មេធាវី​របស់លោក នី ចរិយា ជំរុញ​ឲ្យ​តុលាការ​ប្រញាប់​បញ្ជូន​ពាក្យបណ្តឹង​ទៅ​សាលាឧទ្ធរណ៍​ និពន្ធដោយ : ម៉ៅ សុផា       25-05-2016, 7:59 pm         156

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377មេធាវី​របស់លោក នី ចរិយា ជំរុញ​ឲ្យ​តុលាការ​ប្រញាប់​បញ្ជូន​ពាក្យបណ្តឹង​ទៅ​សាលាឧទ្ធរណ៍​​ភ្នំពេញ​៖ លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​របស់លោក នី ចរិយា នឹង​ជួប​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែឧសភា ដើម្បី​តាមដាន​ពាក្យបណ្តឹង​ឧទ្ធរណ៍​រប​ស់លោក​។ ដោយ​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​សាលាដំបូង​ដែល​មិន​អនុញ្ញាត​ឲ្យ​កូនក្តី​ខ្លួន​នៅក្រៅ​ឃុំ លោក​មេធាវី​រូបនេះ​បានដាក់​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍ តាមរយៈ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​កាលពី​ថ្ងៃទី​១១ ឧសភា​កន្លងទៅ លោក សំ សុ​គង់ មេធាវី​របស់លោក នី ចរិយា អគ្គលេខាធិការរងរ​ប​ស់គ​.​ជ​.​ប បានដាក់​ពាក្យ​បណ្តឹងឧទ្ធរណ៍ ប្រឆាំង​សេចក្តីសម្រេច​របស់​តុលាការ​ជាន់​ទាប ដែល​មិន​យល់ព្រម​ឲ្យ​កូនក្តី​របស់ខ្លួន បាន​នៅក្រៅ​ឃុំ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សំ សុ​គង់ អះអាងថា រហូតមកដល់​ពេលនេះ លោក​មិនទាន់​ទទួលបាន​ដំណឹង​ពី​តុលាការ​ឡើយ ជុំវិញ​ពាក្យបណ្តឹង​របស់លោក​។ ដូច្នេះ នៅ​ថ្ងៃទី​២៦ ឧសភា មេធាវី​រូបនេះ សម្រេច​ទៅ​ជួប​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​តាមដាន​ដំណើរការ​នៃ​ពាក្យបណ្តឹង​ឧទ្ធរណ៍​នោះ​។​

​មេធាវី​របស់លោក នី ចរិយា បានបញ្ជាក់​បែបនេះ​ថា​៖ «​ថ្ងៃស្អែក ខ្ញុំ​នឹង​ទៅ​ជួប​ចៅ​ក្រោម​ស៊ើបសួរ ដើម្បី​តាមដាន​សំណុំរឿង​កូនក្តី​របស់ខ្ញុំ​។ [….] ហើយ​ខ្ញុំ​នឹង​ជំរុញ ឲ្យ​តុលាការ​ប​ញ្ចូ​ន​ពាក្យបណ្តឹង​របស់ខ្ញុំ​ទៅ​សាលាឧទ្ធរណ៍​ឲ្យ​បាន​លឿន​»​។

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២ ឧសភា លោក នី ចរិយា អគ្គលេខាធិការរងរ​ប​ស់គ​.​ជ​.​ប ត្រូវបាន​តុលាការ សម្រេច​បញ្ជូន​ខ្លួន​ទៅកាន់​ពន្ធនាគារ​ភ្នំពេញ (PJ) ក្រោម​បទ​ចោទ «​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​» ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​រវាង កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ និង​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ ក្រោយពី​លោក នី ចរិយា ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​ពន្ធនាគារ លោក សំ សុ​គង់ ក៏បាន​ស្នើ​ឲ្យ​តុលាការ អនុញ្ញាត​ឲ្យ​កូនក្តី​របស់ខ្លួន បាន​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​។ ប៉ុន្តែ​សំណើ​របស់​មេធាវី​រូបនេះ ត្រូវបាន​តុលាការ​ទាត់ចោល​៕