ប្រយោជន៍​របស់​ស៊ុត ដែល​មនុស្ស​ភាគច្រើន មិន​ធ្លាប់​បាន​ដឹង​

ប្រយោជន៍​របស់​ស៊ុត ដែល​មនុស្ស​ភាគច្រើន មិន​ធ្លាប់​បាន​ដឹង​

​មនុស្ស​យើង​ភាគច្រើន​យល់ថា ស៊ុត​ពោរពេញ​ទៅ​ដោយ​កូ​ឡេ​ស្តេ​រ៉ុល ដែល​បង្ក​កំណក​ឈាម​ស្ទះ​ក្នុង​សរសៃឈាម​ឈាម ហើយ​ការ​ញ៉ាំ​ច្រើន ក៏​នាំឲ្យ​កើត​ជំងឺ​សរសៃឈាម​បេះ​ដូង​បាន​ដែរ​។ ប៉ុន្តែ​ការពិត គឺ​មិន​អឺចឹង​នោះទេ​។

​ការសិក្សា​មួយ ដែល​ធ្វើឡើង​ដោយ អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Wake Forest បាន​រកឃើញថា វា​ពិតជា​គ្មាន​ទំនាក់ទំនង​ណាមួយ រវាង​ការ​ញ៉ាំ​ស៊ុត និង​ជំងឺ​បេះដូង​ឡើយ​។ តាមពិត អ្នកជំនាញ​ខាង​សុខភាព​ជា​ច្រើន​និយាយ​ថា ស៊ុត គឺជា​អាហារ​ដ៏​ល្អ​បំផុត​។ ខាងក្រោម​នេះ ជា​អត្ថប្រយោជន៍​មួយចំនួន​ធំ​របស់​ស៊ុត ដែល​មនុស្ស​ភាគច្រើន មិន​ធ្លាប់​ដឹង​ឡើយ​។

​ធ្វើឲ្យ​មាន​អារម្មណ៍ល្អ​
​ស៊ុតមាន​ជាតិ​ស័ង្គសី អូ​មេហ្គា​បី វីតាមីន B និង​អាយ​អូ​ដា​ញ ដែល​វា​មាន​នាទី ប្រឆាំង​នឹង​ការ​អស់កម្លាំង និង​សម្រួល​ដល់​អារម្មណ៍​មិន​ល្អ​។

​បង្ការ​ជំងឺមហារីក​
​តាម​ការសិក្សា​មួយ​បានឲ្យដឹងថា ស្ត្រី​ដែល​ញ៉ាំ​ស៊ុត​ច្រើន ទំនង​ជា​បន្ថយ​ការកើត​ជំងឺមហារីក​បាន ២៤​ភាគរយ​។ នេះ​ដោយសារ​តែ​ការ​ញ៉ាំ​ស៊ុត​មួយ​គ្រាប់ នឹង​ផ្តល់​នូវ​សារធាតុ​ខូលីន​ស្មើនឹង ៣០ ភាគរយ​នៃ​តម្រូវការ​របស់​មនុស្ស​យើង​។

​ជួយ​ដល់​ការ​សម្រក​ទម្ងន់​
​អ្នក​ដែល​ញ៉ាំ​ស៊ុត ជា​អាហារ​ពេលព្រឹក​ឃើញថា អាច​ជួយ​ស្រក​ទម្ងន់​បាន​ច្រើន​ជាង ៦៥ ភាគរយ​ឯណោះ​។ ការ​ញ៉ាំ​ស៊ុត ក៏​ត្រូវបាន​គេ​ដឹង​ដែរ​ថា ជួយ​កាត់បន្ថយ​ការ​ញ៉ាំ​កាឡូរី​ច្រើន នៅ​ថ្ងៃក្រោយ​ដែរ​។

​ពង្រឹង​ដល់​ភាព​ឃើញច្បាស់​របស់​ភ្នែក​
​ស៊ុត គឺជា​ប្រភព​ដ៏​ល្អ​មួយ​របស់​សារធាតុ Zeaxanthin និង Lutein ដែល​ជួយ​ដល់​ការកាត់បន្ថយ ការកើត​ជំងឺភ្នែកឡើងបាយ​។ ចូរ​ចាំ​ថា អ្នក​គួរតែ​ញ៉ាំ​ស៊ុត​ផ្នែក​ពណ៌​លឿង ទើប​មាន​កំហាប់​សារធាតុ​ទាំងពីរ​នេះ​ខ្ពស់បំផុត​។ ដើម្បី​ការពារ​ភ្នែក​កាន់តែ​ល្អ អ្នក​គួរតែ​ញ៉ាំ​ស៊ុត​ចៀន ជាមួយ​ស្ពៃ​ស្ពីណា​ច​។

​ពង្រឹង​ដល់​ប្រព័ន្ធ​សាច់ដុំ​
​ស៊ុត គឺជា​ប្រភព​ដ៏​ល្អ​បំផុត ដែល​មាន​ជាតិ​ប្រូតេអ៊ីន ដែល​អាច​ការពា​រសាច់​ដុំ​បាន ព្រមទាំង​មាន​កាឡូរី​ទាប​ទៀត​។ វីតាមីន B12 របស់​ស៊ុត ក៏​អាច​ជួយ​ដល់​ការ​កន្ត្រាក់​របស់​សាច់ដុំ​បានដែរ​។

​ពង្រឹង​ដល់​ជាតិ​ខ្លាញ់​ល្អ និង​បន្ថយ​ការ​ប្រឈម​ជំងឺ​បេះដូង​សរសៃឈាម​
​ស៊ុត​ដ៏​ធំ​មួយ​មានកូ​ឡេ​ស្តេ​រ៉ុល ២១២ មី​លី​ក្រាម តែ​មិនមែន​មានន័យថា វា​នឹង​ធ្វើឲ្យ​កើនឡើង ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុង​ឈាម​ឡើយ​។ ​ការសិក្សា​មួយ​បានបង្ហាញ​ថា ស៊ុត ពិតជា​ជួយ​ពង្រឹង​ដល់​សុខភាព កូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម តាមរយៈ​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ និង​បង្កើន​ទំហំ​ម៉ូលេគុល​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ដែល​អាច​ជួយ​កាត់បន្ថយ​ការ​ប្រឈម​ជំងឺ​បេះដូង​បាន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។