​វិធី​ព្យាបាល បញ្ហា​បេះដូង​ដើរ​ញាប់​ដោយ​ខ្លួនឯង​

​វិធី​ព្យាបាល បញ្ហា​បេះដូង​ដើរ​ញាប់​ដោយ​ខ្លួនឯង​

​បេះដូង​ដើរ​ញាប់ អាច​កើតឡើង​ដោយសារតែ មូលហេតុ​ជាច្រើន​ខុសៗ​គ្នា ដូចជា ស្ត្រេ​ស ថប់​បារម្ភ ភ័យខ្លាច​ខុសធម្មតា កង្វះ​គ្រាប់​ឈាម​ក្រហម ក្រពេញ​ទី​រ៉ូ​អ៊ីត​ធ្វើការ​ច្រើន​ជ្រុល ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ខ្សោះ​ជាតិ​ទឹក និង​អតុល្យភាព​អេឡិចត្រូ​លីត្រ​។ ពេលខ្លះ វា​ក៏​អាច​បណ្តាលមកពី​ការជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ដែរ ដូចជា តែ និង​កាហ្វេ​ជាដើម​។

​ភាគច្រើន បេះដូង​ដើរ​ញាប់​អាច​កើតឡើង ដោយ​គ្មាន​ហេតុផល​ផងដែរ​។ អ្នកជំនាញ​និយាយថា ភាគច្រើន​អាការៈ​បេះដូង​ដើរញាប់ គឺ​គ្មាន​អ្វី​គ្រោះថ្នាក់​ទេ ហើយ​វា​ក៏​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ដែរ​។ បើសិន​ជា​អ្នក​យល់ថា ខ្លួនឯង​មាន​បញ្ហា​នេះ​ជា​ញឹកញាប់ យក​ល្អ គួរតែ​ជួប​គ្រូពេទ្យ ឬ​អ្នកជំនាញ​ខាង​បេះដូង ដើម្បី​វាយតម្លៃ​ទៅ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ យើង​មាន​វិធី​ព្យាបាល អាការៈ​បេះដូង​ដើរញាប់​នេះ ដោយ​ខ្លួនឯង​ផងដែរ​។​

​ដកដង្ហើម​យឺតៗ និង​ជ្រៅៗ​
​ការធ្វើ​បែប​នេះ នឹង​ជួយ​ផ្គត់ផ្គង់​អុកស៊ីសែន ដល់​ខួរក្បាល​កាន់តែ​គ្រប់គ្រាន់​។ ចូរ​ដកដង្ហើម​ចូល​តា​ម​ច្រមុះ ទៅក្នុង​សួត​ឲ្យ​ពេញ រួច​ទប់​ពីរ​បី​វិនាទី ហើយ​ចាំ​បញ្ចេញ​វិញ​តាម​មាត់​។ ចូរ​ធ្វើ​វា​ម្តង​ហើយ​ម្តងទៀត​។

​ធ្វើ​ដូចជា​ក្អក​ធ្ងន់ធ្ងរ​
​ការ​ដែល​បង្ខំ​ខ្លួនឯង​ក្អក​ខ្លាំងៗ រយៈពេល​ពីរ​បី​វិនាទី អាច​ជួយ​បញ្ឈប់​អាការៈ​បេះ​ដូង​លោតញា​ប់បាន  ព្រោះ​វា​ដាក់​សម្ពាធ​ទៅលើ​ទ្រូង និង​បង្ខំ​ឲ្យ​ចង្វាក់​បេះដូង វិល​មក​ធម្មតា​វិញ​។

​ញ៉ាំ​ទឹកកក​មួយ​កែវ​
​វិធីសាស្ត្រ​មួយ​នេះ នឹង​ទៅ​ជួយ​ដោះស្រាយ​មូលហេតុ ដែល​នាំឥ្យ​បេះដូង​ដើរញាប់​ខ្លះ​បាន ដូចជា ការ​ថប់​បារម្ភ ស្ត្រេ​ស និង​វិលមុខ​ជាដើម​។ ចាប់តាំងពី​ការ​ខ្សោះ​ជាតិ​ទឹក ជា​មូលហេតុ​ញឹកញាប់ នៃ​បេះដូង​ដើរ​ញាប់​មក ការ​ញ៉ាំ​ទឹក​ច្រើន ពិតជា​អាច​មាន​ប្រយោជន៍ ចំពោះ​រឿង​នេះ​ណាស់​។

​លាងមុខ​ជាមួយ​ទឹក​ត្រជាក់​
​ក្រៅ​ពី​ការ​ញ៉ាំ​ទឹកកក អ្នក​ប្រហែលជា​អាច​ប្រើ​ទឹក​លាងមុខ​បន្ថែម​ទៀត​បាន ព្រោះ​វា​នឹង​សម្រួល​ដល់​ប្រព័ន្ធ​សរសៃប្រសាទ និង​ចង្វាក់បេះដូង​ទៀត​។ ការលាង​មុខ​ដោយ​ប្រើ​ទឹក​ត្រជាក់ អាចជា​រឿង​ល្អ​ជាង​។

​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​រ៉ែ​
​អ្នកជំនាញ​និយាយថា ជាតិ​ប៉ូ​តា​ស្យូម និង​ម៉ាញ៉េ​ស្យូម អាចជួយ​សម្រួល​ដល់​ចង្វាក់បេះដូង​មក​ធម្មតា​វិញ​។ ដូច្នេះ អ្នក​គួរតែ​ជ្រើសរើស​អាហា​រណា ដែល​សម្បូរ​ជីវជាតិ​ទាំងពីរ​នេះ​ញ៉ាំ​រាល់ថ្ងៃ​ដូចជា គ្រាប់​ធញ្ញជាតិ សណ្តែក ត្រី ចេក ដំឡូង​បារាំង ផ្សិត យ៉ា​អួរ និង​បន្លែ​ពណ៌​បៃតង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។