ថៃ​សុខ​ចិត្ត​បិទ​កោះ​ដ៏​ស្រស់​ស្អាត​មួយ​មិន​ឲ្យ​មាន​ទេសចរណ៍​ដើម្បី​បង្ការ​មិន​ឲ្យ​​មាន​ការ​បំផ្លិចបំផ្លាញ​កោះ​

មន្រ្តីអភិរក្សកំពូលថៃម្នាក់បានលើកឡើងថា ទេសចរណ៍អាចបង្កមានជាភាពអ៊ូអរ និងការបំផ្លាញបរិស្ថាន ជាក់ស្តែងមានកោះតូចដ៏ស្រស់ស្អាតមួយរបស់ថៃ ត្រូវបានអាជ្ញាធរក្នុងតំបន់បង្ខំចិត្តបិទ មិនឲ្យមានភ្ញៀវទេសចរចូលទៅលេងទៀត ដើម្បីបង្ការកុំឲ្យមានការខូចខាតច្រើនទៀតនៅលើកោះនេះ ដោយសារតែមានចំនួនភ្ញៀវច្រើនពេក លើសពីចំនួនដែលកោះនេះ អាចទទួលបាន។

កោះនោះមានឈ្មោះថា កោះ Tachai ស្ថិតនៅក្នុងខេត្ត Ranong ប្រទេសថៃ ដែលត្រូវបានដាក់ចំណាត់ថា្នក់ដោយវេបសាយ beachmeter.com ថាជាកោះដែលស្រស់ស្អាតបំផុតរបស់ប្រទេសថៃ។ យ៉ាងណាក៏ដោយ បើតាមបាងកកប៉ុស្តិ៍ ឆ្នេរសមុទ្រដែលទទួលរងការខូចខាតដោយសារភ្ញៀវទេសចរ នៃកោះមួយនេះ នឹងត្រូវបិទដោយគ្មានកំណត់ពេលចាប់ពីថ្ងៃទី១៥ ខែតុលាខាងមុខនេះតទៅ ។

លោក Tunya Netithammakul អគ្គនាយកនៃនាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងអភិរក្សដើមឈើ បានមានប្រសាសន៍ថា ទេសចរណ៍បានធ្វើឲ្យមានសភាពអ៊ូអរខ្លាំង និងមានការបំផ្លាញនូវធនធានធម្មជាតិ និងបរិស្ថាន។ លោកបានប្រាប់ បាងកកប៉ុស្តិ៍ថា ការបិទកោះនេះ គឺដើម្បីឲ្យដី និងបរិស្ថានសមុទ្រ មានការផ្លាស់ប្តូរមករកលក្ខណៈល្អស្អាតឡើងវិញ មុនពេលដែលការខូចខាតនេះលែងអាចជួសជុលបាន។ លោកក៏បានបន្ថែមផងដែរថា ឆ្នេរនៃកោះនេះ មានមនុស្សទៅលេងរហូតដល់ទៅរាប់ពាន់នាក់ ខណៈដែលវាអាចទទួលឲ្យមានភ្ញៀវសម្រាកកម្សាន្តសប្បាយងាយស្រួល មិនលើសជាង៧០នាក់ប៉ុណ្ណោះ។ ម្យ៉ាងទៀត វាពោរពេញទៅដោយហាងអាហារ និងទូកទេសចរណ៍។ ចុងក្រោយ លោកបានមានប្រសាសន៍ថា “ប្រសិនបើយើងមិនបិទឆ្នេរ និងកោះនេះ នៅពេលនេះទេ នោះយើងអាចនឹងត្រូវបិទវាជារៀងរហូត”។

ប្រែសម្រួល ៖ Sophany
ប្រភព៖ Time.com


  • ថៃ​សុខ​ចិត្ត​បិទ​កោះ​ដ៏​ស្រស់​ស្អាត​មួយ​មិន​ឲ្យ​មាន​ទេសចរណ៍​ដើម្បី​បង្ការ​មិន​ឲ្យ​​មាន​ការ​បំផ្លិចបំផ្លាញ​កោះ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:បច្ចេកវិទ្យា
Tags: