សង្គម​ស៊ីវិល​រៀបចំ​វេទិកា​អប់រំ​ពលរដ្ឋ​ខេត្ត​កំពង់ចាម​ពី​របៀប​ចុះ​ឈ្មោះ​បោះឆ្នោត

ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំងព្រះ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម នាំ​គ្នា​ស្វែង​យល់​ពី​របៀប​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ដែល​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា។ វេទិកា​នេះ​មាន​គោល​បំណង​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ ពិសេស​យុវជន ឲ្យ​បាន​យល់​ដឹង និង​យក​ចិត្ត​ទុក​ដាក់​ជុំវិញ​បញ្ហា​ចុះ​ឈ្មោះ​បោះឆ្នោត និង​ការ​បោះឆ្នោត ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ខាង​មុខ។

វេទិកា​សាធារណៈ​ក្រោម​ប្រធានបទ "ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​បោះឆ្នោត​ប្រកប​ដោយ​ប្រជាធិបតេយ្យ" ត្រូវ​បាន​រៀបចំ​ឡើង​នៅ​សាលា​ឃុំ​ត្រពាំងព្រះ ស្រុក​ព្រៃឈរ។ វេទិកា​នេះ ដើម្បី​ណែនាំ​យុវជន​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ចូលរួម​បោះឆ្នោត ពិសេស​ការ​បំពេញ​បែបបទ​ក្នុង​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ខែ​កញ្ញា។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP) លោក យង់ គិមអេង មាន​ប្រសាសន៍​ថា មូលហេតុ​ជ្រើសរើស​ឃុំ​ត្រពាំងព្រះ ដើម្បី​រៀបចំ​វេទិកា​ជួប​ជុំ​យុវជន និង​ប្រជាពលរដ្ឋ ពីព្រោះ​ឃុំ​នេះ​ជា​ឃុំ​ធំ​ជាង​គេ​ដែល​មាន ២៤​ភូមិ ហើយ​ងាយ​ស្រួល​ដល់​យុវជន​នៅ​ក្នុង​ស្រុក​ព្រៃឈរ និង​យុវជន​មក​ពី​ទី​រួម​ខេត្ត ចូលរួម​ស្វែង​យល់​ផង។ លោក​បន្ត​ថា ការ​ចូលរួម​របស់​យុវជន គឺ​ជា​រឿង​សំខាន់ ពីព្រោះ​បច្ចុប្បន្ន សន្ទុះ​យុវជន​នៅ​ក្នុង​កិច្ចការ​សង្គម គឺ​មាន​កាន់​តែ​ខ្លាំង ពិសេស​ដើម្បី​ជំរុញ​ឲ្យ​ពួក​គាត់ នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី៖ «អ៊ីចឹង​ប្រសិន​បើ​យុវជន​បាន​ចុះ​ឈ្មោះ​កាន់​តែ​ច្រើន នឹង​ធ្វើ​ឲ្យ​យុវជន​ហ្នឹង​កាន់​តែ​មាន​ឱកាស​ការ​ទាក់ទាញ​ពី​អ្នក​នយោបាយ»

វេទិកា​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ៦០​នាក់ ភាគ​ច្រើន​ជា​យុវជន​នាំ​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ការ​ណែនាំ​របស់​វាគ្មិន ដោយ​ផ្ដោត​ទៅ​លើ​សារសំខាន់​នៃ​ការ​ចូលរួម​របស់​ពួក​គាត់​ផ្ទាល់ ពិសេស​លក្ខខណ្ឌ​ដែល​ពួក​គេ​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន។ វាគ្មិន​ចូលរួម​វេទិកា មាន​មន្ត្រី​មក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ជាដើម។

យុវតី​មក​ពី​ខេត្ត​កំពង់ចាម និង​ជា​និស្សិត​ឆ្នាំ​ទី​១ នៃ​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច កញ្ញា សាន សុគន្ធារី ឲ្យ​ដឹង​ថា ការ​ចូលរួម​មួយ​ព្រឹក គឺ​មាន​សារសំខាន់​ណាស់ ដើម្បី​ស្វែង​យល់​ពី​របៀប​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​ថ្មី ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ឆាប់ៗ។ កញ្ញា​ថា ចំណេះ​ដឹង​ទាំងឡាយ​ដែល​ទទួល​បាន កញ្ញា​នឹង​យក​ទៅ​ផ្សព្វផ្សាយ ឬ​ជំរុញ​ឲ្យ​យុវជន​ផ្សេង​ទៀត នាំ​គ្នា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​នេះ៖ «ក្នុង​នាម​យើង​ជា​យុវជន និង​ប្រជាពលរដ្ឋ យើង​អាច​មាន​សិទ្ធិ​ជ្រើសរើស​តំណាង​រាស្ត្រ​ដែល​ខ្លួន​ឯង​ស្រឡាញ់»

ជាមួយ​គ្នា​នេះ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ត្រពាំងព្រះ លោក យុន សារុន មាន​ប្រសាសន៍​ថា ដោយសារ​ការ​ចូលរួម​របស់​យុវជន និង​ពលរដ្ឋ​ក្នុង​រឿង​បោះឆ្នោត​មាន​សារសំខាន់ អាជ្ញាធរ​នឹង​ផ្សព្វផ្សាយ​ប្រាប់​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត​នៅ​ក្នុង​ឃុំ​ទាំងអស់ ឲ្យ​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​កុំ​បី​ខាន៖ «ហើយ​សង្ឃឹម​ថា​បង​ប្អូន​យុវជន ប្រជាពលរដ្ឋ នឹង​សហការ​ជាមួយ​ឃុំ និង​ផ្សព្វផ្សាយ​បន្ត»

បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត គឺ​ត្រូវ​រៀបចំ​ថ្មី​តែ​ម្តង ពីព្រោះ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឡើង​វិញ​នេះ ទាមទារ​ឲ្យ​មាន​ស្នាម​ម្រាម​ដៃ ព្រម​ទាំង​រូបថត​ផង។ តាម​គម្រោង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី គឺ​ធ្វើ​ឡើង​ចាប់​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦ និង​បញ្ចប់​នៅ​ខែ​មករា ឆ្នាំ​២០១៧ ហើយ​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង គឺ​មាន​ចំនួន​ជាង ៩​លាន​នាក់ (.៦០០.០០០​នាក់)

ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហ៊ឺ រ៉ុង មាន​ប្រសាសន៍​ថា នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី គឺ​មាន​ភាព​ស្មុគស្មាញ ទើប​តម្រូវ​ឲ្យ​ពលរដ្ឋ​ធ្លាប់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​រួច​ហើយ​ក្តី ត្រូវ​នាំ​គ្នា​មក​ចុះ​ឈ្មោះ​ឡើង​វិញ។ លោក​បន្ត​ថា គ..ប បាន​រៀបចំ​ក្រុម​អ្នក​ចុះ​ឈ្មោះ​ជិត ២​ពាន់​ក្រុម (.៦៣៣​ក្រុម) ហើយ​ត្រូវ​ការ​ប្រើប្រាស់​កុំព្យូទ័រ​ជាង ២​ពាន់​គ្រឿង (.២៣៥​គ្រឿង) និង​មាន​មន្ត្រី​ប្រមាណ ៥​ពាន់​នាក់ ដើម្បី​ចូលរួម​ក្នុង​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ៖ «ក្នុង​ការ​ចុះ​ឈ្មោះ​នេះ យើង​ទាមទារ​ឲ្យ​យុវជន​ទាំងអស់​ក្លាហាន​ឡើង ដើម្បី​ចុះ​ឈ្មោះ និង​មួយ​ទៀត ដើម្បី​ដាក់​ពាក្យ​ជា​ក្រុម​មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត»

លោក​បន្ថែម​ទៀត​ថា ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត​បាន ពលរដ្ឋ​គ្រប់​រូប​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ និង​មាន​អាយុ ១៨​ឆ្នាំ គិត​ដល់​ថ្ងៃ​បោះឆ្នោត។ បន្ថែម​ពី​នេះ ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ដែល​ចេញ​ដោយ​អាជ្ញាធរ​ឃុំ ឬ​សង្កាត់។ ចំណែក​ជន​វិកលចរិត និង​ពិរុទ្ធជន ឬ​ជន​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជាប់​ពន្ធនាគារ គឺ​ពួក​គេ​មិន​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ឡើយ។

លោក យង់ គិមអេង បញ្ជាក់​ថា យុទ្ធនាការ​ផ្សព្វផ្សាយ​ដល់​យុវជន​អំពី​សកម្មភាព​ចូលរួម​ការ​បោះឆ្នោត​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​តាម​បណ្ដា​ខេត្ត​ជាច្រើន​ផ្សេង​ទៀត រួម​មាន​ខេត្ត​សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ត្បូងឃ្មុំ និង​ខេត្ត​ព្រៃវែង ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។