ស្រា​បៀរ​កម្ពុជា ​ទទួល​ការ​គាំទ្រ​លើស​ពី​ការ​រំពឹង​ទុក ​ក្នុង​ពិព័រណ៍​ស្រា​បៀរ​អន្តរជាតិ​ ​

ស្រា​បៀរ​កម្ពុជា ​ទទួល​ការ​គាំទ្រ​លើស​ពី​ការ​រំពឹង​ទុក ​ក្នុង​ពិព័រណ៍​ស្រា​បៀរ​អន្តរជាតិ​ ​



ភ្នំពេញ ៖ ស្រា​បៀរ​កម្ពុជា បាន​បង្ហាញ​ខ្លួន​លើក​ទី​១​ ក្នុង​ការ​តាំងពិព័រណ៍​ស្រា និង​ស្រា​បៀរ​អន្តរជាតិ Interwine ដ៏​ធំ​ជាង​គេ​បង្អស់​នៅ​ប្រទេស​ចិន ពី​ថ្ងៃ​ទី​២០ ដល់ទី​២២ ខែឧសភា ឆ្នាំ​២០១៦​។

ការ​តាំង​ពិព័រណ៍​នេះ​ បាន​ចូលរួម​ដោយ​ក្រុមហ៊ុនស្រា និង​ស្រា​បៀរ​អន្តរជាតិ​ល្បីៗ​ចំនួន​២,០០០​ក្រុម​ហ៊ុន មកពី​៧២​ប្រទេស ដែល​បាន​នាំចូល​ស្រា និង​ស្រា​បៀរ ទៅកាន់​ប្រទេស​ចិន​។

ការ​តាំង​ពិព័រណ៍​អន្តរជាតិ​នេះ បាន​ទាក់ទាញ​អ្នក​លក់​ដុំ អ្នក​លក់រាយ ម្ចាស់​ភោជនីយដ្ឋាន ម្ចាស់​រង្គ​សាល និង​សាធារណជន​ប្រមាណ ៥០,០០០​នាក់​។ ការ​តាំងពិព័រណ៍​ស្រា និង​ស្រា​បៀរ​អន្តរជាតិ Interwine ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៥ នៅ​ទីក្រុង​ក្វាង​ចូ​វ ខេត្ត​ក្វាង​ទុង ប្រទេស​ចិន ហើយ​ពិព័រណ៍​អន្តរជាតិ ​Interwine ត្រូវ​បាន​រៀបចំឡើង​តែ​២​ដង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ គឺ​នៅ​ខែឧសភា និង​ខែវិច្ឆិកា​។​

លោក​បណ្ឌិត​ អ៊ឹម សុធា​រិ​ទ្ធ នាយក​ផ្នែក​ទំនាក់ទំនង​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី លីមីត​ធី​ត ដែល​បាន​ចូលរួម​ក្នុង​ការ​តាំងពិព័រណ៍​នេះ​បាន​ថ្លែង​ថា «​ស្រា​បៀរ​កម្ពុជា​ បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ចូលរួម​ការ​តាំង​ពិព័រណ៍ ដែល​សូម្បីតែ​អ្នក​រៀបចំ​ពិព័រណ៍​ក៏​មាន​ការ​ភ្ញាក់ផ្អើល​ដែរ ដោយសារ​ស្រា​បៀរ​កម្ពុជា ​មកពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ប៉ុន្តែ​មាន​រសជាតិ​ថ្នាក់​អន្តរជាតិ​»​។​

លោកស្រី ចិន មែន​ឌី អ្នក​រៀបចំ​ពិព័រណ៍​បាន​ឲ្យ​ដឹង​ថា «​ខ្ញុំ​មាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ដែល​ប្រទេស​ក​ម្ពុជា ជា​ប្រទេស​តូច​ហើយ​នៅ​ឆ្ងាយ មាន​ស្រា​បៀរ​មក​តាំង​ក្នុង​ពិព័រណ៍​នេះ ហើយ​ទទួល​ការ​គាំទ្រ​ខ្លាំ​ង​ពី​អ្នកចូលរួម​យ៉ាងនេះ​។ កត្តា​ពិសេស​មួយទៀត​នោះ​គឺ​ ស្រា​បៀរ​កម្ពុជា​ មាន​រសជាតិ​ឆ្ងាញ់ ដែល​ធ្វើ​ឲ្យ​អ្នកចូលរួម​ក្នុង​ពិព័រណ៍​គាំទ្រ​គ្រប់គ្នា​។ ខ្ញុំ​សង្ឃឹមថា ស្រា​បៀរ​កម្ពុជា​នឹង​ចូល​រួម​ក្នុង​ពិព័រណ៍​លើក​ក្រោយៗ​ទៀត ហើយ​ខ្ញុំ​ជឿ​ជាក់​ថា ស្រា​បៀរ​កម្ពុជា​នឹង​ទទួល​ការ​គាំទ្រ​ខ្លាំង​នៅ​ប្រទេស​ចិន​»​។ ស្រា​បៀរ​កម្ពុជា ​តែង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ ដែល​ស្រា​បៀរ​នាំ​ចេញទៅ​។ ក្រៅពី​ប្រទេស​ចិន ស្រា​បៀរ​កម្ពុជា​ក៏បាន​នាំ​ចេញទៅ​ប្រទេស​ ម៉ាឡេស៊ី ជប៉ុន កូរ៉េ​ខាង​ត្បូង និង​បារាំង​ផង​ដែរ ហើយ​ក្រុមហ៊ុន​នឹង​បន្ត​នាំចេញ​ស្រា​បៀរ​ទៅកាន់​ប្រទេស​ជាច្រើន​ទៀត​នៅ​លើ​ពិភពលោក​ដូចជា​ សហរដ្ឋអាមេរិក និង​អូស្ត្រាលី​ជាដើម​។

ស្រា​បៀរ​កម្ពុជា​ ធ្លាប់​ទទួល​បាន​មេដាយ​អន្តរជាតិ​ជាច្រើន ហើយ​រោងចក្រ​ស្រា​បៀរ​កម្ពុជា​ក៏​ទទួល​បាន​វិញ្ញាបនបត្រ​ISO​ខាង​ផ្នែក​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព និង​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​ផង​ដែរ​៕​

ស្រា​បៀរ​កម្ពុជា ​ទទួល​ការ​គាំទ្រ​លើស​ពី​ការ​រំពឹង​ទុក ​ក្នុង​ពិព័រណ៍​ស្រា​បៀរ​អន្តរជាតិ​ ​