ទីទ័លក្រ គ្មាន​ប្រាក់​ទៅ​ពេទ្យ ទុក​កូនស្រី​ឲ្យ​ដេក​ឈឺ​ក្នុងផ្ទះ​ជាង​មួយឆ្នាំ

6 Videos


ដោយសារតែភាពក្រីក្របានធ្វើឲ្យគ្រួសារមួយសុខចិត្តទុកកូនស្រីពេញក្រមុំដែលមានជំងឺឲ្យនៅផ្ទះអស់រយៈពេលជាងមួយឆ្នាំមកហើយ ដោយពុំមានទទួលការព្យាបាលពីគ្រូពេទ្យឡើយ ។ គ្រួសារកម្សត់ទីទាល់ក្រមួយនេះ រស់នៅភូមិបាយទាកណ្ដាល ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។

អ្នកមីង ជិន ផៃ ត្រូវជាម្ដាយបង្កើតអ្នកជំងឺ បានឲ្យអ្នកសារពត៌មានដឹងថា កូនស្រីរបស់គាត់ កាលពីមិនទាន់ឈឺ គឺជាមនុស្សធម្មតា និងមានគ្រួសារដូចគេឯងទូទៅផងដែរ ។ ប៉ុន្តែចាប់ពីនាងធ្លាក់ខ្លួនឈឺ ដោយមិនដឹងមូលហេតុមក កូនស្រីរបស់គាត់មិននិយាយមិនស្ដីអ្វីទាំងអស់ សូម្បីតែពួកគាត់ជាឪពុកម្ដាយសួរក៏មិនចង់ឆ្លើយ ប៉ុន្តែពេលយកបាយទឹកឲ្យហូប អ្នកជំងឺហូបធម្មតា ។ កូនស្រីរបស់គាត់មានឈ្មោះ ម៉ន លៀង អាយុ ២៧ ឆ្នាំ បានរៀបការរួច និង មានកូនប្រុសម្នាក់អាយុជាងមួយខួបហើយ ប៉ុន្តែបច្ចុប្បន្នកូនប្រុសនោះត្រូវបានខាងប្ដីរបស់នាង ( បែកបាក់គ្នា ) យកទៅចិញ្ចឹម ហើយប្តីរបស់នាងក៏មិនបានមកមើលថែទាំដែរ ព្រោះជីវភាពខាងប្ដីនោះក៏ជាអ្នកទីទ័លក្រដូចគ្នាដែរ គេបានត្រឹមតែចិញ្ចឹមកូនប៉ុណ្ណោះ ។

ទីទ័លក្រ គ្មាន​ប្រាក់​ទៅ​ពេទ្យ ទុក​កូនស្រី​ឲ្យ​ដេក​ឈឺ​ក្នុងផ្ទះ​ជាង​មួយឆ្នាំ

អ្នកមីង ជិន ផៃ បានឲ្យដឹងទៀតថា ដោយគ្មានលុយយកកូនទៅព្យាបាលនៅមន្ទីរពេទ្យនោះ គាត់ក៏បានយកកូនស្រីគាត់ទៅឱ្យគ្រូខ្មែរមើលគ្រប់ទីកន្លែងអស់ហើយ ដោយគេថាមកពីខុសនេះខុសនោះ ហើយគាត់បានធ្វើតាមការចង្អុលបង្ហាញរបស់គ្រូខ្មែរទាំងនោះអស់ហើយដែរ សូម្បីតែធ្វើពិធីលៀងអារក្ខ បញ្ជាន់រូប ដើម្បីដេញខ្មោចព្រាយបិសាចកុំឲ្យកូនស្រីគាត់ឈឺទៀត ក៏គាត់បានធ្វើអស់ហើយដែរ ប៉ុន្តែអ្នកជំងឺនៅតែមិនបានធូរស្បើយដដែល ។

កន្លងមករូបគាត់មិនដែលបានបញ្ចូនកូនស្រីរបស់គាត់ទៅពិនិត្យជំងឺនៅមន្ទីរពេទ្យម្ដងណាឡើយ ព្រោះតែជីវភាពក្រពេក ដូច្នេះមិនហ៊ានយកកូនទៅ ព្រោះមិនដឹងថាត្រូវចំណាយលុយប៉ុន្មាន បើជីវភាពគាត់សព្វថ្ងៃក្របែបនេះ ដូច្នេះចេះតែទុកកូនពីមួយថ្ងៃទៅមួយថ្ងៃរហូតមកដល់ពេលនេះអស់រយៈពេលជាងមួយឆ្នាំទៅហើយ ។

ទីទ័លក្រ គ្មាន​ប្រាក់​ទៅ​ពេទ្យ ទុក​កូនស្រី​ឲ្យ​ដេក​ឈឺ​ក្នុងផ្ទះ​ជាង​មួយឆ្នាំ

អ្នកមីង ជិន ផៃ លើកដៃសំពះអង្វរចំពោះសប្បុរសជន ជាពិសេសសម្តចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយដល់កួនស្រីរបស់គាត់ផង បើមិនដូច្នោះទេ កូនរបស់គាត់ពិតជាស្លាប់ជាមិនខានឡើយ ៕

                                                                                                    សុថាត់