​ចុះ​ជួយ​ខេត្ត​កំពត និង​លោក ណាត ប៊ុន​រឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​ក្រុមការងារ​ ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​អង្គរជ័យ​ កាល​ពីពេល​ថ្មីៗ​នេះ បាន​ដឹកនាំ​ក្រុមការងារ ចុះ​អង្កេត​សកម្មភាព​រៀន​-​បង្រៀន ​របស់​សិស្សានុសិស្ស និង​ពិនិត្យ​បណ្ណាល័យ​ តាម​សាលារៀន​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​កំពត។

នា​ឱកាស​នោះដែរ ក្រុមការងារ ក៏បាន​ពិនិត្យ​ដំណើរ​ការ​រៀន​ បំប៉ន​របស់​សិស្សានុសិស្ស​ ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​ជា ស៊ីម អង្គរជ័យ ដែលកំពុង​សិក្សា​ ដើម្បី​ត្រៀម​ប្រឡង​សញ្ញាប័ត្រ​ មធ្យមសិក្សា​ទុតិយភូមិ​ ឆ្នាំ​សិក្សា​២០១៥-២០១៦​។ ថ្នាក់​បំប៉ន​នេះ ប្រព្រឹត្តទៅ​រៀងរាល់ថ្ងៃ​ចុង​សប្ដាហ៍ ក្នុង​គោលបំណង​លើក​កម្ពស់​ ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស និង​ជំរុញ​អនុវត្ត​នយោបាយ​កំណែទម្រង់​វិស័យ​អប់រំ នៅ​កម្ពុជា​ឲ្យ​ទទួល​បាន​ជោគជ័យ ក្រោម​កិច្ចសហការ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ព្រមទាំង​ការចូលរួម​ជំរុញ​លើកទឹកចិត្ត​ ពី​មាតាបិតា​ ឬ​អ្នកអាណាព្យាបាល​សិស្ស អាជ្ញាធរ​ដែនដី ជាពិសេស​លោកគ្រូ អ្នកគ្រូ ដែល​បង្រៀន​ដោយ​យកចិត្តទុកដាក់​។​

គួរ​បញ្ជាក់​ថា ​សម្រាប់​ប្រលង​សញ្ញាប័ត្រ ​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​បាក់​ឌុប​នៅ​ឆ្នាំនេះ​ ក្រសួង​នឹង​រៀបចំ​ប្រលង​នៅ​ថ្ងៃទី​២២ ​ខែសីហា ​ឆ្នាំ​២០១៦​ និង​ប្រកាស​លទ្ធផល​ប្រលង​ នៅ​ថ្ងៃទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១៦ ​ដែល​កាលពី​ឆ្នាំមុន​ក្រសួង​ប្រឡង​នៅ​ថ្ងៃទី​២៤ ខែ​សីហា ​ដោយមាន​បេក្ខជន​ប្រឡង​ជាប់ ​ចំនួន​៤៦៥៦០​នាក់ ត្រូវជា​៥៥,៨៨​ភាគរយ​នៃ​បេក្ខជន ​វត្តមាន​ចំនួន ​៨៣៣២៥នាក់​ក្នុង​នោះ មាន​បេក្ខជន​ជាប់ និទ្ទេស​ A ​មាន​ចំនួន​១០៨​នាក់៕

លោក​ ចម ប្រសិទ្ធ​ ​ចុះ​អង្កេត​សកម្មភាព​រៀន​-​បង្រៀន​ របស់​សិស្សានុសិស្ស ​នៅ​ខេត្ត​កំពត