រថយន្ត​ធុន​ធំ​មួយ​គ្រឿង បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ

រាជធានី​ភ្នំពេញ ៖ នា​វេលា​ម៉ោង​៧​និង​០០​នាទី ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចុងស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក មាន​រថយន្ដ​មួយ​គ្រឿង​បុកបង្កាន់ ដៃស្ពាន ហើយ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បាក់​អស់​មួយ​ដើម​ទៀត ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កូរ៉េ​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង បើកបរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ រថយន្ត​ចុះ​ពីលើ​ស្ពាន មិន​បាន​បន្ថយល្បឿន ហើយ​តៃកុង​ជាន់​ហ្វ្រាំង​មិន​ជាប់​ក៏​រេ​ចង្កូត​ទៅ​បុក​បង្កាន់ដៃស្ពាន តែ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​១​ដើម បណ្ដាល​ឲ្យ​បាក់​ទើប​រថយន្ត​អស់​ល្បឿន​ទៅ​មុខ​លែង​រួច ។

តាម​សាក្សី​បញ្ជាក់​បន្ថែម​ថា នៅ​ក្នុង​រថយន្ត​មាន​មនុស្ស​ជិះ​ប្រហែល​៣​ទៅ​៤​នាក់ ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​ក៏​បាន​នាំ​គ្នា​ចុះ​រត់គេច​ខ្លួន​បាត់​តែ​ម្ដង ។ ចំណែក​រថយន្ត​ត្រូវ​សមត្ថកិច្ច ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ជើង​គោក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ជា​ក្រោយ ៕