ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ រួម​ជាមួយ​វត្ថុ​តាង​ប្រើប្រាស់​គ្រឿងញៀន

ខេត្តបាត់ដំបង ៖ នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី ថ្ងៃ​ទី​២៥ ខែឧសភា​នេះ ស្ថិត​ក្នុងភូមិ​វត្ត​គ សង្កាត់​វត្ត​គ ក្រុង​បាត់ដំបង សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​៣​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ។ តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​លើក​ឡើង​ថា ដំបូង​ឡើយ​សមត្ថកិច្ច​មក​ធ្វើការ​អន្តរាគមន៍​គឺ​ក្នុង​ករណី​ហិង្សា​តែ​ប៉ុណ្ណោះ តែ​លុះដល់​តាមដាន​សាច់​រឿង​ទើប​បែកការ​ថា ក្រុម​នេះ​ជា​មុខសញ្ញា​អ្នក​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន ។

ភ្លាមៗនោះនគរបាល​ព្រហ្មទណ្ឌ​ផ្នែក​បង្កា និង​បង្ក្រាប​គ្រឿងញៀន បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ១.​ឈ្មោះ លួ​ម សា​វ័ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ២.​ឈ្មោះ រិ​ទ្ធ យូ​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទាំង​ពីរ​នាក់​នេះ​រស់នៅ​ភូមិ​សំរោង ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ និង​ទី​៣.​ឈ្មោះ ថេ​ត សុជាតា ហៅ​តា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ដែល​ជា​ម្ចាស់ផ្ទះ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ក្រោយ​ពី​ធ្វើការ​បង្ក្រាប សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស (​ម៉ា​ទឹកកក​)៥​កញ្ចប់​តូច កាំភ្លើង​ច្នៃ ឧបករណ៍​ឆក់​ត្រី ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន និង​សម្ភារ​ច្រើន​ទៀត ។ ទីបំផុត​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​៣ រួម​ទាំង​វត្ថុ​តាង ទៅ​កាន់​ស្នងការដ្ឋាន​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕