ពៅ លីដា តារា​ស្រគត់ស្រគំ ​ប្រមូលផ្ដុំ​បាន​ភាព​ជោគជ័យ ​លើ​វិថី​សិល្បៈ

ពៅ លីដា តារា​ស្រគត់ស្រគំ ​ប្រមូលផ្ដុំ​បាន​ភាព​ជោគជ័យ ​លើ​វិថី​សិល្បៈ



ខណៈ​ដែល​វិស័យ​សិល្បៈ​កម្ពុជា ​កំពុងតែ​បោះជំហាន​ឆ្ពោះ​ទៅរក​ភាព ​រីកចម្រើនជា​លំដាប់​នោះ យើងសង្កេត​ឃើញ​ថា ​តារា​ប្រុស​ស្រី​ជាច្រើន​ដួង ​បាន​ប្រជែង​គ្នា​រះ​លើ​សួន​សិល្បៈ​ ជាមួយនឹង​ទេពកោសល្យ​ដ៏​សម្បូរ​បែប ​អម​ដោយ​រូប​សម្រស់​ដ៏​ស្រស់​សោភា​។ ក្នុងចំណោម​តារា​វ័យក្មេង​ទាំងនោះ​ ស្រី​ស្រស់​សម្បុរ​ស្រអែម ពៅ លីដា គឺជា​តារា​លំដាប់​ជួរមុខ ​កំពុង​ឡើង​កូដ ​និង​ឈរជើង​យ៉ាង​ត្រដែត​ ក្នុងនាម​ជា​តួឯក​ក្នុង​ខ្សែភាពយន្តជាច្រើន​រឿង ព្រម​ជា​មួយ​នឹង​ការគាំទ្រ​យ៉ាង​ខ្លាំង​ ពី​សំណាក់​ទស្សនិកជន​​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​។

ពៅ លីដា តារា​ស្រគត់ស្រគំ ​ប្រមូលផ្ដុំ​បាន​ភាព​ជោគជ័យ ​លើ​វិថី​សិល្បៈ

ផ្តើម​ចេញពី​ការចូលរួម​ប្រកួត​ ក្នុង​កម្មវិធី​កញ្ញាឯក ​ប្រ៊ី​ស​តុ​ន​ កាលពី​ឆ្នាំ​២០០៧ ពៅ លីដា បាន​ស្ថិត​នៅក្នុង​ក្រសែភ្នែក​ របស់​បណ្តា​ក្រុមហ៊ុន​ ក៏ដូចជា​ផលិតកម្ម​នានា​ ដែល​មាន​ការ​ពេញចិត្ត​ យ៉ាងខ្លាំង​ចំពោះ​រូប​សម្រស់ និង​ទេពកោសល្យ​របស់​នាង​ បើ​ទោះបីជា​ស្រី​ស្អាត​រូប​នេះ​ បាន​បោះបង់​ការប្រកួត​នេះ​នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ​ដោយសារតែ​នាង​ជាប់​ប្រឡង​នៅ​សាលា​រដ្ឋ​ក៏​ដោយ​ចុះ​។ ចាប់​តាំងពី​ពេលនោះ​មក​ ប្រជាប្រិយភាព​របស់​នាង ​មានការ​កើន​ឡើងជា​លំដាប់​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ នាង​ក៏​ទទួល​បាន​កុងត្រា​ក្នុង​ការ​ថត ​ខ្សែភាពយន្ត​ភាគ​ជា​បន្តបន្ទាប់​ ព្រមទាំង​បាន​បង្ហាញ​ខ្លួន​ នៅ​ក្នុង​ការផ្សាយ​ពាណិជ្ជកម្ម​ជាច្រើន​ផង​ដែរ​។ នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​ទៀតសោត​ អាច​និយាយ​បាន​ថា ​គឺ​ពិតជា​ឆ្នាំ​មួយ​ដ៏​ជោគជ័យ​ សម្រាប់​អាជីព​របស់​ខ្លួន​ដោយ​កញ្ញា ពៅ លីដា បាន​គ្រង​តំណែង​តួឯក ​ក្នុង​ខ្សែភាពយន្ត​ធំៗ​ព្រមៗ​គ្នា ​ខណៈ​ដែល​អាជីវកម្ម​សាឡ​ន​របស់​នាង​ ក៏បាន​ដំណើរការ​យ៉ាង​រលូន​ផង​ដែរ​នោះ។

ជាមួយគ្នានេះ​កាលពី​ឆ្នាំ​២០១៤​កន្លងទៅ​ កញ្ញា ​លី​ដា ​ក៏បាន​ទទួល​ពានរង្វាន់​ចំនួន ​២ ​ពី​កម្មវិធី​ពានរង្វាន់​អប្សរា (Apsara Award) ដែល​ពាន​ទី​១ ​គឺជា​ពានរង្វាន់​តារា​ដែល​គោរព​ពេលវេលា​ល្អឥតខ្ចោះ និង​ទី​២​ គឺ​ពាន​ជា​តារា​ដែល​មាន​មនោសញ្ចេតនា​នៅ​ក្នុង​ការ​សម្តែង​។ តាមរយៈ​ការ​ទទួលបាន​ជោគជ័យ​លើ​វិថី​សិល្​ ជា​ហូរហែ​នោះ បាន​ជំរុញ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​តារា​សម្តែង​រូប​នេះ​ បាន​ល្បីល្បាញ​កាន់​តែខ្លាំង ​រហូត​អាច​ចាត់ទុកថា​ នាង​គឺជា​តារា​ជួរមុខ​ម្នាក់​ ដែល​មាន​ទស្សនិកជន​គាំទ្រ​មិនធម្មតា​ឡើយ​។

ពៅ លីដា តារា​ស្រគត់ស្រគំ ​ប្រមូលផ្ដុំ​បាន​ភាព​ជោគជ័យ ​លើ​វិថី​សិល្បៈ

ក្នុង​សម្លេង​ស្រទន់​ស្រប​នឹង​ទម្រង់​មុខ​ ដ៏​ស្រគត់ស្រគំ​របស់​ខ្លួន​នោះ លីដា បាន​បញ្ជាក់​ថា “​ទម្រាំ​មាន​ថ្ងៃនេះ​ ខ្ញុំ​បាន​ជួបប្រទះ​នូវ​ការ​លំបាក​ច្រើន​ណាស់ ប៉ុន្តែ​បន្តិច​ម្តងៗ ​ឧបសគ្គ​ទាំងនោះ​បាន​ក្លាយ​ទៅជា​បទពិសោធន៍​ ដ៏​មានតម្លៃ​សម្រាប់​រូប​ខ្ញុំ ព្រោះថា​តាំងពី​តូច​មក​ម្ល៉េះ​ នាង​ខ្ញុំ​មាន​ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​អ្នក​សិល្បៈ​ ហើយ​ឥឡូវនេះ​ខ្ញុំ​ពិតជា​អាច​ធ្វើ​បាន​មែន​។ អ្វីៗ​ដែល​ខ្ញុំ​បាន​ជួបប្រទះ​កន្លងមក ​បាន​បង្រៀន​ឲ្យ​ខ្ញុំ​រឹងមាំ នឹង​ពុះពារ​គ្រប់​បែបយ៉ាង​ ដើម្បី​អាច​ស្ថិត​នៅក្នុង​បេះដូង​របស់​ប្រិយមិត្ត​បាន​”​។

ជាការ​ពិត​ណាស់ ក្រៅពី​បាន​ក្តាប់​តំណែង​ជា​តួឯក​ ក្នុង​ខ្សែភាពយន្ត​ជាច្រើន​រឿង​ស្របគ្នា​ហើយ​នោះ តារា​សម្តែង​វ័យ​ជាង​២០​ឆ្នាំ​រូបនេះ​ ក៏មាន​ភាព​មមាញឹក​ណាស់​ដែរ​ក្នុង​ការដើរ​ម៉ូដ នឹង​កំពុង​ថត​រឿង​ភាគ​ព្រមទាំង​ ការថត​ផ្សាយពាណិជ្ជកម្ម​នានា​ថែម​ទៀត​ផង ​ខណៈ​ដែល​រឿង «​ក្រមុំ​ស្រស់​កំលោះ​ចោម​» ដែល​មាន​នាង​ជា​តួឯក និង​កំពុងតែ​ដាក់​បញ្ចាំង​ នៅ​លើ​កញ្ចក់​ស្ថានីយទូរទស្សន៍​បាយ័ន​ ក្នុងពេល​បច្ចុប្បន្ន​នេះ​ ក៏​ទទួល​បាន​ការ​គាំទ្រ​ ពី​សំណាក់​ទស្សនិកជន​ផង​ដែរ​។

ដោយសារ​ភាពលេច​ធ្លោ​ទាំង​នេះហើយ ​ទើប​កញ្ញា​លីដា​ត្រូវ​បាន​ផលិតកម្ម​ ក៏ដូចជា​ក្រុមហ៊ុន​ជាច្រើន​ពេញចិត្ត​ ក្នុងការ​សហការ​ជាមួយ​នាង ចំពោះ​ចំណុច​នេះ​នាង​បាន​បញ្ជាក់ថា “​តាមពិតទៅ​ដើម្បី​អាច​ក្លាយជា​តារា​ដ៏​ល្អ​ម្នាក់​បាន ​យើង​ត្រូវតែ​ខិតខំ​បង្វឹក​សមត្ថភាព​របស់​ខ្លួន ស្វែងរក​នូវ​អ្វី​ថ្មីៗ ក្រៅពីនេះ​យើង​ត្រូវតែ​ជាម​នុស្ស​ដែល​មាន​ការទទួលខុសត្រូវ​ខ្ពស់​ ជាពិសេស​ទាមទារ​ឲ្យ​មាន​ការគោរព​ពេលវេលា និង​មិន​ឆ្មើងឆ្មៃ​ជាមួយ​ទស្សនិកជន​នោះ​ទេ​”​។

ក្រៅពី​អាជីព​ក្នុង​សិល្បៈ ពៅ លីដា ក៏​ជា​ម្ចាស់​ហាង​សាឡ​ន​មួយកន្លែង​ដែល​មាន​ឈ្មោះថា «​ពៅ លីដា សាឡ​ន​» ផងដែរ​។ ក្រៅពីនេះ​ នាង​ក៏មាន​ឈ្មោះថា​ជាតា​រា​ស្រគត់ស្រគុំ​ម្នាក់​ តាមរយៈ​សកម្មភាព​សម្តែង​របស់ខ្លួន និង​មិន​ធ្លាប់​បង្ហាញខ្លួន​ ក្នុង​ឈុត​ស៊ី​ច​ស៊ី​ណាមួយ​ឡើយ​ បើទោះបីជា​នាង​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​បានយូរ​ឆ្នាំ​ដែរ​ហើយ​ក្តី​។​

ពៅ លីដា តារា​ស្រគត់ស្រគំ ​ប្រមូលផ្ដុំ​បាន​ភាព​ជោគជ័យ ​លើ​វិថី​សិល្បៈ

សូម​បញ្ជាក់​ថា ចាប់​តាំងពី​នាង​បាន​ប្រឡូក​ចូល​សិល្បៈ ​តាំងពី​ឆ្នាំ​២០០៧​រហូតមកដល់​បច្ចុប្បន្ន ​នាង​ទទួល​បាន​បទពិសោធន៍​នៅ​ក្នុង​ការ​សម្តែង​ភាពយន្ត ​បាន​ជាង​២០​រឿង ទទួល​បាន​ការថត​ផ្សាយ​ពាណិជ្ជកម្ម ​រួម​ទាំង​ការ​ចេញទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​ផង​ដែរ​។ អ្វីដែល​គេ​នៅចាំ​មិន​ភ្លេច​នោះ​គឺ​ ខ្សែភាពយន្ត​រឿង​ “​រលក​សំឡេង​” គឺជា​រឿង​មួយ​ដែល​បាន ​នាំមក​នូវ​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​សម្រាប់​រូប​នាង​ និង​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​បាន​ស្គាល់ ​ក៏ដូចជា​គាំទ្រ​ចំពោះ​ទេពកោសល្យ​ ក្នុង​ការ​សម្ដែង​របស់​នា​ង​ជា​បន្តបន្ទាប់​។

ពៅ លីដា តារា​ស្រគត់ស្រគំ ​ប្រមូលផ្ដុំ​បាន​ភាព​ជោគជ័យ ​លើ​វិថី​សិល្បៈ

​រំលឹក​ទៅដល់​រឿងនេះ​លីដា​បាន​លើក​ឡើង​ថា “​ជា​ការ​ពិត​ណាស់​រឿង​នេះ​ហើយ​ ដែល​បានធ្វើ​ឲ្យ​ខ្ញុំ​ចាប់ផ្តើម​មាន​ទីផ្សារ​ក្នុង​វិស័យ​ភាពយន្ត​ ហើយ​មាន​ទស្សនិកជន​ស្គាល់​ ចាប់​ពីពេល​នោះ​មក សម្រាប់​រូបខ្ញុំៗ​មានការ​ពេញចិត្ត​ ចំពោះ​សាច់រឿង​នោះ ហើយក៏​ពេញចិត្ត​ចំពោះ​ការសម្តែង​របស់​ខ្លួន​ដែរ ​បើ​ទោះបីជា​វា​ជា​ការ​សម្តែង​ថ្មីថ្មោង​ និង​មាន​កំហុស​ច្រើន​ក៏ដោយ​។ ខ្ញុំ​យល់ថា ដោយសារតែ​ការ​គាំទ្រ ​របស់​ពុក​ម៉ែ​បងប្អូន​នេះហើយ ​ដែល​បានផ្តល់​ឲ្យ​ខ្ញុំ​នូវ​ភាពរឹងមាំ​ ក្នុង​អាជីព​ដូច​សព្វថ្ងៃនេះ​។ ខ្ញុំ​ជឿជាក់ថា​ដរាបណា​មានការ​គាំទ្រ​ នោះ​វិស័យ​ភាពយន្ត​ខ្មែរ ​នឹង​ទទួលបាន​ការរីកចម្រើន​កាន់តែខ្លាំង​។​ នាង​ខ្ញុំ​ក៏​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ ​សម្រាប់​ការគាំទ្រ​របស់​ពុក​ម៉ែ​បងប្អូន និង​សូម​អភ័យទោស​នូវ​រាល់​កំហុស​ឆ្គង​ ដែល​កើតមានឡើង​នាពេល​កន្លងមក​ នាង​ខ្ញុំ​ប្ដេជ្ញា​ថា​ នឹង​ខិតខំ​បន្ថែម​ទៀត ​ដើម្បី​នាំ​យក​នូវ​ភាព​រីករាយ​ដល់​ប្រិយមិត្ត​គ្រប់គ្នា​!”​៕