រុស្ស៊ី និងបក្សសម្ព័ន្ធ​ណា​តូ​ស្ថិតក្នុង​ដំណាក់កាល​ប្រណាំងប្រជែង​សព្វាវុធ​ និពន្ធដោយ : សៅ ផលនិស្ស័យ       25-05-2016, 4:28 pm         204

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377រុស្ស៊ី និងបក្សសម្ព័ន្ធ​ណា​តូ​ស្ថិតក្នុង​ដំណាក់កាល​ប្រណាំងប្រជែង​សព្វាវុធ​​រុស្ស៊ី​កំពុង​ព្រួយបារម្ភ​ពី​ផែន​ការកសាង​កម្លាំង​ទ័ព​នៅ​អឺរ៉ុប​ខាងកើត​របស់​បក្សសម្ព័ន្ធ​យោធា​ណា​តូ​បច្ចុប្បន្ន​។ ប៉ុន្តែ​រុស្ស៊ី​បាន​ព្រមាន​ហើយ​ថា ខ្លួន​នឹង​តបត​រាល់​ការគំរាមកំហែង​និង​ការ​វាតទី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​រុស្ស៊ី​ក្នុង​តំបន់​។ គេ​មិនដឹងថា រុស្ស៊ី​នឹង​ឆ្លើយតប​បែបណា​ទេ តែ​បច្ចុប្បន្ន​ភាគី​ទាំងសងខាង​ចាប់ផ្តើម​ពង្រាយ​កម្លាំង​និង​សព្វាវុធ​រៀងៗ​ខ្លួន​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ណា​តូ បានដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​មី​ស៊ី​ល​នៅ​រ៉ូ​ម៉ា​នី ក្រៅពី​ពង្រាយ​ទ័ព ៤​ពាន់​នាក់​ទៅ​ប៉ូឡូញ​។  ហើយ​រុស្ស៊ី​បានប្រកាស​បង្កើត​កងពល​ធំ​ចំនួន​៣ ដែលមាន​ទ័ព​ប្រហែល ៣​ម៉ឺន​នាក់​ផង ដោយ​កងទ័ព​នេះ​នឹងត្រូវ​ពង្រាយ​ទៅតាម​ព្រំដែន​ជាមួយ​រដ្ឋ​អឺរ៉ុប​។​

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​ស្ថានភាព​តានតឹង​និង​ប្រឈមមុខគ្នា​ចាប់ផ្តើម​កើនឡើង​ខ្លាំង​នៅពេលដែល​ណា​តូប​ន្ត​ពង្រាយ​កងទ័ព​និង​កសាង​កម្លាំងយោធា​នៅ​រដ្ឋ​ដែលមាន​ព្រំដែន​ជាប់​រុស្ស៊ី​ជាពិសេស​នៅ​អឺរ៉ុប​ខាងកើត​និង​នៅ​រដ្ឋបាល់​ទិ​ក​។​ការពង្រឹង​កម្លាំង​ទ័ព​របស់​ណា​តូ​នេះ​មិនមែនជា​រឿង​ថ្មី​ប៉ុន្តែ​សកម្មភាព​នេះ​ចាប់ផ្តើម​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​។ ជាក់ស្តែង​ការពង្រាយ​កម្លាំង​ទ័ព​ចំនួន ៤ វរៈ​សេនា​តូច​ប្រហែលជា ៤​ពាន់​នាក់ ទៅកាន់​ប្រទេស​ប៉ូឡូញ ដែលជា​អតីត​រដ្ឋ​សហភាពសូវៀត​កាលពី​ដើមខែ​នេះ ។ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​រុស្ស៊ី​កើតទុក្ខ​មិន​សុខចិត្ត​កាន់តែខ្លាំង​នោះ​គឺ សហរដ្ឋអាមេរិក​ដែលជា​មេដឹកនាំ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​នេះ​ក៏បាន​ដាក់​ដំណើរការ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅក្នុង​ប្រទេស​រ៉ូ​ម៉ា​នី​កាលពី​ពាក់កណ្តាល​ខែឧសភា​នេះ​ផង​។​

​ទាក់ទង​ការប្រឈមមុខ​ដាក់គ្នា​នេះ អ្នកនាំពាក្យ​វិមាន​ក្រេ​ម​ឡាំង Dmitry Peskov បាន​លើកឡើងថា រដ្ឋាភិបាល​រុស្ស៊ី​មើលឃើញ​ពី​គ្រោះថ្នាក់​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រយោជន៍​រុស្ស៊ី​ដែលមាន​ក្នុង​តំបន់ ដែល​បង្កឡើង​សកម្មភាព​គឃ្លើន​របស់​ណា​តូ​។ យោងតាម​ព័ត៌មាន​រុស្ស៊ី RT លោក​ក៏បាន​អះអាង​ផងដែរ​ថា ទំនាក់ទំនង​រុស្ស៊ី​និង​ណា​តូ​កំពុង​ដើរ​ត្រលប់​ទៅរក​ស្ថានភាព​សម័យ​សង្គ្រាមត្រជាក់​ផងដែរ​។​ហើយ​រុស្ស៊ី​ក៏​កំពុង​ថ្លឹងថ្លែង​រៀបចំ​មធ្យោបាយ​ឆ្លើយតប​ការ​វាតទី​ដែល​គំរាមកំហែង​ដល់​ផលប្រយោជន៍​របស់ខ្លួន​ក្នុង​តំបន់​ផងដែរ​។​

១. រុស្ស៊ី​ត្រៀមលក្ខណៈ​តបត​ការ​វាតទី​របស់​ណា​តូ​ដោយ​បង្កើត កងពលធំ​ថ្មី ៣
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ណា​តូ Alexander Grushko បាន​រិះគន់​ណា​តូ​ឥត​សំចៃ​ជុំវិញ​ការបន្ត​កសាង​កម្លាំង​នៅតាម​ព្រំដែន​រុស្ស៊ី​និង​បង្ក​ឲ្យ​មានការ​ប្រឈមមុខ​ផ្នែក​សព្វាវុធ​កើនឡើង​ក្នុង​បទសម្ភាសន៍​ម្សិលមិញ​នេះ​។ លោក​បាន​ពន្យល់ថា រុស្ស៊ី​នឹងមិន​នៅ​ស្ងៀម​ឡើយ ហើយ​រុស្ស៊ី​ក៏​ប្រឹងប្រែង​រក​វិធីសាស្ត្រ​ដែល​អាច​រក្សា​សន្តិសុខ និង​ផលប្រយោជន៍​នៅក្នុង​តំបន់​បាន​ដោយ​សុវត្ថិភាព​។ ចំណែក​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានបញ្ជាក់​យ៉ាងច្បាស់​កន្លងមកនេះ​ថា រុស្ស៊ី​មិនមាន​ចំណាប់អារម្មណ៍​ក្នុងការ​ប្រឈមមុខ​ជាមួយ​ណា​តូ ហើយ​រុស្ស៊ី​ក៏​មិន​អនុញ្ញាត​ឲ្យ​គេ​អូស​រុស្ស៊ី​ចូលក្នុង​ស្ថានភាព​ប្រណាំងប្រជែង​សព្វាវុធ​ដ៏​គ្រោះថ្នាក់​ឡើយ​។​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​ទាំងនេះ​មិនបាន​បញ្ជាក់​ច្បាស់​ថា រុស្ស៊ី​នឹងមាន​វិធីសាស្ត្រ​ប្រឆាំង​ការ​វាតទី​របស់​ណា​តូ និង​ការពារ​ផលប្រយោជន៍​ខ្លួន​បែបណា ដោយ​មិន​ប្រឡូក​ក្នុងស្ថានភាព​ប្រណាំងប្រជែង​សព្វាវុធ​ឡើយ​។   តែ​អ្វីដែល​គេ​គួរ​យកចិត្តទុកដាក់​លើ​រុស្ស៊ី គឺ​ការប្រកាស​បង្កើត​កងពល​ធំ​ចំនួន​បី​របស់​ប្រមុខ​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu កាលពីដើម​ខែឧសភា​។​

​បើតាម​ការលើកឡើងរ​បស់​រដ្ឋមន្ត្រី​ការពារជាតិ​នេះ កងពលធំ​ដែល​មួយ​កង​មាន​ទ័ព​ប្រហែល ១​ម៉ឺន​នាក់​នេះ​នឹងត្រូវ​ពង្រាយ​ទៅ​ឈរជើង​នៅ​តំបន់​សំខាន់​ដែលជា​ប់​ព្រំដែន​ជាមួយ​រដ្ឋ​អឺរ៉ុប ដែល​ក្នុងនោះ​មាន​តំបន់ Rostov, Smolensk និង Voronezh​។ នេះ​បញ្ជាក់​ឲ្យ​ឃើញថា រុស្ស៊ី​ក៏​ត្រៀមលក្ខណៈ​ប្រើប្រាស់​យោធា​ដូចគ្នា ក្នុងករណី​ដែល​ណា​តូ​ធ្វើ​សកម្មភាព​ដែល​ប៉ះពាល់​ដល់​ខ្លួន​។​

២.​ណា​តូ​៖ បើ​គ្មាន​វិបត្តិ​អ៊ុយ​ក្រែ​ន ការកសាង​កម្លាំង​ទ័ព​នៅ​អឺរ៉ុប​ខាងកើត​ក៏​មិនមាន​ដែរ​
​ចាប់តាំងពី​វិបត្តិ​អ៊ុយ​ក្រែ​ន​កើតឡើង​ក្នុង​ខែមីនា​ឆ្នាំ ២០១៤ កិច្ចសហប្រតិបត្តិការ​ស៊ីវិល​និង​យោធា​រវាង​រុស្ស៊ី​និង​ណា​តូ្ ត្រូវបាន​ព្យួរ​។ ហើយ​ណា​តូ​ក៏​ចាប់ផ្តើម​ពង្រឹងកម្លាំង​ទ័ព និង​ធ្វើ​លំ​ហាត់​យោធា​ជា​ញឹកញាប់​នៅតាម​ព្រំដែន​ជាមួយ​រុស្ស៊ី​។ សម្រាប់​សមាជិក​ណា​តូ វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​បង្កើន​វត្តមាន​យោធា​នៅជាប់​រុស្ស៊ី ព្រោះ​គេ​បារម្ភ​ពី​បញ្ហា​សន្តិសុខ​ពេលខាងមុខ ជាពិសេស​សកម្មភាព​យោធា​របស់​រុស្ស៊ី​ផង​។

​ទាក់ទិន​បញ្ហា​នេះ ប្រមុខ​អង្គការ​ណា​តូ​លោក  Jens Stoltenberg បាន​និយាយ​ឌឺដង​ដាក់​រុស្ស៊ី​ថា បើ​កុំ​តែ​វិបត្តិ​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង​ដោយ​ការអន្តរាគមន៍​របស់​រុស្ស៊ី ម្ល៉េះ​ការកសាង​កម្លាំង​ទ័ព​នៅ​បាល់​ទិ​ក​និង​អឺរ៉ុប​ខាងកើត​របស់​ណា​តូ​មិនកើត​មាន​ឡើយ​។ អគ្គលេខាធិការ​ណា​តូ​រូបនេះ​បាន​បន្ថែមថា អ្វីដែល​ណា​តូ​ធ្វើ​គឺជា​ការពារ​ខ្លួន​និង​សម្ព័ន្ធមិត្ត និង​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​អំណាច​យោធា​រវាង​ណា​តូ​ជាមួយ​រុស្ស៊ី​នៅ​តំបន់​ខាងលើ​ប៉ុណ្ណោះ​។

​ចំណែក​ក្រុង​វ៉ាស៊ីនតោន​ក៏បាន​ឆ្លើយតប​ទៅ​ក្រុង​ម៉ូស្គូ​ដែរ​ជុំវិញ​ការចោទប្រកាន់​ណា​តូ​កំពុង​អូស​រុស្ស៊ី​ឲ្យ​ធ្លាក់​ចូលក្នុង​ការប្រណាំង​ប្រជែង​សព្វាវុធ​។ ការពង្រឹង​កម្លាំង​ទ័ព​នេះ ធ្វើឡើង​ដោយសារតែ​រុស្ស៊ី​ធ្វើ​សមយុទ្ធ​យោធា​ញឹកញាប់​នៅជាប់​ព្រំដែន​ប្រទេស​ជា​មិត្ត​ណា​តូ ហើយ​អាម​រិ​ក​ក៏​ចាប់បាន​សញ្ញា​យន្តហោះ​ចម្បាំង​និង​ឧទ្ធម្ភាគចក្រ​យោធា​រុស្ស៊ី​ហោះហើរ​ឆ្លង​ចូល​ទឹកដី​រដ្ឋ​អឺរ៉ុប​ខាង​កើតជា​ញឹកញាប់​ដែរ​។

​ដោយឡែក លោក Jens Stoltenberg ក៏​បង្ហើប​ផងដែរ​ប្រទេស​ជា​មេដឹកនាំ​ណា​តូ មាន​អាមេរិក អង់គ្លេស និង​អាល្លឺម៉ង់​ជាដើម​នោះបាន​ប្រកាស​ពី​ឆន្ទៈ​របស់​ពួកគេ​រួចទៅហើយ​ក្នុងការ​ពង្រឹង​សន្តិសុខ​នៅ​តំបន់​ភាគ​ខាងកើត​អឺរ៉ុប​បន្តទៀត​។ ហើយ​អ្វីដែល​សំខាន់​ប្រទេស​មួយចំនួន​ដែល​នៅ​អឺរ៉ុប​ខាងកើត និង​បាល់​ទិ​ក ជ្រួលជ្រើម​ចង់​ក្លាយជា​សមាជិក​ណា​តូ ដើម្បី​ជ្រក​ក្រោម​ការការពារ​របស់​ស​មា​ជិ​កណា​តូ​។​

​ដូច​ឃើញស្រាប់​ហើយ កាលពី​សប្តាហ៍​មុន​រដ្ឋមន្ត្រីការបរទេស​ណា​តូ​ទាំង ២៨ បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ស្តីពី​ការចូល​ជា​សមាជិក​របស់​ប្រទេស​ម៉ុង​តេ​នេ​ក្រូ ក្នុង​អង្គការ​ណា​តូ​រួចរាល់​បន្ទាប់ពី​ប្រទេស​នេះ​បាន​ក្លាយជា​ប្រទេស​អង្កេត​ការណ៍​។ ហើយ​ម៉ុង​តេ​នេ​ក្រូ​នឹង​ក្លាយជា​សមាជិក​ទី ២៩ របស់​បក្សសម្ព័ន្ធ​យោធា​ណា​តូ​នេះ​ក្រោយ​ពេលដែល​ពិធីសារ​ស្តីពី​ការចូលរួម​ជា​សមាជិក​របស់​ប្រទេស​នេះ​ត្រូវបាន​សភា​ផ្តល់​សច្ចាប័ន​។

​តែ ការពង្រឹង​កម្លាំង​ទ័ព​រៀងខ្លួន និង​ការ​ខ្សត់ខ្សោយ​ការប្រឹក្សា​យោបល់​គ្នា​ពាក់ព័ន្ធ​បញ្ហា​ចម្រូងចម្រាស​នេះ ជា​រឿង​ដែល​គ្រោះថ្នាក់​បំផុត​មួយ​។ ការបង្កើន​វត្តមាន​ក​ង​ទ័ព​នៅ​អឺរ៉ុប​ខាងកើត​និង​បាល់​ទិ​ក​ដែល​ស្ថិតក្រោម​ឥទ្ធិពល​រុស្ស៊ី​យូរអង្វែង​មក​នោះ​មិន​ខុសពី​ចាក់​សាំង​លើ​ភ្លើង​ឡើយ ព្រោះ​ការប្រណាំង​ប្រជែង​កម្លាំង​ទ័ព​កើតឡើង​កាន់តែខ្លាំង​ឡើយ​។ ហើយ​ការមិន​ប្រឹក្សា​យោបល់​គ្នា​ដើម្បី​បញ្ចៀស​ការភាន់ច្រឡំ ឬ​យល់​ខុសពី​គ្នា​ទៅវិញទៅមក​នឹង​រឹតតែ​ធ្វើ​ឲ្យ​ភាគរយ​នៃ​ការប៉ះទង្គិច​គ្នា​ជាយថាហេតុ​កើនឡើង​កាន់តែ​ខ្ពស់​ទៀត​៕