មេធាវី​CNRP ប្រាប់​ព្រះរាជអាជ្ញា​ពី​ហេតុផល​៣​ចំណុច​ដែល​ឯកឧត្តម កឹម សុខា មិន​ចូល​បំភ្លឺ​ និពន្ធដោយ : រំដួល ចិត្រា       25-05-2016, 5:36 pm         594

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377មេធាវី​CNRP ប្រាប់​ព្រះរាជអាជ្ញា​ពី​ហេតុផល​៣​ចំណុច​ដែល​ឯកឧត្តម កឹម សុខា មិន​ចូល​បំភ្លឺ​​ភ្នំពេញ​:  មេធាវី​ការពារ​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ដាក់​លិខិត​ជា​ផ្លូវ​ការជូន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្រាប់​ពី​មូលហេតុ​ចំនួន​៣ ដែល​ឯកឧត្តម កឹម សុខា មិន​ព្រម​ចូល​បំភ្លឺ​តាម​ដីការ​កោះហៅ​របស់​តុលាការ ។ តុលាការ​បានចេញ​ដីការ​កោះហៅ ឯកឧត្តម កឹម សុខា ឲ្យ​ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅ​ថ្ងៃទី​២៦ ឧសភា ក្នុងនាម​ជា​សាក្សី ពីបទ​សញ្ចរ​កម្ម ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ ។​

​លិខិត​ចុះ​ថ្ងៃទី​២៥ ឧសភា​នេះ មេធាវី​ការពារ​ឯកឧត្តម កឹម សុខា ចំនួន​៥​រូប បានបញ្ជាក់​ប្រាប់​មូលហេតុ​ចំនួន​៣ ចំណុច ដែល​ប្រធានស្តីទី​រូបនេះ​មិនអាច​ចូល​បំភ្លឺ​បាន​នោះ ក្រោម​ហេតុផល​ថា ទី​១.​ឯកឧត្តម កឹម សុខា កំពុង​ជាប់រវល់​ក្នុងការ​បំពេញ​តួនាទី និង​ភារកិច្ច ក្នុង​អាណត្តិ​របស់ខ្លួន​ជា​អ្នកតំណាងរាស្ត្រ ដែលមាន​អភ័យឯកសិទ្ធិសភា ស្របតាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ទី​២.​មុខងារ​របស់​ព្រះរាជអាជ្ញា​ជាសំខាន់​ក្នុង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​គឺ​ធ្វើការ​ចោទប្រកាន់​ឬ​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​។  តាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ មុខងារ​របស់​ព្រះរាជអាជ្ញា​មិនត្រូវ​ឲ្យ​មានការ​ស៊ើបអង្កេត​ស៊ីជម្រៅ​នោះទេ​ហើយ​ព្រះរាជអាជ្ញា​ក៏​មិនត្រូវ​បានផ្តល់​សិទ្ធិអំណាច​ណាមួយ​ឲ្យ​បង្ខំ​សាក្សី​ឲ្យ​ចូល​បំភ្លឺ​ដោយ​ខានមិនបាន​នោះទេ​។  ព្រះរាជអាជ្ញា​ក៏​មិនបាន​ស្តាប់​ចម្លើយ​របស់​ជនសង្ស័យ ​ហើយក៏​ពុំទាន់​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ​នៅឡើយ​ដែរ ។

​ចំណែក​ហេតុផល ទី​៣.​ដំណាក់កាល​ស៊ើបអង្កេត​បឋម​នេះ​តំណាង​អយ្យការ​មិនមាន​សិទ្ធិអំណាច​ណាមួយ​ដែល​មានចែង​ក្នុង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ឲ្យ​ប្រើប្រាស់​កំលាំង​សាធារណៈ ដើម្បី​បង្ខំ​ឯកឧត្តម កឹម សុខា ឲ្យ​ចូល​បង្ហាញខ្លួន ឬ​នាំខ្លួន​បានទេ​។ ហើយ​បើ​មានការ​នាំខ្លួន​អ្នកតំណាងរាស្ត្រ​គឺ​ស្មើនឹង​ការចាប់ខ្លួន ឬ​ឃាត់ខ្លួន ដែលជា​ការរំលោភ​លើរ​ដ្ឋ​ធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យ៉ាងធ្ងន់ធ្ងរ​។​ ទាំងនេះជាការលើកឡើងរបស់មេធាវីការពារឯកឧត្តម កឹម សុខា។

​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ​ជា​លើក​ទី​២ ឲ្យ​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បង្ហាញខ្លួន នៅ​តុលាការ​ក្នុងនាម​ជា​សាក្សី ទាក់ទង​នឹង​ដំណើររឿង សញ្ចារកម្ម នៅ​ថ្ងែ​ទី​២៦ ឧសភា ក្រោយពី​ឯកឧត្តម កឹម សុខ បាន​បដិសេធមិន​បង្ហាញខ្លួន​តាម​កា​រ​កោះហៅ​របស់​តុលាការ កាលពីថ្ងៃទី​១១ ខែឧសភា​៕