ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ស័ង្កសី​បុក​រះ​រថយន្ត​២​គ្រឿង​ម៉ូតូ​១​គ្រឿង​នៅ​ផ្លូវ​២៧១

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​១​គ្រឿង​បាន​បុក​រះ​រថយន្ត​២​គ្រឿង និង​ម៉ូតូ​១​គ្រឿង​ជា​បន្តបន្ទាប់​​កាលពី​វេលា​ម៉ោង​៩ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​២៧១ កែង​ផ្លូវ​លេខ​១៨៣ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គឺ​រថយន្ត​ធន់​ធំ​បង្ក​ម៉ាក​ហ៊ី​យន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ កណ្តាល 3A-0252 ​ដឹក​ស័ង្កសី​រមូរ​ពេញ បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ក៏​បាន​ទៅ​បុក​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​ភ្នំពេញ 2M-7957 ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពីក្រោយ​បណ្តាល​ឲ្យ​កំ​ពិត និង​បែក​ស្តុ​ប​ខាងក្រោយ ។ ក្រោយ​ពី​បាន​បុក​រថយន្ត​កូ​រ៉ូ​ឡា​ពីក្រោយ​រួច​ហើយ​ក៏​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2V-2842 មួយ​គ្រឿង​ទៀត​ដែល​បើក​ឡើង​មក​ពី​ផ្លូវ​លេខ​១៨៣ ចំ​ពី​ចំហៀង​ខាងឆ្វេង​ខ្ទាត​ទៅ​ប៉ះ​​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1M-4852 ​បណ្តាល​ឲ្យ​ដួល​រង​ការ​ខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​មិន​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​គឺ​កើតឡើង​ដោយសារ​រថយន្ត​ដឹក​ទំនិញ​ធន់​ធំ​មួយ​គ្រឿង​នោះ​ដាច់​ហ្វ្រាំង ហើយ​អ្នកបើកបរ​ជាន់​មិន​ស៊ី​ទើប​បណ្តាល​ឲ្យ​បុក​រះ​រថយន្ត​ទាំង​២​គ្រឿង និង​ម៉ូតូ​១​គ្រឿ​យ៉ាង​ដូច្នេះ ។

ក្រោយ​ពេល​កើតហេតុ អ្នកតំណាង​ភាគី​ខាង​រថយន្ត​ដឹក​ទំនិញ​ធន់​ធំ​បង្ក​បាន​​ចេញ​មុខ​មក​ធ្វើការ​ដោះស្រាយ ដោយ​សង​ថ្លៃ​ជួសជុល​ម៉ូតូ​ចំនួន​១០​ដុល្លារ ចំណែកឯ​រថយន្ត​រង​គ្រោះ​ទាំង​២​គ្រឿង​ត្រូវ​បាន​យក​ទៅ​ធ្វើការ​ជួសជុល​ឲ្យ​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕