Haibatullah Akhunzada ក្លាយជា​មេដឹកនាំ​ថ្មី​របស់​ក្រុម​តា​លី​បង់​អា​ហ្វ​ហ្គា​នី​ស្ថាន​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       25-05-2016, 8:19 pm         102

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377Haibatullah Akhunzada ក្លាយជា​មេដឹកនាំ​ថ្មី​របស់​ក្រុម​តា​លី​បង់​អា​ហ្វ​ហ្គា​នី​ស្ថាន​​ក្រុម​សកម្ម​ជនតា​លី​បង់​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បានជ្រើសរើស​មេដឹកនាំ​ថ្មី​របស់ខ្លួន​រួចរាល់​ហើយ ដើម្បី​ជំនួស​លោក Mullah Mansoor ដែល​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​ដែន​អាកាស​របស់​អាមេរិក​ក្នុង​ទឹកដី​ប៉ា​គី​ស្ថាន​។ លោក Haibatullah Akhunzada នឹង​ក្លាយជា​មេដឹកនាំ​ថ្មី​នៃ​ក្រុម​នេះ និង​អមដោយ​អនុប្រធាន​ពីរ​នាក់​ផ្សេងទៀត​ផងដែរ​។

​ទន្ទឹមនឹង​បញ្ជាក់​ពី​មរណភាព​លោក Mullah Mansoor អ្នកនាំពាក្យ​ក្រុម​តា​លី​បង់​បានប្រកាសថា ក្រុម​របស់ខ្លួន​បានជ្រើសរើស​មេដឹកនាំ​ថ្មី​រួចហើយ គឺ Haibatullah Akhunzada ដែល​នឹងត្រូវ​ដឹកនាំ​បន្ត​ពី Mansoor​។ ក្រុម​នេះ​ក៏​ប្រកាស​តែងតាំង​អនុប្រធាន​ពីរ​នាក់​ទៀត ដើម្បី​ជួយ​ការងារ Haibatullah Akhunzada​។

​ទូរទស្សន៍​Al Jazeera ផ្សាយ​ថា តាមពិតទៅ បុគ្គល Haibatullah Akhunzada មិនមែនជា​មនុស្ស​ថ្មី​នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ​របស់​ក្រុម​តា​លី​បង់​នៅក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះទេ​។ នេះ​ក៏ដោយ​សារ Akhunzada គឺជា​អនុប្រធាន​ទី​ពីរ នៅពេលដែល​លោក Mansoor នៅមាន​ជីវិត​នៅឡើយ​។ ព្រម​គ្នា​នេះដែរ អនុប្រធាន​ថ្មី​ពីរ​នាក់​ដែល​ត្រូវ​តែង​តាំងនៅ​ថ្ងៃទី​២៤ ខែឧសភា ផងដែរ​មានឈ្មោះ Sirajuddin Haqqani និង Mullah Yaqub​។​

​មេដឹកនាំ​ថ្មី​តា​លី​បង់ Haibatullah Akhunzada ត្រូវបាន​គេ​ពណ៌នា​ថា ជា​មនុស្ស​គួរ​ឲ្យ​គោរព និង​មាន​អាយុ​ចាស់​ជាង Mansoor ទៅទៀត ដែល​ពេលខ្លះ Mansoor ហៅ​រូបគេ​ជា​គ្រូ​ទៀតផង​។ ប្រភពព័ត៌មាន​ដដែល​ផ្សាយ​ថា Akhunzada ជា​អ្នក​ប្រយុទ្ធ​មកពី​ខេត្ត​Kandahar ក្នុង​កុលសម្ព័ន្ធ Noorzai ដែលជា​កុលសម្ព័ន្ធ​ខ្លាំងជាងគេ​នៃ​ក្រុម​តា​លី​បង់​។ គេ​ជឿថា បុគ្គល​នេះ​នឹង​ជួយ​បង្រួបបង្រួម​តា​លី​បង់​ឡើងវិញ​ជាមិនខាន ព្រោះ​រូបគេ​មកពី​កុលសម្ព័ន្ធ​ខ្លាំងជាងគេ​។  

​ការប្រកាស​ពី​ព័ត៌មាន​មេដឹកនាំ​ថ្មី​នៃ​ក្រុម​តា​លី​បង់​អា​ហ្វ​ហ្គា​នី​ស្ថាន ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បញ្ជាក់​ពី​មរណភាព​របស់ Mansoor ដោយសារ​ការវាយប្រហា​រ​យន្តហោះ​ដ្រូ​ន​នៅក្នុង​ខេត្ត Balochistan ប្រទេស​ប៉ា​គី​ស្ថាន​។ ក្រៅពី​លោក អូ​បា​ម៉ា ប្រមុខ​ប្រតិបត្តិ​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក Abdullah Abdullah និង​ផ្នែក​ចារកម្ម​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​សុទ្ធតែ​បញ្ជាក់ថា Mansoor ពិតជា​ស្លាប់​មែន​។​

​សូម​រម្លឹក​ដែរ​ថា Mullah Mansoor ត្រូវ​ជ្រើសរើស​ជា​មេដឹកនាំ​ក្រុម​ជ្រុលនិយម​តា​លី​បង់ កាលពី​រដូវក្ដៅ​ឆ្នាំមុន ដើម្បី​ស្នង​តំណែង​លោក Mullah Omar ដែល​បាន​បាត់បង់​ជីវិត​កាលពី​ឆ្នាំ​២០១៣​។ នាពេល​បច្ចុប្បន្ន តា​លី​បង់​ជា​ក្រុមប្រឆាំង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​បាន​បង្អាក់​ផែនការ​ឈានទៅរក​សន្តិ​ភាព​នៃ​ប្រទេស​ខ្ទេចខ្ទាំ​មួយ​នេះ​។ 

​ក្រុម​តា​លី​បង់​បាន​ក្ដោប​យក​អំណាច​នៅក្នុង​ឆ្នាំ​១៩៩៦ នៅមុន​ពេល​ត្រូវ​ផ្ដួលរំលំ​ពី​អំណាច​ដោយ​កងកម្លាំង​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​ក្នុង​ឆ្នាំ​២០០១ បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​វាយប្រហារ​ភេរវកម្ម​នៅ​អាមេរិក​រួចមក​។ ១៥​ឆ្នាំក្រោយ​ការ​លុកលុយ​អា​ហ្វ​ហ្គា​នី​ស្ថាន កងទ័ព​សម្ព័ន្ធមិត្ត​ណា​តូ​-​អាមេរិក ចំនួន​១​ម៉ឺន​៣​សែន​នាក់ ដែល​ក្នុងនោះ​មាន​ទ័ព​អាមេរិក​ប្រហែល​៩​ពាន់​នាក់ បន្ត​ស្ថិតនៅ​ប្រទេស​នេះ​នៅឡើយ​៕