អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ជំរុញ​ឲ្យ​អ្នក​ពាក់ព័ន្ធ​សហការ​ទប់ស្កាត់​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា កំពុង​ស្ថាបនា​លូ​បង្ហូរ​ទឹក​ស្អុយ និង​ជំរុញ​ឲ្យ​អ្នក​ជាប់​ពាក់ព័ន្ធ ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​នេះ ដើម្បី​ឈាន​ដល់​ទប់ស្កាត់​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ទៅ​ក្នុង​សមុទ្រ។

ការ​អះអាង​នេះ កើត​ឡើង​ក្រោយ​ពេល​មាន​ការ​រិះគន់​ពី​សំណាក់​មន្ត្រី​សង្គម​ស៊ីវិល ភ្ញៀវ​ទេសចរ និង​ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) មួយ​ចំនួន បាន​ចោទ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ទេសចរណ៍​មួយ​នេះ ថា​គ្មាន​សមត្ថភាព​ទប់ស្កាត់​សកម្មភាព​បង្ហូរ​កាក​សំណល់ និង​ទឹក​ស្អុយ​ចូល​ទឹក​សមុទ្រ​រួច​មក។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​នេះ ពិសេស​ប្រតិបត្តិករ​ទេសចរណ៍​ទាំងអស់ ត្រូវ​យក​ចិត្ត​ទុក​ដាក់​សម្អាត​បរិស្ថាន​ឆ្នេរ និង​គ្រប់គ្រង​ការ​បង្ហូរ​កាក​សំណល់​សំរាម ឬ​ទឹក​ស្អុយ​ចូល​សមុទ្រ ដោយ​មិន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត​នៅ​តាម​ឆ្នេរ​ខ្លះ ដែល​សាធារណជន​រិះគន់។

អាជ្ញាធរ​ខេត្ត​ក៏​ស្នើ​ឲ្យ​ម្ចាស់​សណ្ឋាគារ ផ្ទះ​សំណាក់ ម្ចាស់​ភោជនីយដ្ឋាន និង​ប្រជាពលរដ្ឋ​ជាដើម ត្រូវ​ទុក​ដាក់​កាក​សំណល់​រឹង​រាវ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ។ ជាង​នេះ​ទៀត មិន​ត្រូវ​លួច​បង្ហូរ​ទឹក​ស្អុយ​ចេញ​ពី​ការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​ចូល​ទៅ​ក្នុង​សមុទ្រ ដោយ​មិន​បាន​ឆ្លង​កាត់​អាង​ច្រោះ​ទឹក​ស្អាត​ទៀត​ទេ។

ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ព្រះសីហនុ លោក សាមុត សុធារិទ្ធ ទទួល​ស្គាល់​ថា ខេត្ត​នេះ​នៅ​មាន​ជន​ខិលខូច​មួយ​ចំនួន​លួច​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ និង​បោះ​ចោល​សំរាម​គ្មាន​របៀប​រៀបរយ​ពិត​មែន។ លោក​សំណូមពរ​ដល់​អ្នក​ធ្វើ​អាជីវកម្ម​ទាំងអស់ មាន​ម្ចាស់​សណ្ឋាគារ កាស៊ីណូ ផ្ទះ​សំណាក់ និង​អាហារដ្ឋាន ជាដើម ត្រូវ​ចូលរួម​សម្អាត​បរិស្ថាន​ឆ្នេរ​ជាមួយ​អាជ្ញាធរ ពិសេស​មិន​ត្រូវ​បង្ហូរ​កាក​សំណល់ ទឹក​ស្អុយ ឬ​ទឹក​កខ្វក់ បង្ហូរ​ចេញ​ពី​ទីតាំង​រៀងៗ​ខ្លួន​ចូល​ទៅ​សមុទ្រ ដោយ​មិន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត​នោះ​ទេ៖ «យើង​បាន​ធ្វើ​សិក្ខាសាលា​ទាក់ទង​បញ្ហា​បរិស្ថាន និង​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ ដោយ​អញ្ជើញ​ប្រតិបត្តិករ​ទេសចរណ៍ និង​ម្ចាស់​រោងចក្រ​ជាដើម មក​ណែនាំ​អំពី​បច្ចេកទេស និង​ពិភាក្សា​គ្នា​ដើម្បី​ឈាន​ដល់​គ្រប់គ្រង​កាក​សំណល់​រឹង​រាវ ដោយ​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត​ទាំង​នៅ​លើ​ដី​គោក និង​នៅ​លើ​ដី​កោះ​ឲ្យ​បាន​ល្អ​នា​ថ្ងៃ​អនាគត»

ទេសចរ​ខេត្ត​ព្រះសីហនុ ២០១៦ ៨៥៥
ភ្ញៀវ​ទេសចរ​ដេក​ហាល​សំដិល​ថ្ងៃ​នា​ឆ្នេរ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Den Ayuthyea

ទោះ​បី​ជា​បែប​នេះ​ក្តី រាល់​ថ្ងៃ​នេះ​គេ​សង្កេត​ឃើញ​ថា សកម្មភាព​បង្ហូរ​ទឹក​ស្អុយ ឬ​ទឹក​កខ្វក់​ចូល​សមុទ្រ​ដោយ​មិន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត បាន​បន្ត​កើត​មាន​នៅ​តាម​សណ្ឋាគារ ផ្ទះ​សំណាក់ និង​អាហារដ្ឋាន​មួយ​ចំនួន​ដែល​មាន​ទីតាំង​នៅ​ជាប់​មាត់​សមុទ្រ បាន​បន្ត​កើត​មាន ដូចជា​ឆ្នេរ​អូរឈើទាល ឆ្នេរ​ឯករាជ្យ ឆ្នេរ​ហាវ៉ៃ ឆ្នេរ​លំហែ​កាយ និង​ឆ្នេរ​ខ្លះ​ទៀត​មាន​ទីតាំង​នៅ​ទល់​មុខ​សាល​ខេត្ត​ព្រះសីហនុ ជាដើម។

មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បាន​សង្កេត​ឃើញ​ថា កាក​សំណល់​សំរាម និង​ទឹក​ស្អុយ​កខ្វក់ ត្រូវ​បាន​ប្រតិបត្តិករ​ទេសចរណ៍ ឬ​ម្ចាស់​សណ្ឋាគារ កាស៊ីណូ ផ្ទះ​សំណាក់ និង​អាហារដ្ឋាន​ភាគ​ច្រើន​ដែល​មាន​ទីតាំង​នៅ​ជាប់​មាត់​សមុទ្រ បង្ហូរ​ចូល​សមុទ្រ​យ៉ាង​អនាធិបតេយ្យ ហើយ​អាជ្ញាធរ​ខេត្ត​នេះ​ហាក់​មិន​សូវ​រវល់​អើពើ​ទប់ស្កាត់​ទេ។ ត្រង់​ចំណុច​នេះ លោក ប៊ួន ណារិទ្ធិ ទទូច​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក សាមុត សុធារិទ្ធ ត្រូវ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ ឬ​ឈាន​ដល់​ផាក​ពិន័យ​ទៅ​លើ​ម្ចាស់​ទីតាំង​ទាំងឡាយ​ណា​ដែល​បន្ត​បង្ហូរ​កាក​សំណល់ និង​ទឹក​ស្អុយ​ចូល​សមុទ្រ ដោយ​មិន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត​ជា​មុន​ឲ្យ​បាន​ធ្ងន់ធ្ងរ៖ «ពី​ដើម​មក​ខ្ញុំ​រស់នៅ​ខេត្ត​នេះ​ដែរ គឺ​ឆ្នេរ​នៅ​ទល់​មុខ​សាលា​ខេត្ត​នេះ​មាន​បរិស្ថាន​ល្អ និង​គ្មាន​សំណង់​សណ្ឋាគារ ឬ​អាហារដ្ឋាន​ជាដើម សង់​ជា​សំណង់​រឹងមាំ​នៅ​ជាប់​មាត់​សមុទ្រ ឬ​ឆ្នេរ​ដូច​រាល់​ថ្ងៃ​នេះ​ទេ។ ជាង​នេះ​ក៏​មិន​មាន​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​ដូច​រាល់​ថ្ងៃ​នេះ​ដែរ។ សូម​ឲ្យ​អាជ្ញាធរ​ជួយ​គិតគូរ​លើ​បញ្ហា​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​ផ្ដើម​ដោយ​ប្រតិបត្តិករ​ទេសចរណ៍​មាន​ទីតាំង​នៅ​ជាប់​សមុទ្រ​ឲ្យ​បាន​ល្អ ដើម្បី​ថែ​រក្សា​បរិស្ថាន​ឆ្នេរ​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ល្អ និង​មាន​អនាម័យ»

បញ្ហា​ថែ​រក្សា​បរិស្ថាន​សមុទ្រ​នេះ មន្ត្រី​សង្គម​ស៊ីវិល​បាន​ផ្តល់​អនុសាសន៍​ថា ដើម្បី​រក្សា​សោភណភាព និង​អនាម័យ​នៅ​តាម​ឆ្នេរ​នា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ប្រសើរ​នា​ថ្ងៃ​ខាង​មុខ អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ ត្រូវ​ស្ថាបនា​លូ​បង្ហូរ​ទឹក និង​អាង​ចម្រោះ​ទឹក​ស្អាត​ឲ្យ​បាន​ច្រើន​ទៀត មាន​ដូចជា​ឆ្នេរ​នៅ​ទល់​មុខ​សាលា​ខេត្ត ឆ្នេរ​អូរឈើទាល ឆ្នេរ​ឯករាជ្យ ឆ្នេរ​លំហែ​កាយ និង​ឆ្នេរ​ជ័យជម្នះ ជាដើម ដើម្បី​រំដោះ​ទឹក​ស្អុយ​ចូល​ទៅ​អាង​ស្តុក​ច្រោះ​ទឹក​ស្អាត មុន​នឹង​បង្ហូរ​ចូល​សមុទ្រ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ក៏​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត ឬ​មន្ទីរ​ពាក់ព័ន្ធ ត្រូវ​ស្ថាបនា​លូ​បង្ហូរ​ទឹក​ស្អុយ និង​អាង​ចម្រោះ​ទឹក​ស្អាត​ឲ្យ​បាន​ច្រើន​ជាង​ពេល​បច្ចុប្បន្ន ដើម្បី​គ្រប់គ្រង​កាក​សំណល់ ឬ​ទឹក​ស្អុយ​នា​មូលដ្ឋាន​នេះ​ឲ្យ​បាន​ប្រសើរ​នា​ថ្ងៃ​ខាង​មុខ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ គាំទ្រ​ផែនការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រតិបត្តិករ​ទេសចរណ៍ ឬ​ប្រជាពលរដ្ឋ​ដែល​បោះ​ចោល​សំរាម​រឹង​រាវ​គ្មាន​របៀប​រៀបរយ​នៅ​តាម​ទី​សាធារណៈ និង​បង្ហូរ​ចូល​សមុទ្រ ដែល​អាច​នាំ​ឲ្យ​ជះ​ឥទ្ធិពល​ដល់​វិស័យ​ទេសចរណ៍​នា​ថ្ងៃ​អនាគត។

របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០១៦ បង្ហាញ​ថា សព្វថ្ងៃ ប្រតិបត្តិករ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​នេះ​មិន​ទាន់​ចូលរួម​សហការ​សម្អាត​បរិស្ថាន​ឆ្នេរ ឲ្យ​ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួង​ទេសចរណ៍ ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត ក្នុង​ការ​ថែ​រក្សា​អនាម័យ​ឆ្នេរ​ឲ្យ​បាន ១០០​ភាគរយ​ទេ។

ទន្ទឹម​គ្នា​នេះ ប្រតិបត្តិករ​ទេសចរណ៍​ភាគ​ច្រើន បាន​គិត​តែ​ពី​ប្រយោជន៍ ឬ​ការ​ចំណេញ​លើ​មុខ​របរ​រៀងៗ​ខ្លួន ដោយ​មិន​បាន​ជួយ​ថែ​រក្សា​បរិស្ថាន​ឆ្នេរ ដើម្បី​ឈាន​ដល់​ការ​រួម​ចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​នា​ថ្ងៃ​អនាគត​ជាមួយ​អាជ្ញាធរ​ឲ្យ​បាន​ច្រើន​ទេ​កន្លង​មក។

ទាក់ទិន​បញ្ហា​នេះ ប្រជាពលរដ្ឋ និង​ប្រតិបត្តិករ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ថ្លែង​ថា ពួក​គេ​រង់ចាំ​សហការ​សម្អាត​អនាម័យ​ឆ្នេរ​ជា​រហូត​ជាមួយ​អាជ្ញាធរ ឬ​មន្ទីរ​ពាក់ព័ន្ធ​នា​មូលដ្ឋាន​នេះ ប៉ុន្តែ​ភារកិច្ច​ស្ថាបនា​លូ​បង្ហូរ​ទឹក​ស្អុយ​ចូល​ទៅ​ក្នុង​អាង​ច្រោះ​ទឹក​ស្អាត មុន​បង្ហូរ​ចូល​សមុទ្រ គឺ​ជា​ភារកិច្ច ឬ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​សហការ​ជួយ​ជា​ថវិកា​ដើម្បី​ការងារ​ថែ​រក្សា​បរិស្ថាន​ឆ្នេរ​ជាមួយ​រដ្ឋាភិបាល​ជាប់​ជា​ប្រចាំ​នា​ពេល​កន្លង​មក។

ទាក់ទង​ការងារ​ថែ​រក្សា​បរិស្ថាន​ឆ្នេរ​នេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា បាន​ត្រៀម​ផាក​ពិន័យ​អ្នក​បោះ​ចោល​កាក​សំណល់​រឹង​រាវ​គ្មាន​សណ្ដាប់ធ្នាប់​នៅ​តាម​ផ្លូវ​សាធារណៈ និង​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​ឲ្យ​បាន​ធ្ងន់ធ្ងរ​នា​ថ្ងៃ​អនាគត បើ​សិន​ប្រតិបត្តិករ​ទេសចរណ៍ ឬ​ប្រជាពលរដ្ឋ​នៅ​បន្ត​ចោល​សំរាម​អនាធិបតេយ្យ ឬ​បន្ត​បង្ហូរ​ទឹក​ស្អុយ​ចេញ​ពី​ទីតាំង​ធ្វើ​អាជីវកម្ម​របស់​ខ្លួន ចូល​ទៅ​ក្នុង​សមុទ្រ ដោយ​មិន​ឆ្លង​កាត់​អាង​ច្រោះ​ទឹក​ស្អាត​ជា​មុន​ទេ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។