៧គំនិត សម្រាប់​រៀបចំ​ “​រាត្រី​ឆ្លង​ឆ្នាំ​”​ មួយ​ដ៏​រំភើប និង​មិន​អាច​បំភ្លេច​បាន​

រាត្រី​ថ្ងៃ​ឆ្លងឆ្នាំ ជា​យប់​នៃ​ភាព​រំភើប រីករាយ និង​ជា​ពេល​ដ៏​ស័ក្តិ​សម​បំផុត​សម្រាប់​នៅ​លេង​សប្បាយ​ជួប​ជុំ​ជាមួយ​មិត្តភក្ដិ ឲ្យ​អស់ដៃ ដើម្បី​​រង់ចាំ​ពេលវេលា​រាប់​ថយក្រោយ ស្វាគមន៍​ឆ្នាំ​ថ្មី​មក​ដល់។ គ្រប់គ្នា​តែង​ប្រាថ្នា ឲ្យ​រាត្រី​ឆ្លងឆ្នាំនោះ ជា​ការ​ចងចាំ​ដ៏ល្អបំផុតមួយ​ ប្រកបដោយ​ភាព​រំជើបរំជួល រំភើប រន្ធត់ និង​ សំណើច​ក្អាកក្អាយ។

បើលោកអ្នក​កំពុង​ស្រពិច​ស្រពិលនឹង​គម្រោង​រៀបចំ​ពិធីជប់លៀងនា​យប់នោះ ខេមបូមេក សូម​ណែនាំ​នូវ​វិធីសាស្ត្រ​មួយចំនួន​សម្រាប់​ប្រិយមិត្ត៖

1. រៀបចំគម្រោង​គ្រប់យ៉ាង​ដោយល្អិតល្អន់៖ គ្រប់ពេលដែលលោកអ្នកធ្វើពិធីជប់លៀង ការ​រៀបចំគម្រោង​ឲ្យ​ច្បាស់លាស់ជាប្រការសំខាន់។ ចូរអ្នកគិតគូរពីទីតាំងប្រារព្ធពិធីឲ្យបាន​ជាក់លាក់ អំពីចំនួនអ្នកចូលរួម និង​អ្នកជំនួយការ អាហារភេសជ្ជៈ ព្រមទាំង​ពេលវេលាដ៏សាកសម។ មួយវិញទៀត ចូរណាត់​មិត្តភក្ដិ ឲ្យ​បាន​មុន ដោយ​បញ្ជាក់ពីពត៌មាន​នៃ​កម្មវិធីឲ្យបាន​ច្បាស់។ បើអ្នកត្រូវបានអញ្ជើញជាអ្នកចូលរួមវិញ ចូរខ្វល់ពីការស្លៀកពាក់​ និង​មធ្យោបាយធ្វើដំណើរ។

2. ត្រៀម​តៃកុង​ឡាន៖ នេះជាគំនិត​មួយ សម្រាប់​បង្ការ​ហានិភ័យក្រោយចប់កម្មវិធី។ បើ​មាន​មិត្ត​ណាម្នាក់ពុំអាច គេងនៅ​កន្លែងប្រារព្ធពិធី (ផ្ទះមិត្តភក្ដិ) ចូរប្រាកដថា មានមនុស្ស​​ចាំ​បើកឡាន​ជូនគេត្រឡប់ទៅផ្ទះរៀងខ្លួនវិញ ប្រកបដោយ​សុវត្ថិភាព។

3. ធ្វើឲ្យ​កម្មវិធីពេញដោយ​ភាពរីករាយ៖ រាល់គ្នា​ដែលចូលរួម​ ប្រាកដជា​មិន​ចង់​ចំណាយ​ពេល​ក្នុង​កម្មវិធី​ជប់លៀង​ ដ៏​ធុញ​ថប់ ស្រងេះ​ស្រងោច​នោះ​ឡើយ។ យល់​ល្អ គួរ​រៀប​ចំ​ឲ្យ​មាន​កម្មវិធី​កម្សាន្តផ្សេងៗ ដូចជាល្បែងកម្សាន្ដ ការ​រាំច្រៀង ឬរៀបចំឲ្យ​មាន​ការ​ជជែកកម្សាន្ដ​ជុំគ្នា ក៏ជាការ​ប្រសើរដែរ។

4. បើកទូរទស្សន៍ រង់ចាំ​ឲ្យ​ដល់ពេល Countdown ៖ សូម​រៀបចំ​ឲ្យ​ស្រេចបាច់​ នូវ អំពូលតូច​សម្រាប់គ្រវី កញ្ចែ មួកស្រួចៗ និង​សម្ភារៈ​ផ្សេងៗ ដើម្បី​ចាំ​អបអរ​រួមគ្នា​ ពេល​រាប់​ថយក្រោយ ដោយអមជាមួយ​កម្មវិធី​ផ្សាយផ្ទាល់​ នៃ​ការ​រាប់ថយក្រោយនោះលើកញ្ចក់​ទូរទស្សន៍។

5. រៀបចំអាហារ​ដ៏ជក់មាត់៖ គ្រប់កម្មវិធីទាំងអស់ អាហារជាប្រការសំខាន់បំផុត។ សូមចម្អិន​អាហារ ឬ​កម្មង់ទិញចំណី​ណា​ដែល​ជា​ចំណង់ចំណូលចិត្ត​របស់​អ្នកចូលរួម ហើយ​ត្រូវប្រាកដចិត្ត​ថា​អាហារទាំងនោះមាន​ឱជារស​​ឈ្ងុយឆ្ងាញ់។

6. រៀបចំបន្ទប់​សម្រាកពិសេស៖ ម្ចាស់​កម្មវិធី ឬម្ចាស់ផ្ទះនោះ គួរ​រៀបចំ​ឲ្យ​ស្អាតបាត និង​ដាច់ដោយឡែក នូវបន្ទប់សម្រាក សម្រាប់អ្នកស្រវឹង និង​អ្នកធម្មតា ដើម្បី​ឲ្យ​អ្នកចូលរួម​បាន​សម្រាកដោយ​ស្រណុក​ក្រោយបញ្ចប់​កម្មវិធី​ជប់លៀង។

7. តុបតែងឲ្យអស់ដៃ៖ គ្រឿងលម្អ ក្នុងផ្ទះ ឧទាហរណ៍​ដូចជា​ដាក់​ជា រំយោល​រយីងរយោង មានពណ៌ចម្រុះ គួរ​តែ​ត្រូវបាន​បំពាក់​ក្នុង​ពិធី​ជប់លៀង ពិសេសបំផុត ផ្ទះ ឬកន្លែងរៀបចំពិធី ត្រូវតែ​ស្អាត​​ និង​មាន​អនាម័យខ្ពស់​។ តន្ត្រី​ក៏ជា​រឿង​ដែលមិនអាចខ្វះបាន ក្នុងកម្មវិធី​ឆ្លងឆ្នាំ​ដ៏រំជើបរំជួលនេះ។ ឯភ្លើងអំពូលវិញ គួរ​ប្រុងប្រយ័ត្នផងដែរ ដោយយើងគួរ​បើក​ឲ្យ​ស្រទន់ បង្ការ​កុំឲ្យ​ភ្នែកអ្នកចូលរួម ប្រែ​ជា​ឈឺ​ដោយសារ​ចំណាំង​ពន្លឺ​ខ្លាំង​ពេក។

អត្ថបទដោយ៖ NEA


  • ៧គំនិត សម្រាប់​រៀបចំ​ “​រាត្រី​ឆ្លង​ឆ្នាំ​”​ មួយ​ដ៏​រំភើប និង​មិន​អាច​បំភ្លេច​បាន​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:កីឡា
Tags: